វេជ្ជបណ្ឌិត​ផ្ទាល់​ខ្លួន​សម្រាប់​មេដឹកនាំ​ប្រឆាំង​នៅ​រុស្ស៊ី​និយាយ​ថា​ លោក​ Aleksei Navalny អាច​ត្រូវ​គេ​បំពុល​ដោយ​ជាតិ​គីមី​

អ្នក​កាសែត​នៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​មន្ទីរពេទ្យ​មួយ​ ទី​ដែល​លោក Aleksei​Navalny មេដឹកនាំ​ប្រឆាំងនៅ​រុស្ស៊ីសម្រាក​ព្យាបាល នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។

វេជ្ជបណ្ឌិត​ផ្ទាល់ខ្លួន​សម្រាប់​លោក Aleksei Navalny ​មេដឹកនាំ​ប្រឆាំង​នៅ​រុស្ស៊ីនិយាយ​ថា​ លោក​ Navalny អាច​ត្រូវ​គេ​បំពុល​ដោយ​ជាតិគីមី។

លោកស្រី ​Anastassia Vassilieva ​បាន​និយាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា ​«យើង​មិន​អាច​បដិសេធ​បាន​ទេ​ថា ​ស្បែក​របស់​គាត់​ត្រូវ​បាន​ប៉ះពាល់​នឹង​ជាតិពុល ​ហើយ​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​ធាតុគីមី»។

លោក​ Navalny ​កំពុង​ជាប់​ពន្ធនាគារ​រយៈពេល​៣០​ថ្ងៃនៅ​ពេល​ដែល​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ បន្ទាប់​ពី​ទទួលរង​នូវ​អ្វីដែល​អាជ្ញាធរ​បាន​និយាយ​ថា​ជា​ «ប្រតិកម្ម​ (អាឡាក់ហ្ស៊ី)ធ្ងន់ធ្ងរ»។ ​លោកស្រី Kira Yarmyush អ្នក​នាំ​ពាក្យ​របស់ លោក​ Navalny បាន​និយាយថា ​«ឥស្សរជនប្រឆាំង​វិមាន​ក្រឹមឡាំង​ដែល​ទៅ​ដល់​មន្ទីរពេទ្យ​ ខ្លះ​ហើម​មុខ​ និង​ស្បែក​ឡើង​ក្រហម​ខ្លាំង»។ ​អ្នកស្រី​បានបន្ថែមទៀតថា ​លោក​ Navalny ​មិន​ដែល​មាន​ប្រតិកម្ម​បែប​នេះ​ពី​មុន​មក​ទេ។ ​

លោក ​Leonid Volkov ​ដែល​ជា​ជំនួយការ​កំពូល​របស់​លោក​ Navalny ​បាន​សរសេរ​ថា​ គាត់​មាន​ប្រតិកម្ម​ស្រដៀង​គ្នា​នេះ​ដែរ បន្ទាប់ពី​គាត់​ត្រូវ​បាន​ឃុំឃាំង​នៅ​ក្នុង​បន្ទប់តែ​មួយ​ជាមួយ​លោក​ Navalny ​កាលពី​ខែ​មុន។​ លោក​បាន​អំពាវ​នាវ​ឱ្យ​មាន​ «ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់» ​នៃ​បទដ្ឋាន​អនាម័យ​នៅ​មណ្ឌល​ឃុំឃាំង។ កាលពី​ថ្ងៃ​ច័ន្ទ​ អ្នក​តំណាង​មន្ទីរពេទ្យ​ដែល​លោក​ Navalny ​ត្រូវ​បាន​ព្យាបាល ​បាន​ប្រាប់​ភ្នាក់ងារ​សារ​ព័ត៌មាន​លោក​ខាង​លិច​ថា ​គាត់​ស្ថិត​ក្នុងស្ថាន​ភាព​គួរ​ឱ្យ​ធូរ​ចិត្ត។ ​លោក​ Navalny ​ត្រូវ​បាន​កាត់ទោស​ឱ្យជាប់​ពន្ធនាគារ​ប្រហែល​ជា​១២​ដង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ហើយ​បាន​ជាប់​ពន្ធនាគារ​សរុប​ជាង​២០០​ថ្ងៃ៕