ក្រសួងការងារសហរដ្ឋអាមេរិករាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា មានពលរដ្ឋអាមេរិកជិត ១,៥លាននាក់បានដាក់ពាក្យសុំជំនួយរដ្ឋពេលអត់ការងារធ្វើកាលពីសប្តាហ៍មុន ដែលជាចំនួនធ្លាក់ចុះជាប់គ្នា១៤សប្តាហ៍មកហើយក្នុងអំឡុងវិបត្តិកូវីដ១៩។
ចំនួនអ្នកបាត់បង់ការងារថ្មីនេះ ធ្វើឲ្យចំនួនសរុបតាំងពីមានវិបត្តិកូវីដ១៩នៅសហរដ្ឋអាមេរិកកាលពីពាក់កណ្តាលខែមីនាមក បានកើនដល់ចំនួនសរុប ៤៧ លាននាក់ ឬ ស្មើនឹងជាង ១ភាគ៤ នៃពលរដ្ឋអាមេរិកពេញវ័យធ្វើការសរុប ១៦៤ លាននាក់។
ប៉ុន្តែ ចំនួនសរុបនៃអ្នកបាត់ការងារ៤៧លាននាក់នេះនៅតែជាចំនួនដ៏ខ្ពស់សម្រាប់ប្រទេសអាមេរិកដែលមានសេដ្ឋកិច្ចដ៏ធំជាងគេរបស់ពិភពលោកនេះ។ ទោះបីអាជីវកម្មនៅតាមរដ្ឋនានាបានបើកខ្លះវិញក៏ដោយក៏អាជីវកម្មជាច្រើននៅតែបញ្ឈប់ការងារបុគ្គលិក។ អាជីវកម្មខ្លះបានបិទទ្វារជាថ្មីខណៈអត្រាឆ្លងថ្មីកើនឡើងនៅរដ្ឋ California, Texas and Florida។
មន្ត្រីអាមេរិកបានទស្សន៍ទាយថា ការរើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិកពីវិបត្តិកូវីដ១៩ នឹងត្រូវការពេលយូរ គឺរហូតដល់ឆ្នាំ២០២១៕