ពលរដ្ឋខ្មែរជាង៨លាននាក់ មានឈ្មោះក្នុងបញ្ជីផ្លូវការសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ខាងមុខ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការចុះឈ្មោះ និងសម្រេចបិទផ្លូវតវ៉ា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញផ្សាយនៅថ្ងៃពុធ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញនៅថ្ងៃទី២៤ ខែមករានេះបញ្ជាក់ថា ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការចំនួនជិត៨លាន៤សែននាក់ (៨,៣៨០,២១៧នាក់) ស្មើនឹង៨៤,៨ភាគរយ នៃចំនួនប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជិត១០លាននាក់ (៩,៨៨២,៧៤៦នាក់)។ ក្នុងនោះអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ជាង៥សែននាក់ (៥៣៦,៦៧៤នាក់) ឈ្មោះអ្នកបោះឆ្នោតដែលត្រូវលុបចេញពីបញ្ជីមានចំនួនជាង២ម៉ឺនឈ្មោះ (២១,៦៧១ឈ្មោះ) និងឈ្មោះប្រជាពលរដ្ឋដែលបានស្នើសុំកែតម្រូវឈ្មោះ និងទិន្នន័យមានចំនួនជាង៥ពាន់នាក់ (៥៥៧២នាក់)។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ VOA បន្ថែមនារសៀលថ្ងៃពុធនេះថា ចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនេះគឺជាចំនួនផ្លូវការនិងជាការបិទផ្លូវតវ៉ា បន្ទាប់ពី គ.ជ.ប បានដោះស្រាយបណ្តឹងតវ៉ា និងជំទាស់ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ អស់រយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧រួចមក។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា៖
«ការរៀបចំបញ្ជីឈ្មោះបោះឆ្នោត២០១៧ដែលនឹងត្រូវប្រើប្រាស់សម្រាប់២០១៨ហ្នឹងគឺបានបញ្ចប់ហើយ។ បានន័យថានេះជាតួលេខ ហើយក៏ជាឈ្មោះផ្លូវការនៃអ្នកដែលមានសិទ្ធិទៅបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ មិនអាចមានការប្តឹងតវ៉ាអីទៀតទេ បានន័យថាបិទផ្លូវតវ៉ាហើយ»។
កាលពីការបោះឆ្នោតឃុំ-សង្កាត់ខែមិថុនា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៣,៥លាននាក់ ក្នុងចំណោមអ្នកបោះឆ្នោតជាង៦,៧លាននាក់ គឺស្មើនឹងប្រមាណជា៥២ភាគរយ។ ចំណែកគណបក្សសង្រ្គោះជាតិទទួលបានសំឡេងគាំទ្រជិត៤៤ភាគរយ៕