អ្នកស្រី Brenda Cienfuegos ទើបតែក្លាយជាពលរដ្ឋអាមេរិកាំង ហើយអ្នកស្រីទន្ទឹងរងចាំប្រើសិទ្ធិពលរដ្ឋរបស់អ្នកស្រី ក្នុងនាមជាពលរដ្ឋអាមេរិកាំងម្នាក់។ អ្នកស្រីនិយាយថា ការចូលរួមបោះឆ្នោត គឺជាការបញ្ចេញមតិមួយដ៏សំខាន់ សម្រាប់ពលរដ្ឋអាមេរិកាំងដើមកំណើតឡាទីន ដូចជាអ្នកស្រីផ្ទាល់។
អ្នកស្រី Cienfuegos ថ្លែងថា៖ «ការបោះឆ្នោត គឺជាកិច្ចការមួយដែលខ្ញុំតែងតែធ្វើ កាលពីពេលដែលខ្ញុំរស់នៅក្នុងប្រទេសកំណើតរបស់ខ្ញុំ។ កាលពីមុន ខ្ញុំមិនមានសិទ្ធិបោះឆ្នោត [នៅសហរដ្ឋអាមេរិក] ទេ តែឥឡូវខ្ញុំមានសិទ្ធិបោះឆ្នោតហើយ»។
កើតនៅប្រទេស El Salvador អ្នកស្រី Cienfuegos មានកូនពីរនាក់ ដែលបានមករស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់កាលពីឆ្នាំ ២០១០។ បន្ទាប់ពីអ្នកស្រីបានក្លាយជាពលរដ្ឋអាមេរិកាំងស្របច្បាប់កាលពីដើមឆ្នាំ ២០២០ នៅទីក្រុង York រដ្ឋ Pennsylvania អ្នកស្រី ក៏បានចុះឈ្មោះបោះឆ្នោត។
អ្នកស្រីស្ទាក់ស្ទើរនឹងឆ្លើយ នៅពេលសួរថា តើអ្នកស្រីគ្រោងបោះឆ្នោតឲ្យបេក្ខជនណា សម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខនេះ។
អ្នកស្រី Cienfuegos បានថ្លែងថា៖ «តាមបទពិសោធន៍ផ្ទាល់របស់ខ្ញុំ សន្លឹកឆ្នោតរបស់ខ្ញុំ គឺជាអាថ៌កំបាំង។ ប៉ុន្តែ អ្វីដែលខ្ញុំអាចប្រាប់អ្នកបាននោះគឺថា ខ្ញុំគាំទ្របេក្ខជនដែលគាំទ្រសហគមន៍អាឡាទីន»។
អ្នកស្រី Cienfuegos គឺជាពលរដ្ឋអាមេរិកាំងម្នាក់ក្នុងចំណោមក្រុមពលរដ្ឋអាមេរិកាំងកាន់តែច្រើនឡើង ដែលកំពុងចូលរួមដំណើរការបោះឆ្នោត។ ទិន្នន័យជំរឿនរបស់សហរដ្ឋអាមេរិកដែលត្រូវបានចងក្រងឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew បង្ហាញថា ក្រុមពលរដ្ឋដែលមានសញ្ជាតិអាមេរិកាំងប្រមាណ ២៣លាននាក់ ស្មើនឹង ១០ភាគរយនៃចំនួនពលរដ្ឋសរុបដែលមានសិទ្ធិបោះឆ្នោត នឹងមានសិទ្ធិស្របច្បាប់ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងឆ្នាំ ២០២០ នេះ។
ការចូលរួមបោះឆ្នោតរបស់ក្រុមពលរដ្ឋនេះ ត្រូវបានទទួលស្គាល់ដោយក្រុមនយោបាយ ដែលមានមនោគមវិជ្ជាផ្សេងៗគ្នា។
លោក Mike Madrid សហស្ថាបនិកនៃគម្រោង Lincoln ដែលជាគណៈកម្មាធិការនយោបាយរបស់ក្រុមដែលមិនគាំទ្រគណបក្សសាធារណរដ្ឋ ដែលចង់ឲ្យលោកប្រធានាធិបតី Donald Trump ចាញ់ឆ្នោត កត់សម្គាល់ថា ក្រុមពលរដ្ឋដែលមានសញ្ជាតិអាមេរិកាំងតាមរយៈការមករស់នៅសហរដ្ឋអាមេរិក «មានទំនោរចេញទៅបោះឆ្នោត ច្រើនជាងក្រុមពលរដ្ឋអាមេរិកាំងដែលមានសញ្ជាតិពីកំណើត ហើយជា «ក្រុមអ្នកដែលគាំទ្រជនអន្តោប្រវេសន៍ ដោយសារបទពិសោធន៍ជាជនអន្តោប្រវេសន៍ផ្ទាល់»។
ក្រុមអ្នកគាំទ្រលោក Trump ក៏លើកឡើងថា ពួកគេកំពុងប្រាស្រ័យទាក់ទងជាមួយក្រុមពលរដ្ឋអាមេរិកាំងដែលមានសញ្ជាតិពីកំណើតនៅតាមតំបន់នានាក្នុងសហរដ្ឋអាមេរិក។
អ្នកស្រី Yali Nuñez នាយិកាគ្រប់គ្រងបណ្តាញទំនាក់ទំនងសហគមន៍ឡាទីននៃគណៈកម្មាធិការជាតិគណបក្សសាធារណរដ្ឋ ថ្លែងប្រាប់ VOA ថា៖ «យើងទទួលស្គាល់អំពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទងជាមួយពលរដ្ឋអាមេរិកាំងគ្រប់រូប ក្នុងនាមពួកគេជាអ្នកបោះឆ្នោត រួមទាំងក្រុមពលរដ្ឋអាមេរិកាំងដែលបានសញ្ជាតិតាមរយៈការមករស់នៅក្នុងសហរដ្ឋអាមេរិកផងដែរ»។
ការចូលរួមរបស់ក្រុមពលរដ្ឋអាមេរិកាំងដើមកំណើតបរទេស
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew ក្រុមពលរដ្ឋអាមេរិកាំងដើមកំណើតឡាទីន និងអាស៊ី មានចំនួនជិត ២ ភាគ ៣ នៃក្រុមចំនួនពលរដ្ឋថ្មីដែលមានសិទ្ធិបោះឆ្នោតក្នុងឆ្នាំនេះ។
មជ្ឈមណ្ឌលនេះបានរកឃើញថា ៥៣ ភាគរយនៃក្រុមពលរដ្ឋអាមេរិកាំងដើមកំណើតឡាទីន និង ៥២ ភាគរយនៃក្រុមពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ដែលបានសញ្ជាតិតាមរយៈការមករស់នៅក្នុងសហរដ្ឋអាមេរិក បានចូលរួមបោះឆ្នោតកាលពីឆ្នាំ ២០១៦ បើធៀបនឹងពលរដ្ឋអាមេរិកាំងដើមកំណើតឡាទីន ៤៦ ភាគរយ និងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ៤៥ភាគរយ ដែលមានសញ្ជាតិអាមេរិកពីកំណើត។
ពលរដ្ឋអាមេរិកាំងដែលមានដើមកំណើតនៅប្រទេសម៉ិកស៊ិក ហ្វីលីពីន ឥណ្ឌា និងចិន គឺជាក្រុមពលរដ្ឋដែលចេញទៅបោះឆ្នោតច្រើន។
អ្នកស្រី Juliana Cabrales នៃមូលនិធិអប់រំ NALEO នៅរដ្ឋ North Carolina បានឲ្យដឹងថា គណបក្សនយោបាយចាំបាច់ត្រូវរក្សាការសន្ទនាជាប្រចាំជាមួយក្រុមពលរដ្ឋដែលទើបតែបានសញ្ជាតិអាមេរិកាំងថ្មីៗ មិនមែនទាក់ទងតែក្នុងឆ្នាំបោះឆ្នោតនោះទេ។ មូលនិធិ NALEO នេះគឺជាអង្គការដែលមិនប្រកាន់គណបក្សនយោបាយណាមួយ ដែលផ្តោតលើការចូលរួមបោះឆ្នោតរបស់ក្រុមពលរដ្ឋអាមេរិកាំងដើមកំណើតឡាទីន។
អ្នកស្រី Cabrales បានថ្លែងថា៖ «អ្វីដែលយើងបានឃើញកាលពីប៉ុន្មានឆ្នាំមុន គឺគណបក្សនយោបាយមិនសូវមានទំនោរយកចិត្តដាក់លើក្រុមសហគមន៍អាមេរិកឡាទីនប៉ុន្មានទេ ទាំងក្រុមអ្នកដែលបានចេញទៅបោះឆ្នោត និងក្រុមដែលមិនបានចេញទៅបោះឆ្នោត។ សម្រាប់អង្គការយើង យើងជំរុញឲ្យគណបក្សទាំងអស់ប្រាស្រ័យទាក់ទងជាមួយសហគមន៍អាមេរិកឡាទីន»។
អ្នកស្រីបានបន្ថែមថា យុទ្ធនាការរកសំឡេងឆ្នោតរបស់បេក្ខជនប្រធានាធិបតី សកម្មក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមពលរដ្ឋដែលទើបបានសញ្ជាតិអាមេរិកាំង នៅក្នុងរដ្ឋដែលពិបាកឈ្នះឆ្នោត ប៉ុន្តែមិនសូវយកចិត្តទុកដាក់លើពួកគេនៅតាមរដ្ឋដទៃទៀតក្នុងសហរដ្ឋអាមេរិកនោះទេ។
អ្នកស្រី Cabrales បានថ្លែងថា៖ «ក្រុមពលរដ្ឋអាមេរិកាំងដើមកំណើតឡាទីននៅរដ្ឋ California រដ្ឋ New York និងរដ្ឋ Texas ជារឿយៗត្រូវបានគេបំភ្លេចចោល ហើយក៏មិនសូវឃើញបេក្ខជនឈរឈ្មោះបោះឆ្នោតណា ជំរុញឲ្យពួកគេចេញទៅបោះឆ្នោត ឬចង់ដឹងថា ហេតុអ្វីបានជាពួកគេគាំទ្របេក្ខជនម្នាក់ ជាងបេក្ខជនម្នាក់ផ្សេងទៀតនោះដែរ។ ដូច្នេះ វាចាំបាច់ណាស់ដែលភាគីពាក់ព័ន្ធទាំងអស់ ធ្វើការជំរុញឲ្យពលរដ្ឋអាមេរិកាំងគ្រប់រូបចេញទៅបោះឆ្នោត ហើយធានាថា ការយកចិត្តទុកដាក់របស់ពួកគេ មិនមែនកើតឡើងត្រឹមតែលើក្រុមពលរដ្ឋដែលរស់នៅក្នុងរដ្ឋដែលពិបាកឈ្នះឆ្នោតនោះទេ គឺនៅគ្រប់រដ្ឋទាំងអស់»។
ការចូលរួមជាមួយគណបក្ស
លទ្ធផលពីការស្ទង់មតិ និងទិន្នន័យពីការស្ទង់មតិក្រោយការបោះឆ្នោតក្នុងពេលថ្មីៗនេះបង្ហាញថា ក្រុមអ្នកបោះឆ្នោតដែលធ្លាប់ជាជនអន្តោប្រវេសន៍ទូទៅ ហាក់ដូចជាគាំទ្រគណបក្សប្រជាធិបតេយ្យ ហើយលទ្ធផលនេះមិនមែនជារឿងអ្វីថ្មីសម្រាប់អ្នកធ្វើយុទ្ធនាការរកសំឡេងឆ្នោតរបស់គណបក្សសាធារណរដ្ឋខ្លះទេ។
លោក Brendan Steinhauser អ្នកប្រឹក្សាគណៈកម្មាធិការជាតិនៃគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Texas បានប្រាប់ VOA ថា វោហារសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្ស បានបង្កឲ្យមានការយល់ឃើញថា សមាជិកគណបក្សសាធារណរដ្ឋមិនស្វាគមន៍ក្រុមជនអន្តោប្រវេសន៍ ទោះបីជាពួកគេបានមករស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់ក៏ដោយ។
លោក Steinhauser ដែលបម្រើការងារឲ្យលោក John Cornyn សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ តំណាងរដ្ឋ Texas បានលើកឡើងថា លោក Cornyn បានបញ្ជូនក្រុមការងាររបស់លោក ឲ្យទៅចូលរួមពិធីស្បថចូលសញ្ជាតិអាមេរិកនៅក្នុងរដ្ឋជាប្រចាំ។
លោក Steinhauser បានថ្លែងថា៖ «លោក [Cornyn] ធ្វើការងារបានល្អ ដែលបានជួយឲ្យលោកទទួលបានសំឡេងឆ្នោតគាំទ្រពីក្រុមពលរដ្ឋអាមេរិកាំងដើមកំណើតឡាទីនក្នុងរដ្ឋ Texas [សម្រាប់ការបោះឆ្នោតអាណត្តិមុន]»។ លោក Steinhauserក៏បានបន្ថែមថា នាពេលអនាគត ការទាក់ទាញសំឡេងឆ្នោតគាំទ្រពីក្រុមពលរដ្ឋដែលទើបតែបានសញ្ជាតិអាមេរិកាំង នឹងក្លាយជាកិច្ចការដ៏សំខាន់មួយ សម្រាប់គណបក្សនយោបាយធំៗទាំងពីរ។
លោក Steinhauser ថ្លែងថា៖ «ក្រោយការបោះឆ្នោតឆ្នាំ ២០២០ មិនថាបេក្ខជនណាឈ្នះឆ្នោតទេ គណបក្សសាធារណរដ្ឋ ដូចគ្នានឹងគណបក្សប្រជាធិបតេយ្យដែរ នឹងគ្មានជម្រើសអ្វីផ្សេង ក្រៅតែពីទាក់ទាញសំឡេងគាំទ្រពីក្រុមពលរដ្ឋអាមេរិកាំងទាំងអស់នោះទេ។ គណបក្សដែលមិនធ្វើកិច្ចការនេះ នឹងមិនទទួលបានការគាំទ្របានយូរនៅក្នុងប្រទេសនេះនោះទេ»។
ផលប៉ះពាល់ជាក់ស្តែងក្នុងសហគមន៍
ដោយសារតែវិបត្តិជំងឺរាតត្បាតកូវីដ១៩ សមាជិកគ្រួសារ ឬមិត្តភក្តិរបស់អ្នកស្រី Olivia Quinto មិនបានចូលរួមពិធីស្បថចូលសញ្ជាតិរបស់អ្នកស្រីក្នុងពេលថ្មីៗនេះទេ។
កើតនៅក្នុងប្រទេសហ្វីលីពីន អ្នកស្រី Quinto នឹងចេញទៅបោះឆ្នោតជាលើកដំបូងនៅរដ្ឋ Texas នៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខនេះ ជាមួយនឹងម្តាយរបស់អ្នកស្រីដែលទើបតែបានសញ្ជាតិអាមេរិកាំងនៅក្នុងឆ្នាំ ២០២០នេះ។
អ្នកស្រីបានថ្លែងប្រាប់ VOA ថា លទ្ធផលបោះឆ្នោត គឺចាំបាច់ណាស់។
អ្នកស្រី Quinto បានថ្លែងយ៉ាងដូច្នេះថា៖ «ការបោះឆ្នោតឆ្នាំនេះ គឺផ្តោតលើផលប៉ះពាល់ជាក់ស្តែងដែលកើតឡើងលើមនុស្សជាទីស្រឡាញ់របស់យើង ហើយនេះគឺជាការយកចិត្តទុកដាក់ខ្លាំងរបស់ខ្ញុំ»៕
ប្រែសម្រួលដោយអ្នកនាង ទែន សុខស្រីនិត