អង្គការ RSF ថា ជិត​ពាក់កណ្តាល​នៃ​រដ្ឋ​ជា​សមាជិក​អ.ស.ប.​រួមទាំង​កម្ពុជា រំលោភ​សិទ្ធិ​រាយការណ៍​ព័ត៌មាន​អំពី​ជំងឺ​កូវីដ១៩

រូបឯកសារ៖ ទិដ្ឋភាព​​នៃ​ក្រុមអ្នកសារព័ត៌មាន កំពុងបំពេញភារកិច្ច​​របស់​ពួកគេ នៅ​រសៀលថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (វីអូអេ)

ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុងចំណោម​ប្រទេស​ដែល​ត្រូវ​បាន​រក​ឃើញ​ថា បាន​រំលោភ​សិទ្ធិ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​ធ្វើ​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

៤៧%​នៃ​ប្រទេស​ជា​សមាជិកទាំង​ចំនួន​១៩៣​ របស់​អង្គការ​សហប្រជាជាតិ​ រួម​ទាំង​កម្ពុជា​ផង​ដែរ ​ត្រូវ​បាន​រក​ឃើញ​ថា​ បាន​រំលោភ​សិទ្ធិ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​ធ្វើ​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​ អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ឃ្លាំ​មើល​របស់​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន ​(Reporters Without Borders) ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

អង្គការ​ឃ្លាំមើល​សេរីភាព​សារព័ត៌មានអន្តរជាតិ​នេះ​ ដែល​មាន​ទីស្នាក់ការ​ធំក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ បាន​លើក​ឡើង​ថា ​ក្នុង​តំបន់​អាស៊ី​ប៉ាហ្វ្រិក​ និង​តំបន់​អាស៊ី​កណ្តាល ​អង្គការ​បាន​កត់​ត្រា​ករណី​រំលោភ​បំពាន​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ចំនួន​២៧។​

ការ​រំលោភ​បំពាន​សេរីភាព​សារព័ត៌មាន​ទាំង​នោះរួម​មាន ​ការ​វាយ​ប្រហារ​ទៅ​លើ​អ្នក​សារ​ព័ត៌មាន​ ក្នុង​អំឡុង​ពេល​រាយ​ការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ និងការ​ចាប់ខ្លួន​អ្នក​កាសែត​ដោយ​ប្រើ​ច្បាប់​ស្តីពី​កូវីដ​១៩​ ជាដើម។​

អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​បាន​សរសេរ​ថា៖​ «ប្រទេស​ជាច្រើន​ដូចជា​កម្ពុជា ​មីយ៉ាន់ម៉ា​ ស៊ែប៊ី ​និង​តួកគី​ជាដើម ​មិនត្រូវ​ការ​ច្បាប់​បែប​នេះ​ផង ដើម្បីចាប់​អ្នក​កាសែត​ដាក់​គុក ដោយ​សារ​តែ​អត្ថបទ​សារ​ព័ត៌មាន​តែ​មួយ​គត់​អំពី​ជំងឺ​កូវីដ១៩»។​

កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​មេសា​ ​ឆ្នាំ​២០២០​ លោក ​សុវណ្ណ រិទ្ធី ​ម្ចាស់​គេហទំព័រ ​TVFB ដ៏​មាន​ប្រជា​ប្រិយភាព​មួយ ​ត្រូវ​បានអាជ្ញាធរ​ចាប់​ខ្លួន​ ហើយ​អាជ្ញា​បណ្ណ​សារ​ព័ត៌មាន​របស់​លោក​ ក៏​ត្រូវ​បាន​លុប​ចោល ​បន្ទាប់​ពី​លោក​បាន​ផ្សាយ​ព័ត៌មាន​តាម​ទំព័រ​ហ្វេសប៊ុក​ដោយដកស្រង់​សម្តី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​បាន​ថ្លែង​ជា​សាធារណៈ​អំពី​វិធាន​ការ​របស់​រដ្ឋាភិបាល ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូវីដ១៩។

យ៉ាង​ហោច​ណាស់ ​មាន​អ្នក​សារ​ព័ត៌មាន​ជាង១០ នាក់​ ត្រូវ​បាន​អាជ្ញាធរ​កោះ​ហៅ​ និង​សាកសួរ​នៅ​ត្រឹម​ដើម​ឆ្នាំ​២០២០​នេះ ​ដោយ​សារ​ការ​រាយ​ការណ៍​ព័ត៌មាន​របស់​ពួក​គេ។​ នេះ​បើ​ផ្អែក​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​អង្គការ​ឃ្លាំមើល​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា។​

ប៉ុន្តែ​អាជ្ញាធរ​កន្លង​មក​ ធ្លាប់​អះអាង​ថា ​ការ​ចាប់​ខ្លួន​អ្នក​កាសែតទាំង​នោះ ​គឺ​ដោយសារ​ពួកគេ​ពុំ​បាន​ធ្វើ​ទៅ​តាម​តួនាទី​ និង​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ។​

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ​បាន​ចាត់​ចំណាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា ​ស្ថិត​ក្នុង​លេខ​រៀង​ទី​១៤៤ ​លើ​១៨០ ទូទាំង​ពិភព​លោក​ក្នុង​ឆ្នាំ ​២០២០​ នេះ៕