ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អ.ស.ប.​ភ្ញាក់ផ្អើល​នឹង​ការ​បង្ក្រាប​លើ​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​ចំនួន​១២​រួម​ទាំង​កម្ពុជា


រូបឯកសារ៖ ឧត្ដមស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អ្នកស្រី Michelle Bachelet ថ្លែង​សុន្ទរកថា​នៅក្នុង​វេទិកា​ស្តីពី​ស្ត្រី​ដែល​មាន​ដើមកំណើត​អាហ្វ្រិក​នៅ​ទីក្រុង San Jose កាលពី​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩។

ឧត្តម​ស្នងការ​អ.ស.ប.​ផ្នែក​សិទ្ធិ​មនុស្ស​ភ្ញាក់ផ្អើល​នឹង​ការ​បង្ក្រាប​លើ​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​ចំនួន​១២​រួម​ទាំង​កម្ពុជា ដោយ​សារអ្វី​ដែល​អាជ្ញាធរ​ហៅថា ​​«ព័ត៌មាន​ក្លែងក្លាយ» ឬ​«ព័ត៌មាន​មិន​ពិត»​និង​«ញុះញង់​ឱ្យប្រព្រឹត្តបទ​ឧក្រិដ្ឋ» ​ហើយ​នឹង​«រៀបចំ​ផែន​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល»​ជាដើម។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​(អ.ស.ប)​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​គឺ​អ្នកស្រី មីស្សែល បាស្សេឡេត ​(Michelle Bachelet) នៅ​ថ្ងៃ​ពុធ​នេះ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​បង្ក្រាប​លើ​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​ចំនួន១២​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វ្រិក​រួម​ទាំង​កម្ពុជា​ផង ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣​ខែ​មិថុនា​នេះ បាន​បញ្ជាក់​ថា​ ​នៅ​កម្ពុជា​មាន​ករណី​ចាប់​ខ្លួន​បុគ្គល​ចំនួន​៣០​នាក់ រួម​ទាំង​ស្ត្រី​៦​នាក់ ​និង​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ដែរ ដោយ​សារ​តែ​ការ​និយាយ​ជា​សាធារណៈ និង​ការ​បង្ហោះ​សារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាក់​ទង​នឹង​ជំងឺ​កូវីដ១៩។​

បុគ្គល​មួយ​ចំនួន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចែកចាយ​ «ព័ត៌មាន​ក្លែងក្លាយ» ឬ​«ព័ត៌មាន​មិន​ពិត»​ និង​ពី​បទ​ «ញុះញង់​ឱ្យប្រព្រឹត្តបទ​ឧក្រិដ្ឋ» ​ហើយ​និង​បទ «រៀបចំ​ផែន​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល»​ ជាដើម។​

បច្ចុប្បន្ន មនុស្ស​១៤​នាក់​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង ដែល​ក្នុង​នោះ​១០​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ ​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជារំលាយ​កាល​ពី​ឆ្នាំ​២០១៧។​

អ្នកស្រី​ មីស្សែល បាស្សេឡេត ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា​ ​វិធានការ​ណា​មួយ​ដើម្បី​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ត្រូវ​តែ​មាន​លក្ខណៈ​«សមាមាត្រ»។​

ប្រទេស​១​១​ទៀត​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វ្រិក​ដែល​មាន​ការ​បង្ក្រាប​លើ​សិទ្ធិ​បញ្ចេញ​មតិ​នេះ​រួមមាន បង់ក្លាដេស ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន នេប៉ាល់ ស្រីលង្កា ថៃ ​និង​វៀតណាម៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG