ពីរថ្ងៃមុនការថ្លែងសុន្ទរកថាដ៏ចម្រូងចម្រាសមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយលោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោករដ្ឋមន្ត្រីការបរទេសស.រ.អា John Kerry បានប៉ុនប៉ងស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ នៅពេលមានការរង្កៀសចិត្តគ្នាខាងការទូត។
លោក Kerry បានមានប្រសាសន៍ប្រាប់កម្មវិធី «This Week» របស់បណ្តាញទូរទស្សន៍ស.រ.អា. ABC ថា «នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល ត្រូវស្វាគមន៍ដោយជាក់ស្តែងឲ្យមកថ្លែងសុន្ទរកថាក្នុងស.រ.អា. ហើយនៅពេលនេះយើងមានទំនាក់ទំនងជិតស្និទ្ធជាងមុនជាមួយប្រទេសអ៊ីស្រាអែល ជាពិសេសក្នុងវិស័យសន្តិសុខ ជាងពេលណាទាំងអស់ក្នុងប្រវត្តិសាស្ត្រ»។
នៅមុនពេលលោកចាកចេញដំណើរមកកាន់រដ្ឋធានី Washington កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថាលោកបំពេញ «បេសកកម្មជាប្រវត្តិសាស្ត្រ» មួយដើម្បីខិតខំបញ្ឈប់កិច្ចព្រមព្រៀងបរមាណូមួយជាមួយប្រទេសអ៊ីរ៉ង់។ គេរំពឹងថាលោកនឹងថ្លែងសុន្ទរកថាមួយទៅកាន់ពួកសមាជិកសភាស.រ.អា.ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃអង្គារ។
កាលពីពេលដើមឡើយក្នុងឆ្នាំនេះ លោក Netanyahu បានធ្វើឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានការភ្ញាក់ផ្អើល ដោយលោកបានប្រកាសអំពីទស្សនកិច្ចមួយតាមសេចក្តីអញ្ជើញរបស់លោក John Boehner ប្រធានសភាតំណាងរាស្ត្រអាមេរិកាំង ដោយមិនបានធ្វើតាមពិធីការជាប្រវត្តិសាស្ត្រនៃការសម្របសម្រួលជាមួយសេតវិមានអ្វីឡើយ៕