ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ឃុំ​ខ្លួន​ម្ចាស់​ស្ថានីយ​វិទ្យុ​រិទ្ធិសែន​កំពង់​ឆ្នាំង ក្រោម​បទ​ចោទ​ញុះញង់


លោក សុខ ឧត្តម ម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន ដែលត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន (រូបថតពីហ្វេសប៊ុករបស់លោក)

លោក សុខ ឧត្តម ដែល​ជា​ម្ចាស់​ស្ថានីយ​វិទ្យុ​រិទ្ធិសែន និង​ជា​អ្នក​សារព័ត៌មាន​ម្នាក់​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ។

លោក សុខ ឧត្តម ដែល​មាន​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ«ស្ថានីយ​ព័ត៌មានវិទ្យុរិទ្ធិសែន» ត្រូវ​បាន​ឃាត់​ខ្លួនកាល​ពី​ថ្ងៃ​ពុធ មក​សាកសួរពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់ ​«រាយការណ៍​បែប​ញុះញង់» ឲ្យ​ប្រជាពលរដ្ឋ​កាន់​កាប់​ដី​រដ្ឋក្នុង​ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង។ ការ​ឃាត់​ខ្លួន​សាកសួរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួងព័ត៌មាន​បាន​សម្រេច​លុប​ចោល​អាជ្ញាបណ្ណ​របស់​វិទ្យុ​នេះ និង​អាជ្ញាបណ្ណ​គេហទំព័រ​របស់​វិទ្យុនេះ​ផង​ដែរ។

ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត​កំពង់​ឆ្នាំង លោក ឡុង ស៊ីថា ដែល​កាន់​សំណុំ​រឿង​នេះ មាន​ប្រសាសន៍​ថា លោក​បាន​ចោទ​ប្រកាន់​លោក សុខ ឧត្តម ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ តាម​ក្រម​ព្រហ្មទណ្ឌ​ត្រង់​មាត្រា​៤៩៥ ដែល​អាច​ជាប់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ ប្រសិន​បើ​រក​ឃើញ​កំហុស។ លោក​បដិសេធ​មិន​បក​ស្រាយ​បន្ថែម ដោយ​ស្នើ​ឲ្យ​សួរ​អ្នកនាំពាក្យ​របស់​តុលាការ​វិញ។

អ្នកនាំពាក្យ​របស់​តុលាការ​ខេត្ត​កំពង់ឆ្នាំង លោក ឈួន ស៊ីវិន បាន​ថ្លែង​ប្រាប់​ VOA​ ថា តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​លោក សុខ ឧត្តម នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ តាម​ការ​ចោទ​ប្រកាន់​របស់​ព្រះរាជអាជ្ញា។ លោក​បញ្ជាក់​ថា លោក សុខ ឧត្តម ត្រូវ​បាន​ចោទ​ប្រកាន់ក្នុង​សំណុំ​រឿង​ដី​ធ្លី​មួយ ដែល​មាន​ការ​ចោទ​ថា​រូប​លោក​ជា​អ្នក​បំផុស​ប្រជាពលរដ្ឋ​យ៉ាង​តិច​៨​នាក់ឲ្យ​កាន់​កាប់​ដី​រដ្ឋ និង​ដី​យោធា។

លោក​មាន​ប្រសាសន៍​ថា៖ «បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ហ្នឹង​ឲ្យ​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​យក​ដី​ទាហាន និង​ដី​រដ្ឋ​ឲ្យ​មក​ធ្វើ​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​វិញ»។

ស្នងការ​នគរបាល​ខេត្ត​កំពង់​ឆ្នាំង លោក ខូវ លី បាន​ថ្លែង​ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក សុខ ឧត្តម ត្រូវ​បាន​ឃាត់​ខ្លួន ក្រោម​ការ​ចោទ​ប្រកាន់​ថាបាន​ផ្សព្វផ្សាយព័ត៌មាន​ដែល​លោក​ថា​ «ញុះញង់»​ ឲ្យ​ប្រជាពលរដ្ឋ​កាន់​កាប់​ដី​នៅ​តំបន់ជម្រក​សត្វ​ព្រៃ​ឱរ៉ាល់ ក្នុង​ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង។

ក្រសួងព័ត៌មាន​បានសម្រេច​លុប​ចោល​ប្រកាស​ដែល​អនុញ្ញាត​ឲ្យ​លោក សុខ ឧត្តម បើក​ស្ថានីយវិទ្យុ ​FM99.75MHz នៅ​ខេត្ត​កំពង់ឆ្នាំង​ និង​គេហ​ទំព័រ​ឈ្មោះ​ «រិទ្ធិសែន»ដោយ​អះអាង​ថា​ម្ចាស់​អាជ្ញាបណ្ណ​សារព័ត៌មាន​មួយ​នេះ​«បានផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​ការពិត ញុះញង់​ឲ្យកើត​មាន​អំពើ​ហិង្សា បង្ក​ការរើសអើង​ពូជ​សាសន៍ បង្ក​អសន្តិសុខ និង​ចលាចល​សង្គម ដែល​ជា​ការរលោភ​បំពាន​លើ​វិជ្ជាជីវៈ និង​កិច្ច​សន្យា​ដែល​សាមី​ខ្លួន​បាន​តម្កល់​ទុក​នៅ​ក្រសួងព័ត៌មាន»។

ភរិយា​របស់​លោក សុខ ឧត្តម អ្នកស្រី នុត សុវន្ធូរ អាយុ​៣៦​ឆ្នាំ ដែល​មាន​កូន​តូច​៣នាក់ មាន​ប្រសាសន៍​ថា​ការ​ចាប់​ខ្លួន​ស្វាមីរបស់អ្នកស្រី ជា​រឿង​អយុត្តិធម៌ ដោយ​អ្នកស្រី​ថា​ប្រជាពលរដ្ឋ​បាន​ហៅ​ប្តី​អ្នកស្រី​ឲ្យ​ទៅ​ជួយ​ផ្សព្វផ្សាយ​ជម្លោះ​ដី​ធ្លី​តែ​ប៉ុណ្ណោះ។ តែ​ស្វាមី​ត្រូវ​បាន​ប្តឹង​ដោយ​មន្រ្តី​យោធា​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ដី​ធ្លី​នោះ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ប្រជាពលរដ្ឋ​ហៅ​ទៅ​តាម​អ្នក​សារព័ត៌មាន ដែល​អ្នក​បបួល​គាត់​ទៅ មិន​គាត់​អ្នក​ផ្តួច​ផ្តើម​ទេ។ ចុះ​ហេតុ​អ្វី​មក​ប្តឹង​គាត់ ហេតុ​អី​មក​ចាប់​គាត់។ ហើយ​មួយ​ទៀត បើ​សិន​ជា​គាត់​ផ្សាយ​ខុស ចុះ​អង្គភាព​ដែល​ប៉ះពាល់​ហ្នឹង​ មិន​ព្រម​ស្នើ​ឲ្យ​គាត់​ធ្វើ​ការ​បក​ស្រាយ​វិញ​ទៅ ហេតុ​អី​ក៏​ចាប់​ឆៅៗ​តែ​ម្តង។ បង​គិត​មើល​ផ្សាយ​ថ្ងៃ​ទី​១២ ចាប់​ថ្ងៃ​ទី​១៣»។

អ្នកស្រី​បន្ត​ថា ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ ហើយ​អ្នកស្រី និង​ស្វាមីគិត​ស្មាន​ថា​ហៅ​ទៅ​សាក​សួរ​រឿងដក​អាជ្ញា​បណ្ណ​វិទ្យុ​ដែល​តែង​តែ​ផ្សាយ​ចាប់​ពី​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​១១​យប់ ហើយ​អ្នកស្រី​អាច​រក​ចំណូលបន្តិច​បន្តួច​ពី​ពាណិជ្ជកម្ម។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «វា​អយុត្តិធម៌​លើស​ពី​អយុត្តិធម៌​ហើយប​ង។ ប្តី​ខ្ញុំ គាត់​ធ្វើ​ព័ត៌មាន​តាំង​ពី​ដើម​មក គាត់​ជួយ​តែ​ប្រជារាស្រ្ត​ទេ​បង។ អ្នក​កំពង់​ឆ្នាំង​ប្រជារាស្រ្ត គាត់​ជួយ​បាន​ច្រើន​នាក់​ណាស់​។ គាត់​ផ្សាយ​ព័ត៌មាន​ទៅ​ដឹង​ដល់​ថ្នាក់​ដឹកនាំ គេ​ចុះ​មក​ជួយ​ដោះ​ស្រាយ​ប្រជាពលរដ្ឋ​បាន​សុខសាន្ត​វិញ​ទៅ»។ អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា រាល់​ការ​ផ្សាយ​អត្ថបទ​កន្លង​មក ស្វាមី​របស់​អ្នកស្រី លោក សុខ ឧត្តម មាន​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការ​ផ្សព្វផ្សាយ។

មន្រ្តី​សម្រប​សម្រួល​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា​បទ​ញុះញង់​តែ​ងត្រូវ​បាន​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​អ្នក​រិះគន់ និងអ្នកចេញមុខ​តវ៉ា​ក្នុង​ករណី​អយុត្តិធម៌។ លោក​បន្ថែម​ថា​ នេះ​ជា​សេរីភាព​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន មិន​មែន​ជា​ការ​ញុះញង់​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «សេរីភាព​របស់​គាត់ គឺ​ធ្វើ​ការ​ផ្សាយ ឲ្យ​អ្នក​ដទៃ​បាន​ដឹង ដឹង​ឮ​អំពី​ហេតុ​ការ​ណ៍​កើត​ឡើង មិន​មែន​ចាត់​ទុក​ជា​ការ​ញុះ​ញង់​ទេ ដែល​គាត់​ទៅ​ផ្សាយ ទៅ​យក​ព័ត៌មាន ហើយ​យក​មក​ផ្សាយ ឲ្យ​មហា​ជន​បាន​ដឹង»។

បើ​តាម​លោក សំ ច័ន្ទ​គា កន្លង​ទៅ លោក សុខ ឧត្តម តែ​ងតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សាធារណៈ និង​ការ​រំលោភ​បំពាន​របស់​អ្នក​មាន​អំណាច។ លោក​ថា​ ចុង​ក្រោយ​នេះ លោក សុខ ឧត្តម ​បាន​រិះគន់​ខ្លាំង​ៗ​ទៅ​លើ​មន្រ្តី​យោធា​ផ្កាយ​ពីរ​ម្នាក់​នៅ​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​មួយ។

គួរ​បញ្ជាក់​ថា កាលពី​ខែ​មេសា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បានសម្រេចលុប​ចោល​អាជ្ញាបណ្ណ​ដែល​ផ្តល់​ឲ្យ​លោក សុវណ្ណ សុខា ឪ​ពុក​របស់​លោក សុវណ្ណ រិទ្ធី បើកដំណើរ​ការផ្សាយ​គេហទំព័រ www.tvfb.com.kh និង​គេហ​ទំព័រ www.tvfb.news ក្រោម​ហេតុ​ផល​ថា «ម្ចាស់អាជ្ញាបណ្ណ​បានផ្សព្វផ្សាយ​ព័ត៌មាន​ដែលមាន​ចរិត​ញុះញង់​បង្ក​ឲ្យ​ប៉ះ​ពាល់​ដល់សន្តិសុខ​សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម»។ ការ​ដក​អាជ្ញាបណ្ណ​ពេល​នោះ ធ្វើ​ឡើង​ក្រោយ​ពី​លោក សុវណ្ណ រិទ្ធី ដែលជា​និពន្ធ​នាយក TVFB ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​ដោយ​ដក​ស្រង់​សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG