ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Navalny ដែល​ជា​អ្នក​រិះគន់​លោក Putin នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​រុស្ស៊ី


លោក Alexei Navalny មេដឹកនាំ​ក្រុម​ប្រឆាំង​រុស្ស៊ី (រូប​ស្តាំ) និង​ភរិយា​របស់​លោក​គឺ​លោកស្រី Yulia សាទរ​នូវ​ជ័យជម្នះ​របស់​លោក​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​តែងតាំង​លោក​ជា​បេក្ខជន​ប្រធានាធិបតី​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។
លោក Alexei Navalny មេដឹកនាំ​ក្រុម​ប្រឆាំង​រុស្ស៊ី (រូប​ស្តាំ) និង​ភរិយា​របស់​លោក​គឺ​លោកស្រី Yulia សាទរ​នូវ​ជ័យជម្នះ​របស់​លោក​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​តែងតាំង​លោក​ជា​បេក្ខជន​ប្រធានាធិបតី​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។

លោក Alexei Navalny ដែល​ជា​មេដឹកនាំ​ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស រុស្ស៊ី និយាយ​ថា លោក​បាន​ទទួល​ជ័យជម្នះ​នៅ​ក្នុង​វគ្គ​ដំបូង ដែល​ចាំបាច់​សម្រាប់​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ដើម្បី​ប្រកួតប្រជែង​នឹង​លោក​ Vladimir Putin ដែល​ជា​ប្រធានាធិបតី​រុស្ស៊ី​នា​ពេល​បច្ចុប្បន្ន​។

លោក Navalny ដែល​ជា​អ្នក​រិះគន់​ជា​យូរ​មក​ហើយ​ទៅ​លើ​លោក Putin បាន​ទទួល​ការ​គាំទ្រ​ពី​មនុស្ស​ចំនួន​៧៤២​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​តម្រូវ​ឲ្យ​ទទួល​បាន​ត្រឹម​តែ​៥០០​ប៉ុណ្ណោះ​ ដើម្បី​អាច​ចាប់​ផ្តើម​ដំណើរការ​ឈរឈ្មោះ​ជា​ផ្លូវការ​បាន។ ក៏​ប៉ុន្តែ​លោកNavalny ត្រូវ​បាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​របស់​រុស្ស៊ី​ប្រកាស​ថា លោក​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ឈរឈ្មោះ​បាន​នោះ​ទេ ដោយ​សារ​តែ​លោក​ពាក់ព័ន្ធ​នឹង​ការ​កាត់ទោស​ដាក់​ពន្ធនាគារ។ ​លោក Navalny និយាយ​ថា ការ​រារាំង​នេះ​មាន​លក្ខណៈ​នយោបាយ។

លោក Navalny វ័យ​៤១​ឆ្នាំ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា «មិន​មាន​ការ​គាំទ្រ​ទ្រង់ទ្រាយ​ធំ​ដល់​លោក Putin និង​ការ​ដឹកនាំ​របស់​លោក​នៅ​ក្នុង​ប្រទេស​នេះ​នោះ​ទេ»។ លោក​ Navalny បាន​និយាយ​ដូច្នេះ​ ដោយ​ពណ៌នា​ខ្លួន​ឯង​ថា​ជា ​«បេក្ខជន​ពិតប្រាកដ»​សម្រាប់​ការ​បោះឆ្នោត​នេះ ហើយ​លោក​ក៏​បាន​គំរាម​ថា លោក​នឹង​ធ្វើ​ពហិការ​មិន​ព្រម​ចូលរួម​បោះឆ្នោត​ទេ​ ប្រសិន​បើ​លោក​ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឲ្យ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​នោះ។

អ្នកគាំទ្រ​លោក Navalny បាន​ប្រមូលផ្តុំ​គ្នា​ក្នុង​ទីក្រុង​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស ដោយ​រួម​ទាំង​ទីក្រុង​ មូស្គូ និង​ទីក្រុង St. Petersburg ផង​ដែរ។ ពួកគេ​បាន​នាំ​គ្នា​ដាក់​បង្ហាញសន្លឹក​ឆ្នោត​ពណ៌​ក្រហម ដើម្បី​ជ្រើសរើស​លោក Navalny ឲ្យ​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​នៅ​ឆ្នាំ​ក្រោយ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ក្នុង​ខែ​មីនា ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ លោក Putin ត្រូវ​បាន​គេ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា នឹង​ឈ្នះ​នៅក្នុង​បោះឆ្នោត​នេះ។

លោក Navalny ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ចំនួន​៣ដង កាល​ពី​ឆ្នាំ​មុន ចំពោះ​ការ​រៀបចំ​ការ​ប្រជុំសាធារណៈ​និង​ការ​ប្រមូល​ផ្តុំ​នានា ដែល​បំពាន​នឹង​ច្បាប់​រុស្ស៊ី​នា​ពេល​បច្ចុប្បន្ន។ ក៏​ប៉ុន្តែ​លោក Navalny និយាយ​ថា ការ​ចាប់​ខ្លួន​ទាំង​នេះ​គឺ​មាន​គោលបំណង​បំបាត់​មហិច្ឆតា​នយោបាយ​របស់​លោក​ទៅ​វិញ​ទេ។ ​

ការ​ស្ទង់មតិ​បង្ហាញ​ថា លោក​ប្រធានាធិបតី Putin ទទួល​បាន​ការ​គាំទ្រ​ចំនួន​៨០​ភាគរយ។ ប៉ុន្តែ​ការ​ប្រមូលផ្តុំ​សាធារណៈ​កាល​ពី​ថ្ងៃ​អាទិត្យ​បង្ហាញ​ថា ការ​គាំទ្រ​ចំពោះ​លោក Navalny បាន​កើនឡើង ជាពិសេស​ក្រោយ​ពី​យុទ្ធនាការ​រយៈពេល​មួយ​ឆ្នាំ​នៅ​តាម​មូលដ្ឋាន​ក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​រុស្ស៊ី៕

XS
SM
MD
LG