មនុស្សបួននាក់ទៀតត្រូវបានសង្គ្រោះពីក្រោមគំនរបាក់បែក ជាច្រើនថ្ងៃក្រោយពីការរញ្ជួយដីដ៏ប្រល័យនៅប្រទេសនេប៉ាល់។ ក្នុងចំណោមអ្នកដែលត្រូវសង្គ្រោះនោះរួមមានមនុស្សម្នាក់អាយុ១០១ឆ្នាំ។
ប៉ូលិសនិយាយកាលពីថ្ងៃអាទិត្យថា បុរសនោះត្រូវគេរកឃើញនៅចម្ងាយប្រហែល៨០គីឡូម៉ែត្រភាគពាយព្យទីក្រុង Kathmandu ប្រទេសនេប៉ាល់។ ក្រុមជួយសង្គ្រោះបានរាយការណ៍ថា មានអ្នករួចជីវិតបីនាក់ទៀតត្រូវបានសង្គ្រោះពីគំនរបាក់បែកនៅសង្កាត់ Sindhupalchowk នៅភាគឦសានរដ្ឋធានី Kathmandu។
ប៉ុន្តែមន្ត្រីនានានិយាយថា ៨ថ្ងៃក្រោយពីការរញ្ជួយដី ក្តីសង្ឃឹមថា អាចមានអ្នកនៅរស់នោះ មានកាន់តែតិចទៅៗ ហើយចំនួនមនុស្សស្លាប់កើនឡើងដល់ជាង៧.២០០នាក់។ មានមនុស្សច្រើនពាន់នាក់ទៀតនៅបាត់ខ្លួននៅឡើយ រួមមានមួយពាន់នាក់ជាជនជាតិអឺរ៉ុបដែលទៅប្រទេសនេប៉ាល់៕