ខណៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ កំពុងខិតជិតមកដល់នោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះគណបក្សនយោបាយណាដែលធ្វើសកម្មភាពគំរាមកំហែង បំភិតបំភ័យ និងលួងលោមអង្គបោះឆ្នោត ដោយហេតុថាសកម្មភាពទាំងនោះជាការរំលោភសិទ្ធិសម្រេចចិត្តរបស់អ្នកបោះឆ្នោត និងប៉ះពាល់ការសម្ងាត់ក្នុងដំណើរការបោះឆ្នោត។ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយមានគណបក្សនយោបាយចំនួន៤ចូលរួម ដូចជាគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។
គ.ជ.ប មិនបានលើកឡើងចំឈ្មោះ គណបក្សមួយណាដែលកំពុងធ្វើសកម្មភាពបំភិតបំភ័យអង្គបោះឆ្នោតនោះទេ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១៥ខែកុម្ភៈនេះ គ.ជ.ប បានថ្លែងថា៖ «គណៈកម្មការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនេះ មានគណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាមកំហែង សមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោតឱ្យបោះឆ្នោតជូនគណបក្សនេះ ឬគណបក្សនោះ ដែលជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត»។
គ.ជ.ប បញ្ជាក់ត្រង់មាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកមកអនុវត្តក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយថា«គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រទាំងអស់ មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្តិតមេដៃ ឬស្បថ ឬសន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ»។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់វីអូអេថា គ.ជ.បនេះ មិនសំដៅចំទៅលើគណបក្សណាមួយនោះទេ ប៉ុន្តែប្រសិនបើគណបក្សដែលធ្វើសកម្មភាពខុស ត្រង់មាត្រា៧១ គណបក្សនោះត្រូវកែសម្រួល និងបញ្ឈប់សកម្មភាពទាំងនោះជាបន្ទាន់ ដើម្បីចៀសវាងការចាត់វិធានការតាមផ្លូវច្បាប់។
លោកថ្លែងថា៖ «ការណ៍ដែលកំណត់ថាដាក់ទោសទណ្ឌយ៉ាងណា គ.ជ.ប មានបំណង ឱ្យគ្រប់គណបក្សនយោបាយ ទាំងអ្នករំខានការបោះឆ្នោតហ្នឹងឯង គឺព្យាយាម ពិនិត្យឡើងវិញនូវទិដ្ឋភាពច្បាប់។ ហើយប្រសិនបើជាមានពាក្យបណ្តឹង នោះនឹងសិក្សាអំពីសកម្មភាពដែលបានធ្វើកន្លងមក កម្រិតប៉ះពាល់កម្រិតណា ហើយត្រូវផ្អែក ទៅលើមាត្រាណាដើម្បីដាក់ទោសទណ្ឌដល់អ្នកដែលរំខាន ឬធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត»។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី គាំទ្រសេចក្តីថ្លែងការណ៍របស់ស្ថាប័នគ.ជ.ប និងអំពាវនាវឱ្យគ.ជ.ប ចាត់វិធានការផ្លូវច្បាប់ ដល់គណបក្សណាដែលធ្វើ សកម្មភាពគំរាមកំហែងអង្គបោះឆ្នោត។
លោកប្រាប់វីអូអេថា៖ «សូមអំពាវនាវឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែមានវិធានការផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ ប្រសិនបើគណបក្សនយោបាយមួយនោះ នៅតែបន្តសកម្មភាពបែបហ្នឹងតទៅទៀត»។
ប្រធានគណបក្សដែលទើបតែបង្កើតថ្មីមួយនេះ អះអាងថាគណបក្សកម្លាំងជាតិ មិនបានធ្វើសកម្មភាពចាប់បង្ខំ ឬអូសទាញសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលជាអង្គបោះឆ្នោតនោះទេ។
លោកថាគណបក្សគ្រាន់តែអំពាវនាវឱ្យអង្គបោះឆ្នោត បោះឆ្នោតគាំទ្រគណបក្ស កម្លាំងជាតិ ស្របទៅតាមច្បាប់តែប៉ុណ្ណោះ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នាខែកុម្ភៈនេះ។
លោកបន្តថា៖ «នៅក្នុងដំណាក់ការនៃយុទ្ធនាការឃោសនាបោះឆ្នោត យើងមានសិទ្ធិ គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតមានសិទ្ធិ ធ្វើសេចក្តីអំពាវនាវឱ្យ អង្គបោះឆ្នោតមេត្តាពិចារណាបោះឆ្នោតឱ្យគណបក្សនយោបាយណាមួយ ដែលខ្លួនពេលចិត្ត ជាពិសេសបោះឆ្នោតឱ្យអង្គបោះឆ្នោត បោះឆ្នោតឱ្យគណបក្សកម្លាំងជាតិ។ នេះជាគោលការណ៍ស្របច្បាប់ ស្ថិតក្នុងដំណាក់កាលនៃយុទ្ធនាការឃោសនាបោះឆ្នោត»។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់វីអូអេថា ទាំងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធភាព តែងតែគោរពតាមច្បាប់ជានិច្ច។
លោកបន្តថា គណបក្សភ្លើងទៀន ជារឿយៗ ផ្តល់សិទ្ធិដល់អង្គបោះឆ្នោតជាង២ពាន់នាក់ ដែលជាក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតឆ្នាំ២០២២ ឱ្យពិចារណាដោយខ្លួនឯង ក្នុងការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ។
លោកថ្លែងថា៖ «យើងមិនដែលប្រើប្រាស់មធ្យោបាយគំរាមកំហែង ឬបំភិតបំភ័យលើអង្គបោះឆ្នោត ឬក៏ជំរុញ ឬបង្ខំឱ្យអង្គបោះឆ្នោតរបស់យើង បោះឆ្នោតឱ្យគណបក្សនេះ ឱ្យគណបក្សនោះទេ។ ផ្ទុយទៅវិញ យើងជឿជាក់ថា អង្គបោះឆ្នោតរបស់យើងទាំង២១៩៨រូប ពិតជាគាំទ្រ និងបោះឆ្នោតជូនបេក្ខជនរបស់យើងនៅក្នុង គណបក្សឆន្ទៈខ្មែរ»។
លោក លី សុធារ៉ាយុត្តិ បានស្នើទៅក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ ឱ្យពន្លឿនការជាប់គាំងការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង៣០នាក់ ដែលជាអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន។ លោកថាបើគណបក្សភ្លើងទៀនបាត់បង់ អង្គបោះឆ្នោតជាង៣០នាក់នេះ គឺនឹងប៉ះពាល់ដល់ដំណើរការបោះឆ្នោតព្រឹទ្ធសភា។
ដោយឡែក គណបក្សភ្លើងទៀន ធ្លាប់បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៩ ខែកុម្ភៈ ដោយអំពាវនាវទៅស្ថាប័នគ.ជ.ប ចាត់វិធានការ ទប់ស្កាត់ចំពោះសកម្មភាពមិនប្រក្រតីគ្រប់ទម្រង់មកលើអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន។
សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀននោះ បញ្ជាក់ថា៖ «គណបក្សភ្លើងទៀន ក្នុងពេលថ្មីៗនេះ បានទទួលព័ត៌មានពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតរបស់ គណបក្សដែលជាអង្គបោះឆ្នោតថា អាជ្ញាធរមូលដ្ឋានរាជធានី-ខេត្តមួយចំនួនបានអញ្ជើញពួកគាត់ទៅជួប ហើយនិយាយលួងលោមបញ្ចុះបញ្ជូលឱ្យអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន បោះឆ្នោតជូនគណបក្សដទៃ ជាថ្នូរនឹងថវិកាមួយចំនួន»។
គណបក្សប្រឆាំងមួយនេះ ចាត់ទុកថា សកម្មភាពរបស់អាជ្ញាធរ ជាការរំលោភសិទ្ធិបោះឆ្នោត ដែលបំពានទៅលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងធ្វើឱ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខនេះ ដោយនឹងមិនឆ្លុះបញ្ចាំងពីភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ។
គណបក្សភ្លើងទៀន អំនាវទៅអាជ្ញាធរមូលដ្ឋាន ឱ្យបញ្ឈប់រាល់សកម្មភាពបំភិតបំភ័យ និងលួងលោមទិញទឹកចិត្តអង្គបោះឆ្នោតរបស់ខ្លួន ដើម្បីធានាបរិយាកាលល្អ សម្រាប់ ដំណើរការបោះឆ្នោត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់វីអូអេថា បើគណបក្សភ្លើងទៀន ប្រឈមបញ្ហាដូចការលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនមែននោះ គឺគណបក្សគួរមានភ័ស្តុតាង និងប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ប៉ុន្តែលោក ចាត់ទុកថា សេចក្តីថ្លែងការណ៍នេះ ក៏អាចបង្កផលប៉ះពាល់ជាអវិជ្ជមានលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អាជ្ញាធរមូលដ្ឋានផងដែរ។
លោកថា៖ «ការលើកឡើងបែបទម្រង់ ចោទប្រកាន់ ដាក់បន្ទុកទម្លាក់កំហុស គួរមានភ័ស្តុតាងឱ្យបានច្បាស់លាស់ ហើយតាមគោលការណ៍ច្បាប់ បើសិនជាមាន បញ្ហា បែបហ្នឹងមែន ខ្ញុំគិតថាគួរធ្វើបណ្តឹងទៅតាមអាជ្ញាធរដែលមានសមត្ថកិច្ច ឬ អង្គ[ភាព]ណាដែលមានសមត្ថកិច្ចលើកិច្ចការងារហ្នឹង ហើយគួរធ្វើរបាយការណ៍ឱ្យ បានច្បាស់លាស់ជាលក្ខណៈវិទ្យាសាស្ត្រ កុំប្រើតែក្រដាសមួយសន្លឹក ដើម្បីធ្វើសមរភូមិនយោបាយក្នុងចំណោមសាធារណៈមតិ»។
បើតាមគ.ជ.ប យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាមានរយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១០ខែកុម្ភៈហើយនឹងបិទបញ្ចប់ទៅនៅថ្ងៃទី២៣ ខែកុម្ភៈខាងមុខនេះ។ នៅថ្ងៃបោះឆ្នោត គឺថ្ងៃទី២៥ខែកុម្ភៈ អង្គបោះឆ្នោតសរុប ចំនួន១១ ៧៤៧នាក់ ដែលជាតំណាងរាស្ត្រក្នុងតំណែង និងជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក្នុងតំណែង នឹងបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ចំនួនសរុប ៦២អាសនៈ៕