មនុស្ស​ជិត​៦​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​បាន​ឆ្លង​​កូវីដ១៩

ក្រុម​បុគ្គលិក​ពេទ្យ​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ការពារ​ខ្លួន​កំពុង​យក​សំណាក​ពី​អ្នកដំណើរ​ដើម្បី​តេស្ត​រក​មេរោគ​កូរ៉ូណា​ នៅ​មជ្ឈមណ្ឌល​តេស្ត​ ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​២៩ ឧសភា ២០២០។

​មាន​មនុស្ស​ជាង​៥,៨​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​បាន​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ ដោយ​មាន​អ្នក​ស្លាប់​ពី​ជំងឺ​កូវីដ​១៩​បាន​កើន​ឡើង​ដល់​ជាង​៣៦០.០០០​នាក់ គិត​ត្រឹម​ថ្ងៃ​សុក្រ​នៅ​ចុង​សប្តាហ៍​នេះ។​

ប្រទេស​មួយ​ចំនួន​ចាប់​ផ្តើម​បន្ធូរ​បន្ថយ​ខ្លះ​នូវវិធានការ​រឹតត្បិត​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម​ដែល​ត្រូវ​បាន​ដាក់​ដើម្បីទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ដ៏​ប្រល័យ​នេះ ខណៈ​ដែល​ចំនួន​នៃ​ករណី​ឆ្លង​វីរុស​នេះបាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅប្រទេស​ខ្លះ​ទៀត។

នៅ​ពេល​នេះ​ ទ្វីប​អាមេរិក​ខាង​ជើង​និង​ខាង​ត្បូង​បានក្លាយ​ជាតំបន់​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ១៩​ខ្លាំង​ជាង​គេ​ក្នុង​ពិភពលោក។ នៅ​សហរដ្ឋ​អាមេរិក ចំនួន​អ្នក​ឆ្លង​វីរុសកូវ៉ូណា​បាន​កើន​លើស​១,៧លាន​នាក់ ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក។ ប្រទេស​ប្រេស៊ីល​នៅ​អាមេរិក​ខាង​ត្បូងមាន​ចំនួន​ឆ្លង​ច្រើន​ជាង​គេ​ទី​២ ដែល​បាន​កើន​លើស៤៣៨.០០០​ករណី។​

អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​លោក ​Antonio Guterres​ បាន​ព្រមានក្នុង​សប្តាហ៍​នេះ​ថា​ជំងឺ​រាតត្បាត​ជា​សាកល​នេះអាច​បង្ក​នូវ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរដូច​ជា​គ្រោះ​អត់ឃ្លាន​និង​ភាព​អត់ការងារ​ធ្វើ​ច្រើន​លើស​លុប ប្រសិន​បើ​រដ្ឋាភិបាល​នានា​មិន​ប្រញាប់ប្រញាល់​ចាត់​វិធានការ​ពី​ពេល​នេះ​ទេ។

លោក​ថា ប្រទេស​អ្នក​មានមាន​លទ្ធភាព​ប្រកាស​ពី​កញ្ចប់ថវិកា​ជំនួយ​ពិសេស​សម្រាប់​ពលរដ្ឋ​និង​សេដ្ឋកិច្ច​របស់​ពួក​គេ ប៉ុន្តែ​លោក​ថា​លោក​មិន​ទាន់​ឃើញ​ប្រទេស​អ្នក​មាន​ស្រុះ​គ្នា​ជួយកំពុង​អភិវឌ្ឍ​ដើម្បី​ជួយប្រទេស​ក្រីក្រដែល​កំពុង​ត្រូវការ​ជំនួយ​ចាំ​បាច់​ដើម្បី​ដោះស្រាយ​វិបត្តិ​ធ្ងន់ធ្ងរ​ទាំង​នេះ៕