ក្រុម​អ្នក​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ធ្វើការមកដល់ជិតការបញ្ចប់ហើយ

លោក​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ Mohamad Javad Zarif កាន់​ក្រដាស​ឯកសារ​គ្រវី​ ហើយ​និយាយ​ថា​ «យើង​នៅ​មាន​កិច្ចការ​ធ្វើ​ទៀត​» នៅ​លើ​រាន​ហាល​មួយ​នៃ​អគារ ​Palais Coburg ដែល​កិច្ច​ប្រជុំ​បិទ​ទ្វារ​អំពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ នៅ​ក្នុង​ទីក្រុង​ Vienna ប្រទេស​អូទ្រីស​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។​ (Brian Allen/VOA)

ក្រុម​អ្នក​ចរចា​មក​ពី​ប្រទេស​អ៊ីរ៉ង់ ​និងក្រុម​ប្រទេស​មហា​អំណាច​ទាំង​៦​បាន​ ធ្វើ​កិច្ចការ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​បិទ​ការចរចារយៈពេល​១៨​ខែ​ ហើយ​នឹង​បញ្ចប់​កិច្ច​ព្រម​ព្រៀង​ដ៏​សំខាន់​ ដែល​ពួក​គេ​បាន​ស្វែង​រក​ជា​យូរ​មក​ហើយ​ អំពី​បញ្ហា​កម្មវិធី​នុយក្លេអ៊ែ​អ៊ីរ៉ង់​នោះ។

លោក​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ ​Abbas Aragchi ​បាន​បង្ហាញ​សេចក្តី​សង្ឃឹម របស់​លោក​ចំពោះ​កិច្ច​ព្រមព្រៀង​ ប៉ុន្តែ​និយាយ​ថា​នៅ​មាន​បញ្ហា​ខ្លះ​មិន​ទាន់​ត្រូវ​រ៉ូវ​ គ្នា​នៅ​ឡើយ។​ លោក​ថា​រឿង​នោះ​ហើយ​ដែល​មិន​អាច​សន្យា​បាន​ចំពោះ​សេចក្តី​ សម្រេច​មួយ​ ដែល​អាច​នឹង​ត្រូវ​ព្រម​ព្រៀង​គ្នា​នៅ​ថ្ងៃ​បញ្ចប់​នេះ។​

ក្រុម​មន្ត្រី​ការទូត​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ភាគី​ទាំង​ពីរ​ជិត​សម្រេច​បាន លើ​បញ្ហា​ស្មុគស្មាញ​ហើយ។

ថ្ងៃ​ច័ន្ទ​គឺ​ជា​ថ្ងៃ​កំណត់​ចុង​ក្រោយ​នៃ​កិច្ច​ចរចា​ ប៉ុន្តែ​មន្ត្រី​អ៊ីរ៉ង​បាន​បញ្ជាក់​ថា​ គ្មាន​ភាគី​ណា​មួយ​គិត​អំពី​ការពន្យា​ពេល​នៃ​កិច្ច​ចរចា​ទេ៕