លោក Alexei Navalny អ្នកនយោបាយខាងគណបក្សប្រឆាំងរបស់រុស្ស៊ីកំពុងតែអំពាវនាវឲ្យ ប្រជាពលរដ្ឋធ្វើពហិការទៅលើការបោះឆ្នោតប្រធានាធិបតីលើកក្រោយនេះ បន្ទាប់ពីមន្ត្រីរៀបចំការបោះឆ្នោតបានហាមឃាត់លោកមិនឲ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិរុស្ស៊ីដែលហៅកាត់ថា CEC បានបោះឆ្នោតកាលពីថ្ងៃចន្ទ ហាមឃាត់មិនឲ្យលោក Navalny ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅក្នុងការបោះឆ្នោតនៅខែមីនា ឆ្នាំ២០១៨ ខាងមុខនេះទេ ដោយសារតែលោករងការផ្ដន្ទាទោសពីបទឧក្រិដ្ឋ ដែលអ្នកសរសេរប្លុកប្រឆាំងនឹងអំពើពុករលួយនិងអ្នកគាំទ្ររបស់លោកនិយាយថា ការចោទប្រកាន់នោះមានលក្ខណៈនយោបាយ។
ការសម្រេចរបស់គណៈកម្មាធិការនេះត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក Navalny ប្រកាសថា លោកទទួលបានការគាំទ្រគ្រប់គ្រាន់នៅទូទាំងប្រទេស ដើម្បីក្លាយជាបេក្ខជនឈរឈ្មោះប្រធានាធិបតីបាន។
ក្រោយពីការសម្រេចរបស់ CEC កាលពីថ្ងៃចន្ទ លោក Navalny បានចេញវីដេអូមួយ អំពាវនាវឲ្យអ្នកគាំទ្រលោកធ្វើពហិការមិនចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីនោះទេ។
លោក Navalny និយាយថា ក្រុមការងាររបស់លោកឥឡូវនេះនឹងធ្វើយុទ្ធនាការប្រឆាំងនឹងការចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយនិយាយថា ការបោះឆ្នោតមួយសន្លឹកនឹងមានន័យថា ជាបោះឆ្នោតឲ្យការឆបោកនិងអំពើពុករលួយ៕