មេដឹកនាំនៃប្រទេសសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងហៅកាត់ថាអង្គការអូតង់ប្រជុំគ្នាក្នុងថ្ងៃទីពីរនិងជាថ្ងៃបញ្ចប់នៃសន្និសីទកំពូលប្រចាំឆ្នាំរបស់ពួកគេនៅក្នុងក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិកនៅក្រោយលោកប្រធានាធិបតីស.រ.អា. Donald Trump បានរិះគន់យ៉ាងខ្លាំងដល់សម្ព័ន្ធភាពនេះនិងប្រទេសអាល្លឺម៉ង់ដែលជាប្រទេសជាសមាជិកមានធនធានច្រើនជាងគេនៅក្នុងទ្វីបអឺរ៉ុប។
មេដឹកនាំនៃអង្គការអូតង់សង្ឃឹមនៅថ្ងៃព្រហស្បតិ៍នេះថានឹងងាកចេញពីការទាមទាររបស់លោកប្រធានាធិបតី Trump ឱ្យមានកំណើនចំណាយខាងកិច្ចការពារប្រទេសហើយផ្តោតការយកចិត្តទុកដាក់លើការបញ្ចប់សង្គ្រាមយូរយារមកហើយក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោក Jens Stoltenberg អគ្គលេខាធិការនៃអង្គការអូតង់ចង់ឱ្យមេដឹកនាំទាំងនេះយល់ស្របគ្នាក្នុងការផ្តល់ប្រាក់កាសឱ្យកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន រហូតដល់ឆ្នាំ២០២៤ ទោះណាជាសាធារណជនក្នុងបស្ចឹមប្រទេសមានការនឿយណាយអំពីការទាក់ទិនរបស់ប្រទេសពួកគេក្នុងសង្គ្រាមនោះក៏ដោយ។
ក៏ប៉ុន្តែបណ្តាញផ្សាយព័ត៌មាននានាបាននិយាយថាពួកមន្ត្រីនៃអង្គការអូតង់បានធ្វើការប្រជុំមួយមិនបានត្រូវកំណត់ជាមុនរវាងពួកសម្ព័ន្ធមិត្តនៅក្រោយលោក Trump បានត្អូញត្អែរទៀតអំពីកម្រិតនៃចំណាយខាងការពារប្រទេសរបស់ប្រទេសជាសមាជិកនៃអង្គការអូតង់នៅក្នុងការប្រជុំបិទទ្វារមួយដែលមានរួមបញ្ចូលប្រទេសអ៊ុយក្រែននិងប្រទេសហ្សកហ្ស៊ីដែរនោះ៕