គជប​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​រក្សារ​សន្តិសុខ​សណ្តាប់​ធ្នាប់​និង​​បរិយាកាស​នយោបាយ​ល្អ​ពេល​បោះឆ្នោត​ខាង​មុខ

រូបភាព​ឯកសារ៖ ទីស្នាក់ការ​គណៈកម្មាធិការជាតិ​ រៀបចំ​ការ​បោះឆ្នោត​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​១៩​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

​ថ្មីៗ​នេះ​រដ្ឋាភិបាល​កម្ពុជា​​ទើប​តែ​ប្រកាស​ពីការ​ត្រៀម​កង​កម្លាំង​​​ជាង​៨ម៉ឺននាក់​ដោយ​ដាក់​ពង្រាយ​តាម​ការិយាល័យ​និង​តាម​តំបន់​ផ្សេងៗ​ដើ​ម្បី​ការពារ​សន្តិសុខ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់ជាតិ​នា​ពេល​ខាង​មុខ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​បាន​ដាក់​វិធានការ​៥ចំណុច​ ​ដើម្បី​ធានា​សន្តិសុខ​ ​សណ្តាប់​ធ្នាប់​ ​និង​ធានាបរិយាកាស​នយោបាយ​ល្អប្រកប​ដោយ​យុត្តិធម៌​ ​ក្នុង​ដំណើរ​ការរៀបចំ​ការ​បោះឆ្នោតជ្រើសតាំង​តំណាង​រាស្រ្ត​ នា​ចុង​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខ។

​បើតាម​សេចក្តី​ណែនាំ​របស់​ ​គ.ជ.ប​ ​ស្តីពី​កិច្ច​សហការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​សម្រាប់​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ ​នីតិកាល​ទី៦​ ​ចេញកាល​ពី​ថ្ងៃទី​១២​ ​ខែមេសា​ ​បញ្ជាក់​ថា​ ​គ.ជ.ប​ ​បាន​ដាក់​ចេញ​វិធានការ​៥​ចំណុច​ធំៗ​ ​ជំរុញ​ឲ្យ​គណៈ​បញ្ជាការ​ងារ​ឯកភាព​រដ្ឋបាល​រាជធានី-ខេត្ត​ ​ពិសេស​ស្នងការដ្ឋាន​នគរបាល​ ​រាជធានី-ខេត្ត​ ​អធិការដ្ឋាន​នគរបាល ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ធ្វើ​យ៉ាង​ណា​ធានា​សន្តិសុខ​ឲ្យ​បាន​ល្អ​ក្នុង​ដែនដី​របស់​ខ្លួន។

សេចក្តី​ណែនាំ​ដែលត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​បន្ថែម​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ ​ត្រូវ​តាមដាន​ត្រួត​ពិនិត្យ​សភាព​ការណ៍​ ​ស្នើ​សុំ​អន្ត​រាគមន៍​កម្លាំង​មាន​សមត្ថកិច្ច​បន្ថែម ក្នុង​ករណី​មាន​ការ​អុកឡុក​ ​គំរាម​កំហែង​ណាមួយ​ និង​ត្រូវ​រាយការណ៍​ជា​ប្រចាំ​ពី​ស្ថានភាព​សន្តិសុខ​ ​សុវត្ថិ​ភាព​ទៅ​អគ្គ​លេខាធិការដ្ឋាន​ ​គ.ជ.ប​ ​ដើម្បី​ទប់ស្កាត់​ ​និង​កាត់​បន្ថយ​រាល់​បាតុភាព​នានា​ដែល​អាច​កើត​មាន​ឡើង​ជា​យ​ថាហេតុ​ នៅ​គ្រប់​ដំណាក់​កាល​នៃ​ការ​រៀប​ចំ​ការបោះឆ្នោត​ខាងមុខ​នេះ។

សេច​ក្តី​ណែនាំ​របស់​ ​គ.ជ.ប​ ​ក្នុង​ចំណុច​ទី​២​ ​ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ត្រូវ​ពង្រឹង​កិច្ច​សហការ​ ​ចាត់​វិធានការ​ ​រក្សា​ការពារ​សន្តិសុខ​ ​សុវត្ថិភាព​ ​និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រប់​សកម្មភាព​របស់​ភ្នាក់ងារ​ ​និង​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត អ្នក​សង្កេត​ការណ៍​ជាតិ​ ​អន្តរជាតិ​ ​និង​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ទៅ​បោះឆ្នោត​ ​ដែល​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តំណាងរាស្រ្ត​ ​នីតិកាលទី​៦​ ​ឆ្នាំ​២០១៨​ ​ឲ្យបាន​មធ្យ័ត​បំផុត​តាម​សមត្ថកិច្ច​ដែន​ដី​របស់​ខ្លួន»។

ថ្មីៗ​នេះ​រដ្ឋាភិបាល​កម្ពុជាទើប​តែ​ប្រកាស​ពីការ​ត្រៀម​កង​កម្លាំង​ជាង​៨ម៉ឺននាក់​ ​ដោយ​ដាក់​ពង្រាយ​តាម​ការិយាល័យ​ ​និង​តាម​តំបន់​ផ្សេងៗ​ ​ដើ​ម្បី​ការពារ​សន្តិសុខ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់ជាតិ​នា​ពេល​ខាង​មុខ។​ ​កង​កម្លាំងនេះ​មាន​ចំនួន​ច្រើន​ជាង​កាល​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​ដែល​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្រ្គោះជាតិ​ ​កាលពី​ឆ្នាំ​២០១៧​ ​ដោយ​ពេល​នោះ​រដ្ឋាភិបាល​ដាក់​ពង្រាយ​កម្លាំងត្រឹម​តែ​ជាង​៥ម៉ឺន​នាក់​ប៉ុណ្ណោះ។

ការ​ប្រកាសពីវិធានការ​ធានា​សន្តិសុខ​ ​និង​ការ​ដាក់​ពង្រាយ​កម្លាំង​ការពារ​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​គណ​បក្ស​សង្គ្រោះជាតិ​ ​ដែល​មាន​អ្នក​បោះឆ្នោត​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​២០១៧​ ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀប​ចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​គេ​ឃើញ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ដូចជាសហ​រដ្ឋ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​ ​បាន​ប្រកាស​ដក​ខ្លួន​ឈប់​គាំទ្រ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា។​ ​ ​សហរដ្ឋ​អាមេរិកក៏បាន​ប្រកាស​ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​ជា​ច្រើន​មក​កម្ពុជា​ ​ដោយ​ថារដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ​និង​មិន​អើពើ​ជុំវិញ​ការ​ទទូច​ឲ្យ​មាន​ការ​ស្ដារ​លទ្ធិ​ប្រជាធិប​តេយ្យ​ឡើង​វិញ។​ ​ចំណែក​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ចំនួន​នៅ​កម្ពុជា​បាន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចូលរួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​ ​ដោយ​ពួកគេ​លើក​ឡើង​ថា​ ​ការ​សម្រេច​ចិត្ត​ថានឹង​ចូល​រួម​ឃ្លាំមើល​ការ​បោះឆ្នោត​ ​ឬ​អត់​ ​នឹង​ត្រូវ​ធ្វើឡើង​បន្ទាប់​ពី​ការ​ចុះបញ្ជីគណ​បក្ស​នយោបាយ​នៅ​ត្រឹម​ពាក់​កណ្តាល​ខែ​ឧសភា​ ​ខាង​មុខ។

​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​ប្រឆាំងដែលកំពុង​និរទេស​ខ្លួន​រស់នៅ​ឯបរទេស​ ​បាន​អំពាវនាវ​ជាបន្ត​បន្ទាប់​ ​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរធ្វើ​ពហិការ​កុំ​ចូលរួម​ការ​បោះ​ឆ្នោតជាតិ​នៅ​ពេល​ខាង​មុខ​ ប្រសិន​បើ​មិន​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិ។

ទោះ​យ៉ាង​ណា​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​អះអាង​ជា​ច្រើន​ដង​ថា​ ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​អាណត្តិ​ទី​៦​ ​នៅ​ថ្ងៃទី​២៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ ​ខាង​មុខ​ ​នឹង​នៅតែ​ប្រព្រឹត្ត​ទៅ​តាម​ការគ្រោង​ទុក​ បើ​ទោះ​បីមិនមាន​អ្នក​សង្កេត​ការណ៍​ ​មិន​មាន​គណ​បក្ស​ប្រឆាំង​ចូល​រួម​ ​ឬ​មិនមាន​ការ​ទទួល​ស្គាល់​ពី​ក្រុម​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួនក៏​ដោយ៕