គ.ជ.ប​ បង្ហាញ​សន្លឹក​ឆ្នោត ​តែ​សង្គ្រោះ​ជាតិ​ថា​ ជា​ការបោះឆ្នោត​ព្រឹទ្ធសភា​ «ឡប់ឡែ‍»

ព្រឹទ្ធសភាកម្ពុជា

​​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ​​បានឱ្យ​ដឹង​ថា ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​ គឺ​ស្ថាប័ន​រៀបចំ​ការ​ឆ្នោត​នេះ ​បាន​​បោះពុម្ពសន្លឹកឆ្នោត​ចំនួន​២៥.៩៥០​សន្លឹក​​រួចរាល់ហើយ ដើម្បី​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាលទី​៤ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​២៥ ​ខែ​កុម្ភៈ​ ខាង​មុខនេះ។

ប្រទេស​កម្ពុជា នឹងរៀបចំ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅចុង​ខែ​កុម្ភៈ​នេះ​ ដោយគ្មាន​ការបង្អង់ទេ ​ក្នុ​ងខណៈ​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ ​ចាត់ទុក​ថា ​នេះ​ជា​ការ​បោះឆ្នោត ​«ឡប់ឡែ» ​និង​សុំ​កុំ​ឱ្យ​អន្តរជាតិទទួលស្គាល់។

រូបឯកសារ៖ លោក ស៊ិក ប៊ុនហុក (កណ្តាល) ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) និង​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការបង្ហាញ និង​សាកល្បង​ទឹកថ្នាំ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យ​ដឹង​ថា ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​ គឺ​ស្ថាប័ន​រៀបចំ​ការ​ឆ្នោត​នេះ ​បានបោះពុម្ពសន្លឹកឆ្នោត​ចំនួន​២៥.៩៥០​សន្លឹករួចរាល់ហើយ ដើម្បី​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាលទី​៤ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​២៥ ​ខែ​កុម្ភៈ​ ខាង​មុខនេះ។

រូបឯកសារ៖ លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី៦ ខែកញ្ញា​ ឆ្នាំ២០១៧។ (VOA)

លោក ស្រី មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ជាក់​ថា ​អង្គបោះឆ្នោត​នៅ​ថ្នាក់​មូលដ្ឋាន​ គឺ​សុទ្ធ​តែ​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជាបូកនឹងរបស់​គណបក្ស​សង្គ្រោះជាតិ​ ដែល​គណបក្ស​កាន់​អំណាច​បាន​រឹបអូស​យក ហើយនៅថ្នាក់​ជាតិ ​គឺ​អង្គបោះឆ្នោត​របស់​គណបក្ស​ប្រឆាំង​ត្រូវ​បានគណបក្ស​កាន់​អំណាច​យក​ទៅឱ្យ​គណបក្ស​ដែល ​«បម្រើ​‍»​ គណបក្ស​ប្រជាជន​កម្ពុជា​។

«ដូច្នេះ​ទាំងអស់​នេះ​ឃើញ​ថា​ការបោះឆ្នោត​នេះ​គឺជា​ការ​បោះឆ្នោត​ឡប់ឡែ​មិនសមស្រប​នឹង​អ្វីដែល​ចែងនៅក្នុង​រដ្ឋ​ធម្មនុញ្ញ​ពីព្រោះវាមិនមែន​ជាសេរីពហុបក្ស​ទៀតទេ។ អីចឹង​យើង​ឃើញ​ថា​ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ​នៅស្ថាប័នដ៏កំពូល​នៅ ព្រឹទ្ធសភាជាតិ​យើង​នេះ​គឺមែនទែនទៅ​ជាការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ទៅវិញទេ។ យើង​មិនគាំទ្រ​ជាដាច់ខាត‍»។

គណបក្ស​សង្គ្រោះជាតិ ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​កាលពីថ្ងៃទី​១៦ ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ ពីបទ​ឃុបឃិត​ជាមួយ​នឹង​បរទេសដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។​

រូបឯកសារ៖ លោកឌឹម សុវណ្ណារុំ ជា​សមាជិ​ក​មួយរូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​។

លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​និង​ជាអ្នកនាំពាក្យ​បាន​បញ្ជាក់ថា​៖

«គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​គ្មានជម្រើសអ្វី​ក្រៅពីធ្វើ​កិច្ច​ការ​របស់ខ្លួនទៅតាម​ច្បាប់​។ ច្បាប់​ចែងយ៉ាងម៉េច​ត្រូវ​អនុវត្ត​យ៉ាងដូច្នោះ​។ អ្នកណា​ទៅអ្នកណា​មក​អ្នកណា​អី​ហូរហែរមិនមែនជារឿងរបស់គ.ជ.បទេ‍»។​

លោក ឌឹម សុវណ្ណារុំ​ បាន​បន្ថែម​ថា​៖

«អ្វីដែលយើងបានធ្វើ​គឺយើង​មិនអាច​រំលង​ពីគន្លង​ច្បាប់​បានទេ​។ យើង​គ្មាន​ជម្រើស​អ្វីទេ​ពីព្រោះគ.ជ.ប​ជាស្ថាប័នច្បាប់​អីចឹង​យើង​ធ្វើ​កិច្ច​ការ​របស់​ខ្លួន​ទៅតាម​ច្បាប់​ហើយ​គ.ជ.ប​ខិតខំ​ប្រឹងប្រែង​ធ្វើកិច្ចការ​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​មាន​តម្លាភាព​មាន​ឯករាជ្យភាព​ដើម្បី​បញ្ជាក់​ថា​អង្គបោះឆ្នោត​ដែល​មាន​នៅក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា​ជា​តំណាងរាស្រ្ត​និង​ជាក្រុមប្រឹក្សា​ឃុំ​សង្កាត់​មានឈ្មោះក្នុង​បញ្ជីបោះឆ្នោត​ ការបោះឆ្នោត​របស់ខ្លួន​ត្រូវ​បាន​រាប់​យ៉ាងត្រឹមត្រូវ‍»។

គ.ជ.ប​ គ្រោង​នឹង​ចំណាយចំនួន​២លានដុល្លារដែល​ជា​ថវិកា​ជាតិ​សម្រាប់ការបោះឆ្នោត​ព្រឹទ្ធសភា។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ​ឌឹម សុវណ្ណារុំ។

មាន​គណបក្ស​នយោបាយ​ចំនួន​៤ បាន​ចុះឈ្មោះចូលរួម​ប្រកួតក្នុង​ការ​បោះឆ្នោតនេះ ​ក្នុង​នោះមាន​គណបក្ស​ប្រជាជន​កម្ពុជារបស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ គណបក្ស​យុវជន​កម្ពុជា​ គណបក្ស​ខ្មែរ​រួបរួមជាតិ ​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិចរបស់​ព្រះអង្គម្ចាស់ ​នរោត្តម​ រណឫទ្ធិ។ ​

លោកស្រី មូរ សុខហួរ ​យល់​ថា​ អន្តរជាតិ ​មិន​ត្រូវ​ទទួល​ស្គាល់​ និង​ធ្វើ​ការ​ជាមួយ​នឹងស្ថាប័ន​ព្រឹទ្ធសភា​ថ្មី​នេះ​ទេ។

«យើង​ខ្ញុំ​បានទៅដល់​ប្រទេស​ស៊ុយអែត​ ទៅដល់​សហគមន៍អឺរ៉ុប យើង​ខ្ញុំ​បានលើករឿងហ្នឹង​ច្បាស់ណាស់ពីព្រោះសហគមន៍អឺរ៉ុប​បានជួយទៅដល់​ការ​បោះឆ្នោត​នៅគ.ជ.ប​ ឥឡូវ​គេ​ដក​ឈប់​ជួយ​ទៅហើយ​។ ហើយ​នៅ​តាម​ស្ថាប័ន​ដែលមាន​កម្មវិធី​ដូច​ជា​ព្រឹទ្ធសភា​ប្រទេស​នានា​ដូច​ជា​ស៊ុយអែត​ខ្ញុំ​ជឿជាក់​ថា​គេ​នឹង​ដក​ហើយ​ពីព្រោះ​គេមិនអាច​យក​ថវិកា​របស់​គេ​ជួយ​ទៅ​ដល់​លទ្ធិប្រជាធិបតេយ្យ​មួយក្លែងក្លាយ​របៀប​នេះ​បាន​ទេ‍»​។​

សមាជិក​ព្រឹទ្ធសភា​មានចំនួន​៦១​រូប ​ដោយ​បួន​រូប​មិន​បាច់​ឆ្លងកាត់​ការបោះឆ្នោត​ទេ​គឺត្រូវ​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ចំនួន​ពីរ​រូបនិង​ដោយ​សភាជាតិ​ចំនួន​២រូប៕