ពួកមន្រ្តីក្នុងប្រទេសអាហ្វហ្គានីស្ថាននិយាយថា ការវាយប្រហារតាមអាកាសប្រឆាំងភេរវកម្មរយៈពេលមួយយប់ដោយកម្លាំងអន្តរជាតិនៅក្នុងខេត្ត Kangarhar ភាគខាងកើត បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ក៏១៦នាក់ដែរ រួមទាំងស្រ្តីនិងកុមារផង។
លោក Saaz Wali ជារដ្ឋបាលកំពូលរបស់ស្រុក Haska Mina ដែលនៅទីនោះការខូចខាតបានកើតមានឡើង បានប្រាប់ VOAកាលពីថ្ងៃសុក្រថា ការវាយប្រហារតាមអាកាសបានត្រូវចំរថយន្តមួយគ្រឿងហើយនឹងជនស៊ីវិលមួយក្រុមនៅតំបន់២ដាច់ដោយឡែកពីគ្នា។
លោកនិយាយទៀតថា ជនរង្គ្រោះ៨នាក់បានស្ថិតនៅក្នុងរថយន្តនោះហើយពួកគេស្ថិតនៅក្នុងគ្រួសារតែមួយ។
អ្នកនាំពាក្យរបស់បេសកកម្ម Resolute Supportរបស់អង្គការអូតង់បានប្រាប់ VOA ថា«យើងកំពុងពិនិត្យការចោទប្រកាន់ហើយយើងនឹងផ្តល់ព័ត៌មានថ្មីៗនៅពេលវេលាត្រឹមត្រូវ»។
ពួកមន្រ្តីសន្តិសុខមូលដ្ឋានបានបញ្ជាក់ថា កងទ័ពអាហ្វហ្គានីស្ថានដែលគាំទ្រដោយយន្តហោះចំបាំងបរទេសកំពុងធ្វើកិច្ចប្រតិបត្តិការប្រឆាំងពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅក្នុងស្រុកនោះ។ ស្រុកមួយចំនួនរបស់ខេត្ត Kangarhar ពោរពេញទៅដោយពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម។នេះតាមការបញ្ជាក់របស់មន្រ្តីសហរដ្ឋអាមេរិកនិងអាហ្វហ្គានីស្ថាន។
ពួកបះបោរតាលីបង់ក៏បានធ្វើសកម្មភាពនៅក្នុងស្រុកជាច្រើននៅក្នុងខេត្តនោះ។Zabihullah Mujahid អ្នកនាំពាក្យពួកបះបោរឥស្លាមបានអះអាងថា ភ្លាមៗបន្ទាប់ពីកាំជ្រួចមីស៊ីលត្រូវចំរថយន្ត ពួកអ្នកស្រុកបានស្ទុះស្ទាទៅកាន់កន្លែងនោះហើយបានប្រមូលផ្តុំគ្នានៅជិតទីកន្លែងនោះនៅពេលដែលការវាយប្រហារតាមអាកាសលើកទី២បានស្លាប់ពួកគេ៕