អ៊ីស្រាអែលនឹងធ្វើការសម្រេចដោយខ្លួនឯងថាតើត្រូវឆ្លើយតបដោយរបៀបណាចំពោះការវាយប្រហារដោយមីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់មកលើខ្លួនកាលពីចុងសប្តាហ៍កន្លងទៅនេះ។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃពុធ បើទោះបីជាបណ្ដាបស្ចិមប្រទេសបានអង្វរឱ្យមានការអត់ធ្មត់ដើម្បីបញ្ចៀសកុំឱ្យមានសង្គ្រាមរីករាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ាក៏ដោយ។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងក្រុមប្រទេស G-7 បានប្រកាសអំពីផែនការក្នុងការពិចារណាដាក់ទណ្ឌកម្មឱ្យបានតឹងរ៉ឹងលើអ៊ីរ៉ង់ ដែលជាវិធានការមួយដើម្បីគាំទ្រអ៊ីស្រាអែលនិងបញ្ចុះបញ្ចូលអ៊ីស្រាអែលឱ្យទន់ចិត្តកុំសងសឹកនឹងអ៊ីរ៉ង់។
លោកNetanyahu បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក David Cameron និងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់អ្នកស្រី Annalena Baerbock ដែលបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលនៅក្នុងផ្នែកមួយនៃការព្យាយាមរបស់ក្រុមបស្ចិមប្រទេសដើម្បីទប់កុំឱ្យការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់រីករាលដាលបន្ថែមទៀត បន្ថែមពីលើសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) នៅក្នុងតំបន់ហ្កាហ្សា (Gaza)។
ខុទ្ទកាល័យរបស់លោក Netanyahu បានបញ្ជាក់ថា លោកNetanyahu បានអរគុណលោក Cameron និងអ្នកស្រី Baerbock ចំពោះការគាំទ្ររបស់ពួកគេ ខណៈលោកប្រាប់ទៅពួកគេវិញថា៖ «ខ្ញុំចង់បញ្ជាក់ឱ្យបានច្បាស់លើរឿងនេះ។ យើងនឹងធ្វើការសម្រេចដោយខ្លួនឯង ហើយអ៊ីស្រាអែលនឹងធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ដែលចាំបាច់ដើម្បីការពារខ្លួន»៕
លោក Michael Lipin នៃ VOA និងប្រធានការិយាល័យ VOA ប្រចាំក្រសួងការបរទេសអាមេរិកអ្នកស្រី Nike Ching រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។