មន្ត្រីអង្គការអូតង់ (NATO) និងមន្ត្រីអ៊ុយក្រែនគ្រោងនឹងជួបប្រជុំគ្នានៅសប្ដាហ៍ក្រោយដើម្បីពិភាក្សាអំពីយុទ្ធនាការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងរលកនៃការវាយប្រហារទ្រង់ទ្រាយធំតាំងពីដើមឆ្នាំថ្មីនេះផងដែរ។
អ្នកនាំពាក្យអង្គការអូតង់លោក Dylan White បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg នឹងកោះប្រជុំក្រុមប្រឹក្សាអូតង់-អ៊ុយក្រែននៅថ្ងៃទី ១០ ខែមករាខាងមុខ «បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលនិងដ្រូនរបស់រុស្ស៊ីកាលពីពេលថ្មីៗនេះមក»។
មន្ត្រីអ៊ុយក្រែនបានជំរុញឱ្យសម្ព័ន្ធមិត្តជួយពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ស្របពេលដែលរុស្ស៊ីបានវាយប្រហារដោយមីស៊ីលនិងដ្រូនលើទីក្រុងនានារបស់អ៊ុយក្រែនជារៀងរាល់ថ្ងៃ។
ក្នុងអំឡុងមួយសប្ដាហ៍កន្លងមកនេះ រុស្ស៊ីបានវាយប្រហារខ្លាំងក្លាបំផុតពីរដងនៅពេលយប់ ដែលក្នុងនោះរួមមានទាំងការវាយប្រហារដោយមីស៊ីលនិងដ្រូនរាប់សិបគ្រឿងលើទីក្រុងកៀវផងដែរ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយកាលពីថ្ងៃពុធថា ប្រធាន បទចម្បងមួយសម្រាប់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាអូតង់-អ៊ុយក្រែនគឺការពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ហើយលោកបានហៅការពិភាក្សាគ្នានេះថាជា «សញ្ញាដ៏សំខាន់មួយនៃសាមគ្គីភាពរវាងបណ្ដាប្រទេសអឺរ៉ុបនិងបណ្ដាប្រទេសជាប់មហាសមុទ្រអាត្លង់ទិកខាងជើងនៅក្នុងការប្រឈមនឹងអំពើឃោរឃៅកើនឡើងរបស់រុស្ស៊ី»។
អ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីបានបន្តវាយប្រហារតាមអាកាសកាលពីយប់មិញដោយប្រើដ្រូនពីរគ្រឿងដែលប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់នៅក្នុងតំបន់ Khmelnytskyi។
កងទ័ពជើងអាកាសរបស់អ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីក៏បានប្រើដ្រូនដែលមានការបញ្ជាចំនួន ៣ គ្រឿងផងដែរដើម្បីវាយប្រហារលើទីក្រុង Kharkiv និងទីក្រុង Donetsk៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។