រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo គ្រោងនឹងចូលរួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសផ្សេងទៀតនៅក្នុងកិច្ចប្រជុំរបស់អង្គការអូតង់រយៈពេល ២ ថ្ងៃ នេះនៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ដែលនឹងចាប់ផ្ដើមនៅថ្ងៃអង្គារស្អែក។
ការវាយប្រហាររបស់ប្រទេសរុស្ស៊ីនាពេលថ្មីៗនេះលើនាវាទាហានជើងទឹកប្រទេសអ៊ុយក្រែន នឹងទំនងជាប្រធានបទកំពូលនៅឯកិច្ចប្រជុំរបស់អង្គការអូតង់នេះ។
រដ្ឋាភិបាលអ៊ុយក្រែនបានព្រមានថា សង្គ្រាមអាចកើតឡើងជាមួយនឹងប្រទេសរុស្ស៊ី បន្ទាប់ពីប្រទេសរុស្ស៊ីបានបាញ់នាវារបស់ខ្លួននៅក្នុងសមុទ្រ Azov កាលពីសប្ដាហ៍មុន និងបានឃុំឃាំងអ្នកជិះនៅលើនាវាទាំង ៣ គ្រឿងនោះ។ រដ្ឋាភិបាលរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថាបានបង្កហេតុ។
នៅក្នុងកិច្ចប្រជុំនោះ ការទាមទាររបស់សហរដ្ឋអាមេរិកឲ្យបណ្ដាប្រទេសជាសមាជិកអង្គការអូតង់ចំណាយបន្ថែមលើផ្នែកយោធាក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ។
រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអង្គការអូតង់ក៏នឹងពិភាក្សាគ្នាផងដែរអំពីវិបត្តិអ៊ុយក្រែន និងមហិច្ឆតារបស់ប្រទេសហ្សកហ្ស៊ីក្នុងការចូលជាសមាជិកអង្គការអូតង់។
លោកស្រី Salome Zurabishvili ប្រធានាធិបតីទើបជាប់ឆ្នោតនៃប្រទេសហ្សកហ្ស៊ី មានគោលជំហរតឹងតែងជាមួយនឹងរុស្ស៊ីរួចមកហើយ ដោយហៅរុស្ស៊ីថាជា «មហាអំណាចត្រួតត្រាដែលមិនអាចទាញទុកមុនបាន» និងបានសន្យាថានឹងជំរុញកិច្ចប្រឹងប្រែងរបស់ប្រទេសលោកស្រីទៅមុខដើម្បីឲ្យបានក្លាយជាសមាជិករបស់អង្គការអូតង់៕