គ.ជ.ប.​ ​ទុកពេល​៧០ថ្ងៃ​ដើម្បីឲ្យ​​​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៨

រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

គ.ជ.ប.​ ​ទុកពេល​៧០ថ្ងៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៨ ​ តែ​អ្នក​សងេ្កត​ការណ៍​បោះឆ្នោត​ថ្លែង​ថា​ ពលករ​ខ្មែរ​ចំណាកស្រុក​អាច​នឹង​ខ្វះ​ថវិកា​ក្នុងការ​ធ្វើ​ដំណើរ​មក​ចុះឈ្មោះ​ ឬ​មិន​មក​ចុះឈ្មោះ​ដោយក្តីបារម្ភ​ពីភាព​ច្របូក​ច្របល់​ខាង​នយោបាយ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)​ បាន​ប្រកាស​ឲ្យប្រជាពល​រដ្ឋ​ខ្មែរ​ ដែល​កំពុង​បំពេញ​បេសកកម្ម​ ​ធ្វើការ​ ឬ​សិក្សា​នៅ​ក្រៅ​ប្រទេស​ និង​មាន​សិទ្ធិបោះ​ឆ្នោត​ ​ហើយ​មិន​ទាន់​មក​ចុះ​ឈ្មោះ​កាលពី​ឆ្នាំ២០១៦​ ​ឬ​អ្នក​ទើប​គ្រប់​អាយុ១៨​ឆ្នាំ​ ​ឲ្យ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ដែល​ធ្វើឡើង​ចាប់​ពី​ដើម​ខែ​កញ្ញា​ ​ដល់ខែវិច្ឆិកា​ខាង​មុខ។​ ​នេះ​បើ​យោងតាម​សេច​ក្តី​អំពាវនាវ​របស់​របស់​គ.ជ.ប.​ ដែល​ ​VOA​ ​បាន​ទទួល​នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍។​

សេចក្តី​អំពាវនាវ​របស់​ គ.ជ.ប.​ ចុះ​ថ្ងៃ​ទី៣០​ ខែ​សីហា​ ឆ្នាំ​២០១៧​ បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះឆ្នោត​ និង​ការ​ចុះ​ឈ្មោះ​ឆ្នាំ​២០១៧​ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​០១​ ខែ​កញ្ញា​ ដល់​ថ្ងៃទី​៩​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧​ នៅតាម​សាលាឃុំ​ សង្កាត់​ និងនៅ​តាម​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​ សង្កាត់​ទូទាំង​ប្រទេស​កម្ពុជា​ ​ដែល​បើក​ធ្វើការ​ជា​រៀងរាល់​ថ្ងៃ​ ​ក្នុងម៉ោង​ធ្វើការ​ ​គិត​ទាំង​ថ្ងៃ​សៅរិ៍​ ​និង​ថ្ងៃ​អាទិត្យ។​

រូប​ឯកសារ​៖ លោក ស៊ិក ប៊ុនហ៊ុក ប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ទាក់ទង​នឹង​ការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​សីហា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

សេចក្តី​អំពាវនាវ​ចុះ​ហត្ថលេខា​ដោយ​លោក​ ​ស៊ិក ប៊ុនហុក​ ប្រធាន​ ​គ.ជ.ប.​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«អាស្រ័យ​ហេតុ​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ សូម​អំពាវនាវ​ដល់​ស្ថាន​ឯក​អគ្គរាជ​ទូត និង​ស្ថានកុងស៊ុល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ មេត្តា​ជួយ​ផ្សព្វផ្សាយ​សេចក្តី​អំពាវនាវ​នេះ​ ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ដែល​កំពុង​បំពេញ​បេសក​កម្ម​ ធ្វើការ​ ឬ​សិក្សា​នៅ​ក្រៅ​ប្រទេស​ ឲ្យ​ទទួលបាន​ព័ត៌មាន​នេះ​ ​ ដើម្បី​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​អញ្ជើញ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា»។​

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​យក​ថ្ងៃ​អាទិត្យ​ទី​ ២៩​ ខែ​កក្កដា​ ​ឆ្នាំ២០១៨​ ​ជា​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​ ស្រប​តាម​ច្បាប់​ស្តីពី​ការ​រៀបចំ​បោះ​ឆ្នោត។​

ការ​ប្រកាស​ស្តីពី​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​បញ្ជី​បោះឆ្នោត​ និង​ការ​ចុះ​ឈ្មោះ​ឆ្នាំ​ ២០១៧​នេះ​ ​កើត​មាន​ឡើង​ នៅ​ក្នុង​ស្ថានភាព​នយោបាយ​ដែល​អ្នក​សង្កេត​ការណ៍​មើល​ឃើញ​ថា​ កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង​ ក្រោយ​ពី​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​សម្រេច​ចិត្ត​បណ្តេញ​ស្ថាប័ន​គាំទ្រ​ប្រជា​ធិបតេយ្យ​ ​និង​យាយី​ដល់​ដំណើរ​ការ​ផ្សព្វផ្សាយ​របស់​សារ​ព័ត៌មាន​ឯក​រាជ្យ និង​វិទ្យុ​ដែល​ទទួលបាន​មូល​និធិ​ពី​សហរដ្ឋ​អាមេរិក។​

រូបឯកសារ៖ លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​ស្នាក់ការ​កណ្តាល​ គ.ជ.ប​ រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

លោក​ ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​ គ.ជ.ប.​ បាន​បញ្ជាក់​ថា​ ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ​នឹង​មិន​ប៉ះពាល់​ដល់​កិច្ច​ចុះ​បញ្ជី​ឈ្មោះ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​នោះ​ទេ។​

«គ.ជ.ប.​ មិន​វិភាគ​ទៅលើ​បញ្ហា​នយោបាយ​ទេ​ណ៎ា។ ​គ.ជ.ប.​ ទទួល​ខុសត្រូវ​ទៅលើ​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​បោះឆ្នោត​ ហើយ​និង​ទទួល​ខុសត្រូវ​ក្នុង​ការ​រៀបចំ​ការងារ​បច្ចេកទេស​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​មួយ​ដែល​ទទួល​បាន​លទ្ធផល​ដែល​ទទួល​យក​បាន​ដោយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ បាទ»។​

រូបឯកសារ៖ លោក យឿង សុធារ៉ា សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា ចូលរួម​ជា​វាគ្មីន​ពិភាក្សា​អំពី​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០១៦។ (លឹម សុធី/VOA)

លោក​ ​យឿង សុធារ៉ា​ មន្ត្រី​ផ្នែក​ច្បាប់​ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​ ​បាន​ប្រាប់​ VOA​ ​ថា​ ​ដំណើរ​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​ ​ទោះបី​ជា​ប្រទេស​កម្ពុជាប្រឈម​នឹង​ការ​កើន​ឡើង​នៃ​កំដៅនយោបាយ​សារ​ជា​ថ្មី។​ តែ​លោក​បារម្ភ​ថា​ ​ពលករ​ខ្មែរ​រាប់​សែននាក់​នៅ​ក្រៅ​ប្រទេស​អាច​នឹង​ជួប​បញ្ហា​ប្រឈម​ខាង​ថវិកា​ក្នុង​ការធ្វើ​ដំណើរ​មក​ចុះ​ឈ្មោះ។

«សម្រាប់​ពលករ​ចំណាកស្រុក​ក្រៅ​ប្រទេស​ យើង​សង្ឃឹម​តិចតួច​ណាស់ ដែល​ពួក​គាត់​អាច​នឹង​វិល​ត្រឡប់​មក​ចុះ​ឈ្មោះដើម្បី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នាពេល​ខាង​មុខ»។​ ​

មន្ត្រី​ឃ្លាំមើល​ការ​បោះឆ្នោត​រូប​នេះ​ថ្លែង​បន្ត​ថា៖​

«កត្តា​ទីមួយ​អាច​ថា​ ដោយសារ​តែ​បញ្ហា​ថវិកា​សម្រាប់​ត្រឡប់​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ ហើយ​ដល់​ពេល​បោះឆ្នោត​គាត់​ត្រឡប់​មក​សារ​ថ្មី​ដើម្បី​បោះឆ្នោត​ ដូច្នេះ​ ប្រហែល​ជា​បញ្ហា​បន្ទុក​របស់​គាត់​វាជា​បញ្ហា​ចោទ។ ​ដូច្នេះ​ប្រហែល​ជា​មាន​សង្ឃឹមតិចតួច​បំផុត​ដែល​ពួកគាត់​នឹង​អាច​វិល​ត្រឡប់​មក​ចុះ​ឈ្មោះ​ ហើយ​និង​បោះឆ្នោត។ ​មួយ​ទៀត​អាច​ថា​ ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ មើល​ទៅ​មាន​ប្រជា​ពលរដ្ឋ​ខ្លះ​អាច​គិត​ថា​ អាច​នឹង​មានបញ្ហា​នយោបាយ​ក្រោយពី​ការ​បោះឆ្នោត​ទៅ។​ គាត់​មាន​ការភ័យ​ខ្លាច ​ស្រុក​ទេស​ច្របូកច្របល់​អី​ជាដើម។​ គាត់​អាច​មាន​គំនិត​អីចឹង។​អីចឹង​អាច​ពួក​គាត់​គិត​ពី​កត្តា​ហ្នឹង​អាច​មិន​មក​ចុះ​ឈ្មោះ​ និង​បោះឆ្នោត»។​

ទោះ​យ៉ាង​នេះ​ក៏​ដោយ​ ​លោក​ ហង្ស​ ពុទ្ធា​ ថ្លែង​បញ្ជាក់​ថា​ ​គ.ជ.ប.​ ពុំ​មាន​គោល​ការណ៍​ជួយ​ពលករ​ក្នុង​បញ្ហា​ថវិកា​នេះ​ទេ​ ហើយ​ពេល​វេលា​ដែល​បាន​កំណត់​ឡើង​ដោយ​គ.ជ.ប.​ គឺ​សមល្មម​សម្រាប់​ដំណើរ​ការ​ចុះឈ្មោះ។​

«ការ​ប្រកាស​ និង​ការ​ផ្តល់​ព័ត៌មាន​នេះ​ គឺ​ជា​ការ​សម្រួល​ផ្តល់​ព័ត៌មាន​ពិត​ប្រាកដ​ជូន​គាត់​ហើយ​ណ៎ា។ ​ ហើយ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​លោក​អញ្ជើញ​ទៅខាងក្រៅ​ប្រទេស​ហ្នឹង​ លោក​ត្រូវ​ការ​សម្រេច​ចិត្ត​លៃលក​ពេលវេលា​ និង​ថវិកា​អីខ្លួន​ឯង​ទាំង​អស់​ណ៎ា​ មិន​មែន​ជា​ដែន​សមត្ថកិច្ច​របស់​គ.ជ.ប.​ ដែល​ត្រូវ​ទៅ​ធ្វើ​អ្វី​ឲ្យ​ខុស​ពី​ច្បាប់​នោះ​ទេ​ បាទ»។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​កន្លង​មក​ធ្លាប់​បាន​ស្នើ​ឲ្យ​ ​គ.ជ.ប.​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ នៅ​តាម​ប្រទេស​នានា​ដែល​ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ទី​នោះ​ តែ​គ.ជ.ប.​ជា​រឿយៗ​បាន​ប្រកែក​ថា​ ខ្លួន​គ្មាន​សិទ្ធិ​ក្នុង​ការ​បង្កើត​ការិយាល័យ​យ៉ាង​ដូច្នោះ​ទេ​ហើយ​បាន​ពន្យល់​ថា​ ​ការ​បើក​ការិយាល័យ​នេះអាច​ធ្វើ​ទៅបាន​ដរាប​ណា​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​រៀបចំ​បោះឆ្នោត​ជាតិ។

ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣​ត្រូវ​បាន​រៀបចំ​ឡើង​នៅថ្ងៃ​អាទិត្យ​ទី​ ២៨​ ខែកក្កដា។ ​បរិយាកាស​មុន​ការ​បោះ​ឆ្នោត​នៅ​គ្រា​នោះ​ត្រូវ​អ្នក​សង្កេត​ការណ៍​ការ​បោះឆ្នោត​ និង​នយោបាយ​ក្នុង​ស្រុក​មើល​ឃើញ​ថា​ មាន​ភាព​តានតឹង​ ​ដោយ​ហេតុ​អតីត​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​គឺ​លោក​ ​សម រង្ស៊ី​ ​ត្រូវ​បាន​រដ្ឋា​ភិបាល​ព្យាយាម​បង្ខាំង​មិន​ឲ្យ​ចូល​ប្រទេស​ គ្រា​ដែល​អ្នក​នយោបាយ​រូប​នេះប្រឈម​នឹង​ការ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ ​ទាន់​ទិន​សំណុំរឿង​ព្រំដែន​កម្ពុជា​វៀតណាម។​

កំដៅ​នយោបាយ​បាន​កើន​ឡើង​កាន់​តែខ្លាំង​ ក្នុង​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​អាសនៈ​ជិត​ពាក់​កណ្តាល​នៅ​រដ្ឋសភា​ដែល​មាន​អាសនៈ​ចំនួន​១២៣។​ ​គណបក្ស​ប្រឆាំង​បាន​ដឹកនាំ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ ដែល​បាន​ធ្វើ​ឲ្យ​ដំណើរ​ការ​នយោបាយ​តាម​បែប​ប្រជា​ធិបតេយ្យ​ជាប់​គាំង​ជិត​មួយ​ឆ្នាំ។ តែ​ក្រោយ​ការ​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​ ដែល​មាន​ការ​ផ្តល់​តំណែង​កំពូល​ក្នុង​សភា​និង​មានការបែង​ចែក​គណៈកម្មការ​ជំនាញ​ក្នុង​សភា​ ការ​ជាប់​គាំង​នយោបាយ​នោះ​ក៏​បាន​បញ្ចប់​ទៅ។​

ជាថ្មី​ម្តង​ទៀត​ នៅមុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ នេះ​ ​លោក​ សម រង្ស៊ី​ បាន​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅ​ប្រទេស​បារំាង​ ដើម្បី​បញ្ចៀសការ​ជាប់​ពន្ធនាគារ​តាម​បណ្តឹង​ជាច្រើន​របស់​មេដឹក​នាំ​ និង​សមាជិក​នៃ​រដ្ឋាភិបាល​កម្ពុជា។​ ​ថ្មីៗ​នេះ​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​វីដេអូ​ឃ្លីប​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​បាន​ថ្លែង​ថា​ ស្ថាន​ភាព​នយោបាយ​កម្ពុជាកំពុង «ស្ថិត​ក្នុង​ភាព​ដុនដាប​ជាង​ពេល​ណាៗ​ទាំងអស់»​ បើ​គិត​ចាប់​តាំង​ពី​ការ​ចុះ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ ឆ្នាំ​ ១៩៩១៕