អង្គការ​អូតង់​ថា ខ្លួន​នឹង​ដក​កងទ័ព​ចេញពី​អាហ្វហ្គានីស្ថាន

រូបឯកសារ៖ ទាហាន​អង់គ្លេស​នៃ​បេសកកម្ម​របស់​អង្គការ​អូតង់​នៅ​អាហ្វហ្គានីស្ថាន នៅក្នុង​ទីក្រុង​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។

អង្គការ​អូតង់ (NATO) បាន​បញ្ជាក់​ថា ខ្លួន​នឹង​ដក​កងទ័ព​ទាំង​អស់​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ដើម្បី​ឲ្យ​ត្រូវ​គ្នា​ជាមួយ​នឹង​ការ​សន្យា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ធ្វើ​ដូច​គ្នា​នេះ​ដែរ។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenbergបាន​ប្រកាស​នៅឯ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា អង្គការ​អូតង់​នឹង​ដក​កងទ័ព​របស់​ខ្លួន​ប្រហែល ៧.០០០ នាក់ ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន។

ការ​ប្រកាស​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក Stoltenberg បាន​ជួប​ប្រជុំ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin។

លោក Stoltenberg បាន​និយាយ​ថា៖ «យើង​នឹង​ចាប់ផ្តើម​ដក​កងទ័ព​អង្គការ​អូតង់​នៅ​ត្រឹម​ថ្ងៃ​ទី ១ ខែ​ឧសភា​ខាង​មុខ។ យើង​មាន​គម្រោង​បញ្ចប់​ការ​ដក​កងទ័ព​ទាំង​អស់​នៅ​ក្នុង​រយៈពេល ៣ ឬ ៤ ខែ​ខាង​មុខ»។

លោក​បាន​បន្ថែម​ថា៖ «យើង​ចូល​ប្រឡូក​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ជាមួយ​គ្នា។ យើង​បាន​កែ​សម្រួល​គោលជំហរ​របស់​យើង​ជាមួយ​គ្នា ហើយ​យើង​ឯកភាព​គ្នា​ក្នុង​ការ​ចាកចេញ​ជាមួយ​គ្នា»។

សហរដ្ឋ​អាមេរិក​និង​អង្គការ​អូតង់​បាន​បញ្ជាក់​ថា ការ​ដក​កងទ័ព​នេះ​មិនមែន​ជា​ការ​បោះបង់​ចោល​ប្រទេស​អាហ្វហ្គានីស្ថាន​នោះ​ទេ។

លោក Blinken បាន​និយាយ​ថា៖ «ការ​ដក​កងទ័ព​របស់​យើង​មិនមែន​មាន​ន័យ​ថា​ជា​ការ​បញ្ចប់​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ប្រទេស​អាហ្វហ្គានីស្ថាន ឬ​ក៏​ការ​គាំទ្រ​របស់​យើង​ចំពោះ​ប្រទេស​នេះ​នោះ​ទេ។ ការ​គាំទ្រ​របស់​យើង ការ​ប្រឡូក​របស់​យើង និង​ការ​តាំងចិត្ត​របស់​យើង​គឺ​នៅ​ដដែល»៕