ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​សង្គមស៊ីវិល ​​និង​គណបក្ស​នយោបាយ​ខ្លះ​ស្នើ​ឱ្យ​គ.ជ.ប.​ធ្វើការ​​ចុះ​ឈ្មោះ ​និង​បោះ​ឆ្នោត​នៅ​ក្រៅ​ប្រទេស​សម្រាប់​ការ​បោះឆ្នោត​២០១៨


រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

ក្រុមអង្គការ​សង្គម​ស៊ីវិល​​និង​គណបក្ស​នយោ​បាយ​មួយ​ចំនួន​ផ្តល់​អនុសាសន៍​​ចំនួន​១២​ចំណុច​ដល់​គ.ជ.ប.​ ធ្វើការ​​ចុះ​ឈ្មោះ​និង​បោះ​ឆ្នោត​នៅ​ក្រៅ​ប្រទេស​សម្រាប់​ការ​បោះឆ្នោត​២០១៨។

នៅព្រឹក​ថ្ងៃ​ពុធ​នេះ​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​និង​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ស្នើ​យ៉ាង​ទទូច​ជា​បន្ត​បន្ទាប់​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប.)​ ​រៀបចំ​កន្លែង​ចុះ​ឈ្មោះ​ ​និង​ការ​បោះឆ្នោត​នៅ​តាមស្ថានទូត​ខ្មែរ​ ​និង​ស្ថាន​កុងស៊ុល​នៅ​ក្រៅ​ប្រទេសដើម្បី​សម្រួល​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ដែល​កំពុង​រស់​នៅ​ ​និង​ធ្វើការ​នៅ​ទីនោះ ឲ្យ​បាន​ចុះ​ឈ្មោះ​ ​និង​បោះឆ្នោតក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។​

ការ​ស្នើ​របស់ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​ព្រម​ទាំង​គណបក្ស​នយោបាយ​មួយ​ចំនួន​ ​បាន​ធ្វើ​ឡើង​ក្នុងកិច្ចពិភាក្សាតុ​មូល​មួយស្តីពីអនុសាសន៍សម្រាប់​ការ​ធ្វើ​បច្ចុប្បន្ន​ភាពបញ្ជី​បោះឆ្នោត​ ​និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៧។​ ​ក្នុង​កិច្ច​ពិភាក្សា​តុមូល​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​បោះឆ្នោត​ដោយ​សេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ខុមហ្វ្រែល​នេះ​ ​សង្គម​ស៊ីវិល​សំខាន់ៗ ​និង​គណ​បក្ស​នយោបាយ​បាន​លើក​ឡើង​ពី​យន្តការ១២​ចំណុច​ដែល​ ​គ.ជ.ប.ត្រូវកែ​សម្រួលពាក់ព័ន្ធ​នឹង​សេចក្តី​ព្រាង​បទ​បញ្ជា​ ​និង​នីតិវិធី​សម្រាប់​ការ​ធ្វើ​បច្ចុប្បន្ន​ភាពបញ្ជី​បោះឆ្នោត​នេះ។​ ​ក្នុង​នោះ​គេ​មើល​ឃើញ​ថា​ ​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ ​និង​សិទ្ធិ​បោះ​ឆ្នោត​របស់​ពលករ​ចំណាក​ស្រុក ​ទាំង​នៅ​ក្នុង​ប្រទេស​ ​និង​ក្រៅ​ប្រទេស​ ​ជា​ចំណុច​សំខាន់​បំផុត​ដែល​ក្រុម​នៃ​កិច្ចពិភាក្សា​នោះបាន​ទាមទារឲ្យ​មាន​ការ​ធានា​លើ​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធ​ភាព។​

លោកគល់ បញ្ញា​ ​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​បោះឆ្នោត​ដោយ​សេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា ​ខុមហ្វ្រែល​លើក​ឡើង​ថា​ ​សំឡេង​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ម្នាក់ៗ​ ​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ជ្រើស​រើស​មេ​ដឹកនាំប្រទេស​ដែល​ពួកគេ​ពេញ​ចិត្ត​ ​ដូច្នេះ​លោក​ថា​ ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​សម្រួលឲ្យ​ប្រជា​ពល​រដ្ឋ​បាន​ចុះ​ឈ្មោះ​ ​និង​បោះឆ្នោត​ ​អាច​ធ្វើ​ឲ្យប៉ះពាល់​ដល់​តម្លាភាព​នៃ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។​ ​លោក​បន្ថែម​ថា​ ​គ.ជ.ប.ត្រូវ​ធ្វើ​របាយ​ការណ៍​បញ្ជូន​ទៅ​រដ្ឋសភា​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​ ធ្វើ​យ៉ាង​ណា​ធានា​ថា​ ​ពលករ​ ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ នឹង​បាន​ចុះ​ឈ្មោះ​ ​និង​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។​

លោកគល់ បញ្ញា​បញ្ជាក់​យ៉ាង​ដូច្នេះ៖​

«គាត់​ត្រូវ​ធ្វើ​របាយ​ការណ៍​ហ្នឹង​ថា​ ​១​លាន​នាក់​ពលករ​នៅ​ក្រៅ​ស្រុក​ហ្នឹង​អត់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ ហើយ​គាត់​លើក​បញ្ហា​ហ្នឹង ​ទៅ​ដាក់​របាយ​ការណ៍​ហ្នឹង​ទៅ​រដ្ឋសភា​ទៅ។​ ​ហើយ​ទៅ​រដ្ឋសភា​ ​អ្នក​តំណាង​រាស្រ្ត​មួយៗ​បាន​គាត់​បាន​របាយ​ការណ៍​ហ្នឹង​ គាត់​មើល​ ​ហើយ​គាត់​ឡើង​ជា​សំណើ​នៃ​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ ​ឬ​ក៏​កែប្រែ​ច្បាប់​ ​កែ​លម្អ​ច្បាប់។​ ​ឥឡូវ​នេះ​ថា ​បញ្ហា​ពលករ​១​លាន​ជាង​អត់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ ​គាត់​មិន​អាច​អនុវត្ត​សមត្ថកិច្ច​គាត់​បាន​។ ​ឥឡូវ​យើង​ត្រូវ​កែ​ច្បាប់​យ៉ាង​ម៉េច​ដើម្បី​ផ្តល់​សមត្ថ​កិច្ច​ឲ្យ​គាត់​ ​ឬ​ក៏​បាន​យន្តការ​យ៉ាង​ម៉េច​ឲ្យ​ពួក​គេ​បោះឆ្នោត​បាន​នៅ​ក្រៅ​ប្រទេស»។​

រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL។
រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL។

លោក​សុន ឆ័យ​ ​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ​ដែល​បាន​គាំទ្រ​សំណើ​របស់​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ទាំង​នោះ ​លើក​ឡើង​ថា​ ​ប្រទេស​ជា​ច្រើន​ដែល​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​គឺ​តែង​តែ​ដាក់​ការិយាល័យ​នៅ​តាម​ស្ថានទូត​ក្នុង​ប្រទេស​នីមួយៗ​ ​ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត។​ ​លោក​បន្ថែម​ថា​ ​គ.ជ.ប.ជាស្ថាប័ន​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​ស្នើ​ទៅ​រដ្ឋ​សភា​ដើម្បី​រៀបចំ​ឲ្យ​មាន​ទី​កន្លែង​សម្រាប់​ប្រជា​ពលរដ្ឋទៅ​ចុះ​ឈ្មោះ​ ​និងបោះឆ្នោត​នៅ​តាម​ស្ថានទូត​ ​និង​ស្ថាន​កុងស៊ុលក្រៅ​ប្រទេស។

លោក​សុន ឆ័យ​ ​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​បញ្ជាក់​ថា៖​

«កាល​ជជែក​ច្បាប់​ ​យើង​បាន​និយាយ​ច្បាស់​ណាស់។ ​ខាង​គណបក្ស​ប្រជាជន​លើក​ឡើង​ថា​ ​យើង​បារម្ភ​ពី​មធ្យោបាយ​ដែល​មិន​ទាន់​អាច​ធ្វើ​បាន​ ​ហើយ​យើង​សង្កេត​ឃើញ​ថា ពេល​នោះ​ក៏​មាន​ការ​ជជែក​ដែរ​ថា​ ​ទុក​ឲ្យ​ ​គ.ជ.ប.ជា​អ្នក​សម្រេច។​ ​ដូច្នេះ​កុំរុញ​ទៅ​រុញ​មក!​ ​អាហ្នឹង​ជា​ល្បែង​លេង​សើច​ហើយ​ ពី​ព្រោះ​ពល​រដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស​អ្នក​ដឹក​នាំ​របស់​គេ​ ​ហើយ​យើង​ជា​អ្នក​បំពេញ​កាតព្វ​កិច្ច​ហ្នឹង​ ​ត្រូវ​តែ​និយាយ​ឲ្យ​ច្បាប់​លាស់​ ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ»។​

រូបឯកសារ៖ ឯកឧត្តម សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សជំទាស់ កំពុងថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ ឯកឧត្តម សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សជំទាស់ កំពុងថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)

ស្របគ្នា​នោះ​ដែរ​ ​លោក​មឿន តុលា​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ ​ដែល​គាំទ្រ​ឲ្យ​ពលករ​អាច​ចុះ​ឈ្មោះ​ ​និង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស បានឱ្យ​ដឹង​ថា​ ​ពល​ករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ជាង​១​លាន​៧សែន​នាក់​ ​ប្រទេស​ម៉ាឡេស៊ី​មាន​ជាង​១០​ម៉ឺន​នាក់​ ​កូរ៉េ​ខាង​ត្បូង​មាន​ជាង​៥​ម៉ឺន​នាក់​ ​ជប៉ុន​មាន​ប្រមាណ​ជា​៣​ពាន់នាក់​ ​និង​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ទៀត។​

លោក​មឿន តុលា​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​ ​ក្នុង​ចំណោម​ពលករ​ដែលកំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាង​១​លាន​នាក់​ ​គឺ​មាន​តែ​ពលករ​ជាង​១​ម៉ឺន​នាក់​ប៉ុណ្ណោះ​ដែល​បាន​មក​បោះ​ឆ្នោត​ឃុំ-សង្កាត់​ កន្លង​ទៅ។ ការ​ខក​ខាន​ដែល​កម្មករ​ ​និង​ពលករ​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ ​មិន​បាន​ទៅ​បោះ​ឆ្នោត​នា​ពេល​នោះ​ ​គឺ​ដោយ​សារ​ក្រសួង​ការងារ​មិន​បាន​សម្រួល​ឲ្យ​ពួកគេ​បាន​ឈប់​សម្រាក​ ​ដូច​កាល​ពី​ការ​បោះ​ឆ្នោត​អាណត្តិ​មុនៗ។​

រូបឯកសារ៖ លោក​ មឿន តុលា​ នាយកប្រតិបត្តិ​នៃមជ្ឈមណ្ឌល​សម្ព័ន្ធការងារ​ និងសិទ្ធិមនុស្ស​ហៅកាត់​ថា​ (Central) (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ មឿន តុលា​ នាយកប្រតិបត្តិ​នៃមជ្ឈមណ្ឌល​សម្ព័ន្ធការងារ​ និងសិទ្ធិមនុស្ស​ហៅកាត់​ថា​ (Central) (ហ៊ុល រស្មី/VOA)

​តួលេខផ្លូវការ​ ដែលចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប.)​ ​ក្រោយ​ការ​ប្រកាស​លទ្ធផល​ឆ្នោត​ប៉ុន្មាន​ថ្ងៃ​នោះ​ ​បង្ហាញ​ថា​ ​ពលរដ្ឋ​ ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់គឺ​មាន​ចំនួន​ជាង​៧​លាន​នាក់​ ​ស្មើ​នឹង​៩០​ភាគរយនៃ​ចំនួន​ប្រជា​ពល​រដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​ជិត​៨​លាន​នាក់។​ ​ក្នុង​នោះ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង​៧​សែន​នាក់​មិន​បាន​ទៅ​បោះឆ្នោត​ទេ។​

ប្រទេស​កម្ពុជា​ ​និង​រៀបចំការ​បោះឆ្នោត​សំខាន់​មួយ​ទៀត​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨​ខាង​មុខ​ ​ដើម្បី​ជ្រើសតាំង​តំណាង​រាស្ត្រ​និង​គណបក្ស​គ្រប់​គ្រង​ប្រទេស។

ការ​ទទូច​របស់​ក្រុម​អង្គការ​សង្គមស៊ីវិល​ ​និង​គណ​បក្ស​ប្រឆាំង​នេះ​ធ្វើ​ឡើង​ស្របពេល​ដែល​គ.ជ.ប.​ប្រកាសចាប់​ផ្តើម​យុទ្ធនា​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​រយៈ​ពេល​៧០​ថ្ងៃ​ ​ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១​ ​ខែ​កញ្ញា​ដល់​ថ្ងៃ​ទី៩​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​នោះ។​

លោក​ឌី ភីរុណ​ ​អនុ​ប្រធាន​លេខាធិការ​ដ្ឋាន​នៃ​អគ្គ​លេខា​ធិការដ្ឋាន​គ.ជ.ប.ប្រាប់​អ្នក​សារព័ត៌មាន​ ក្រោយ​កិច្ច​ពិភាក្សា​តុមូល​នា​ព្រឹក​ថ្ងៃ​ពុធ​ថា​ ​លោក​នឹង​បញ្ជូន​សំណើ​គ្រប់​ចំណុច​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិលទៅ​គ.ជ.ប.ដើម្បី​ពិចារណា។​ ​ចំណែកសំណើ​ទាក់ទង​នឹងការ​រៀបចំ​កន្លែងនៅ​តាម​ស្ថានទូត​ ​និង​ស្ថាន​កុង​ស៊ុល​ឯ​បរទេស​ដើម្បី​ឲ្យ​ពលករ​អាច​ចុះ​ឈ្មោះ​ ​និង​បោះឆ្នោត​បាន​គឺ​ជា​សំណើ​ដែល​លើស​ពី​សមត្ថ​កិច្ច​របស់​គ.ជ.ប.។​

លោកឌី ភីរុណ​មាន​ប្រសាសន៍​ថា៖​

«កាល​ណា​ទិដ្ឋភាព​ច្បាប់​មិន​ចែង​គឺ​ គ.ជ.ប.អនុវត្ត​មិន​បាន។​ ​ប៉ុន្តែ​យ៉ាង​ណា​សំណើ​នេះ​ ​គ.ជ.ប.នឹង​ពិចារណា​ ​មានន័យ​ថា​ យើង​ដាក់​ទៅ​គ.ជ.ប.ពិចារណា។​ ​កម្រិត​របស់​គ.ជ.ប.ពិចារណា​ ​អាហ្នឹង​គឺ​អាស្រ័យ​លើ​ការ​សម្រេចរបស់​សមាសភាព​គ.ជ.ប.ទាំង​៩​រូប»។​

យ៉ាងណា​ក៏​ដោយ​ ​លោក​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​ ​ប្រាប់ ​VOA​ ​ថា​ ​គណ​បក្ស​កាន់​អំណាចមិន​អាច​ធ្វើ​តាម​សំណើ​របស់​ក្រុម​សង្គម​ស៊ីវិល​ ​និង​គណបក្ស​ប្រឆាំង​ទាំង​នោះ​បាន​ទេ​ ​ចំពោះ​ការ​ចុះ​ឈ្មោះ​ ​និងបង្កើត​ការិយាល័យ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​នោះ។​ ​លោក​បន្ថែម​ថា​ ​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​រៀបចំ​ឲ្យពលករ​ក្រៅ​ប្រទេសបាន​បោះ​ឆ្នោត​នៅ​ទី​នោះ​បាន​ក៏ដោយ​ ​ ​ក៏​ក្រុមអង្គការ​និង​គណបក្ស​ប្រឆាំង​ទាំងនោះនៅ​តែ​មិន​សុខ​ចិត្ត​ដដែល។​

លោកសុខ ឥសាន​មាន​ប្រសាសន៍​ថា៖​

«បើ​ចុះ​ឈ្មោះ​ ​ឬដាក់​ការិយាល័យ​បោះ​ឆ្នោត​នៅ​តាម​ស្ថានទូត​ ​ឬ​អគ្គកុងស៊ុល​អី​ផ្សេងៗ​ហ្នឹង​ ​ប្រាកដ​ជា​ចោទ​ថា​ មិន​អព្យាក្រឹត្យ​ ​មិន​ឯករាជ្យ​ទៀត​ហើយ! គឺ​ថា ​លម្អៀង​មក​ខាង​គណបក្ស​កាន់អំ​ណាច​ទៀត​ហើយ!​ ​អាហ្នឹង​ជា​បញ្ហា​មួយ​ដែល​យើង​ត្រូវ​កត់​សម្គាល់។​ ​អីចឹងទេ​ មិន​មែន​ធ្វើ​តម្រូវ​ចិត្ត​គាត់​ទេ។ ​ ​យើង​ធ្វើ​តាម​លទ្ធភាព​ជាក់​ស្តែង​របស់​យើង។​ ​ហើយ​ខ្ញុំ​ឯក​ភាព​តាម​គ.ជ.ប.ដែល​លើក​ឡើង​ថា​ឥឡូវ​យើង​មាន​ច្បាប់​ប៉ុណ្ណឹងគឺ​ថា ​យើង​អនុវត្ត​ប៉ុណ្ណឹង»។​

លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ (ខាន់​ សុគុំមនោ​/ VOA)
លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ (ខាន់​ សុគុំមនោ​/ VOA)

ក្រៅ​ពី​ការ​ស្នើឲ្យ​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​ និង​បោះឆ្នោត​ក្រៅ​ប្រទេស​ក្នុង​អនុសាសន៍​ទាំង​១២​ចំណុច​នោះ​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​គណបក្ស​នយោបាយ​ដែល​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​នៅ​ថ្ងៃ​ពុធ​នេះ​ក៏​ស្នើ​ឱ្យ​មាន​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​ដល់​គ្រប់​ភូមិ​ជន​បទ​នានា​ សម្រួល​ដល់​ជនពិការ​ ​និង​ជនចាស់​ជរា​ ​កំណត់​ពី​ជន​ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ដែល​បាត់​សិទ្ធិ​ ​និង​ដក​សិទ្ធិ​ ​ការ​ធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត​ ​និងស្នើ​ឱ្យ​គ.ជ.ប.ពិនិត្យ​ ​និង​ផ្ទៀងផ្ទាត់​ចំនួន​ស្ថិតិ​អ្នក​ចុះ​ឈ្មោះ​ប្រចាំ​ថ្ងៃ​ជា​ដើម៕

XS
SM
MD
LG