លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថាស.រ.អា. និងប្រទេសអ៊ីស្រាអែល (Israel) យល់ស្របគ្នាអំពីសេចក្តីត្រូវការក្នុងការធ្វើឲ្យប្រទេសអ៊ីរ៉ង់ (Iran) គ្មានអាវុធបរមាណូ ក៏ប៉ុន្តែមិនយល់ស្របគ្នាអំពីវិធីសាស្រ្តបែបណាដើម្បីឲ្យបានសម្រេចគោលដៅនោះទេ។
ការអត្ថាធិប្បាយទាំងនេះធ្វើទ្បើងកាលពីថ្ងៃច័ន្ទ គឺមួយថ្ងៃមុនពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល (Israel) រូបនេះមានផែនការថ្លែងសុន្ទរកថាមួយទៅកាន់សភាស.រ.អា.។ ការអញ្ជើញលោក Netanyahu ឲ្យទៅនិយាយឯសភាស.រ.អា. ជារឿងចម្រូងចម្រាស់មួយនៅក្នុងស.រ.អា. ពីព្រោះគ្មានការពិគ្រោះបែបនេះកើតឡើងទេតាមទម្លាប់ដែលធ្លាប់បានធ្វើជាមួយសេតវិមាន ហើយនេះក៏គូសបញ្ជាក់ថា ការទាក់ទងគ្នារវាងលោក Netanyahu និងលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា មានភាពរអាក់រអួល។
លោក Netanyahu និយាយថា ការខ្វែងគំនិតគ្នាជាមួយស.រ.អា.នេះ កើតចេញមកពីទស្សនៈប្លែកគ្នា ពីព្រោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ព្រួយបារម្ភអំពីសន្តិសុខចំណែកឯអ៊ីស្រាអែល (Israel) ត្រូវតែព្រួយបារម្ភអំពីការរស់រាន្តមានជីវិតរបស់ខ្លួន។
កាលពីថ្ងៃច័ន្ទ លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងណាមួយដែលស.រ.អា. ទទួលយកនឹងធ្វើឲ្យសហគមន៍អន្តរជាតិ«ជាពិសេសប្រទេសអ៊ីស្រាអែល» មានសុវត្ថិភាពជាងមុន។លោកស្រី Samantha Power ឯកអគ្គរដ្ឋទូតស.រ.អា. ប្រចាំអ.ស.ប.បានមានប្រសាសន៍ថា ភាពជាដៃគូរវាងស.រ.អា. និងប្រទេសអ៊ីស្រាអែល (Israel) «ឋិតនៅពីលើវិស័យនយោបាយ»ហើយនឹង«មានភាពបែបនេះជានិច្ច»។
នៅក្នុងសុន្ទរកថាមួយដែលលោកបានថ្លែងកាលពីថ្ងៃច័ន្ទទៅកាន់ក្រុមអ្នកនិយាយបញ្ចុះបញ្ចូលលម្អៀងទៅខាងអ៊ីស្រាអែលក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក Netanyahu បាននិយាយថា លោកអរគុណយ៉ាងជ្រាលជ្រៅដល់ការគាំទ្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដល់ប្រទេសអ៊ីស្រាអែល ហើយថាលោកមិនចង់បញ្ចូលប្រទេសអ៊ីស្រាអែលទៅក្នុងការជជែកដេញដោលគ្នាដោយប្រកាន់គណបក្សក្នុងស.រ.អា. ទេ។
លោក Netanyahu បាននិយាយថា លោកគោរពលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាហើយថា ទំនាក់ទំនងរវាងអ៊ីស្រាអែលនិងស.រ.អា. នៅតែខ្លាំងតទៅទៀត៕