នេប៉ាល់​ជួប​បញ្ហា​ប្រឈម​ក្នុង​ការចែកចាយ​ជំនួយ​

ទាហាន​នេប៉ាល​ដាក់​បាវ​ដាក់​សំភារៈ​ជំនួយ​របស់​អង្គការ​ U.S. AID នៅ​ក្រោម​តង់​ក្បែរ​ចំណុច​កណ្តាល​ពី​ការរញ្ជួយ​ផែនដី​ដ៏​ខ្លាំង​មួយ​ នៅ​ក្នុង​ក្រុង​ Gorkha ប្រទេស​នេប៉ាល់​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា​ ឆ្នាំ​២០១៥។

ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នេប៉ាល់​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ការ​រញ្ជួយ​ផែនដី​ ​កំពុង​ត្រូវ​ការ​ទឹក​ហើយ​និង​របស់​រប​រ​សំខាន់​ៗ​ផ្សេង​ទៀតនៅថ្ងៃ​អង្គារ​នេះ​ នៅ​ពេល​ដែល​ក្រុម​កម្មករ​ជួយ​សង្គ្រោះ​និង​ក្រុម​អង្គការ​មនុស្ស​ធម៌​បន្ត​ព្យាយាម​ឲ្យ​ទៅ​ដល់​ប្រទេស​នោះ​ ហើយ​និង​អ្នក​ដែល​នៅ​កប់​ក្រោម​កំទេច​បាក់​បែក។

អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ​គ្រោះ​មហន្តរាយ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​មនុស្ស៨​លាន​នាក់ ​ដោយ​មនុស្ស​១​លាន​៤​សែន​នាក់​ត្រូវ​ការ​ជំនួយ​ម្ហូប​អាហារ។ក្រុម​មន្រ្តី​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ជាង​៤​៣០០នាក់ ​ដោយ​មាន​មនុស្ស​ប្រហែល​៨​០០០​នាក់​បាន​រង​របួស។​ ពួកគេ​បាន​និយាយ​ថា ចំនួន​មនុស្ស​ស្លាប់​អាច​កើន​កាន់​តែ​ខ្ពស់​ឡើង នៅ​ពេល​ដែល​ក្រុម​កម្មករ​បោស​សម្អាត​កំទេច​បាក់​បែក ហើយ​និងអាច​ចូល​ក្នុង​តំបន់​ដាច់​ស្រយាល​នានា។​

មនុស្ស​ជា​ច្រើន​បាន​ចំណាយ​ពេល​មួយ​យប់​ទៀត​សម្រាក​នៅ​ខាង​ក្រៅ​ឬ​ក្រោម​តង់​ ដោយ​មាន​ការ​រញ្ជួយ​ផែនដី​ជា​បន្ត​បន្ទាប់​ដោយ​មាន​កម្លាំង​ពី​៤​ទៅ​៥​រ៉ិចទ័រ​ ​ដែល​ធ្វើ​ឲ្យ​រង្គើ​តំបន់​នោះ​នៅ​ឡើយ​ បន្ទាប់​ពី​ការ​រញ្ជួយ​ផែនដី​ដែល​មាន​កម្លាំង​ ៧.៨រ៉ិចទ័រ​ ​កាល​ពី​ថ្ងៃ​សៅរ៍។

កម្រង​រូបភាព​៖ កិច្ច​ជួយ​សង្គ្រោះពី​ការ​រញ្ជួយ​ផែន​ដី​នៅ​នេប៉ាល់

លោក Steve Herman ​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​ VOA ​ដែល​បាន​ស្ថិត​នៅ​ក្នុង​រដ្ឋ​ធានី​កដ្ឋមណ្ឌូ​ (Kathmandu) ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ធានី​ដោយ​គ្មាន​បញ្ហា​អ្វី​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ ​ក៏​ប៉ុន្តែ​ការ​ចេញ​ចូល​តំបន់​ឆ្ងាយ​ៗ​នៅ​តែ​មាន​បញ្ហា។

​លោក​និយាយ​ថា ​ការ​ព្រួយ​កង្វល់​ដ៏​ធំ​គឺ​ភូមិ​នានា​នៅ​ជិត​ចំណុច​នៃ​ការ​រញ្ជួយ​ផែនដី។​ គ្មាន​មធ្យោបាយ​ដើម្បី​ឲ្យ​បាន​ទៅ​ដល់​កន្លែង​នោះ​តាម​ផ្លូវ​ថ្នល់​ទេ។​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ឲ្យ​ទៅ​ដល់​ទី​កន្លែង​នោះ​គឺ​តាម​ឧទ្ធម្ភាគចក្រ ​ហើយ​យើង​កំពុង​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ភូមិមួយ។ ភូមិ​នោះ​មាន​មនុស្ស៥០០​នាក់ ​ភូមិ​មួយ​ទៀត ​មាន​មនុស្ស​១០០០​នាក់ ​ហើយ​ភូមិ​នានា​ទៀត​ដូច​ជា​ភូមិ​នោះ​ដែរ​ ត្រូវ​បាន​រងការ​បំផ្លាញ​ខ្ទេចខ្ទី។​

មន្រ្តី​សុខាភិបាល​បាន​ព្រមាន​អំពី​ភាព​គ្រោះ​ថ្នាក់នៃ​ជំងឺ ​ដោយ​ការ​ខ្វះ​ទឹក​ស្អាតហើយ​មនុស្ស​ជា​ច្រើន​បាន​ត្រូវ​ប្រមូល​ផ្តុំ​នៅ​កណ្តាល​វាល៕