ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​ប៉ាគីស្ថាន​៤នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​នឹង​យុទ្ធជន


ទាហាន​ត្រឡប់​ទៅ​តំបន់​ឈរ​ជើង​វិញ បន្ទាប់​ពី​ចូលរួម​ក្នុង​ប្រតិបត្តិការ​សន្តិសុខ​នៅ​ជាយ​ក្រុង Peshawar ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧។
ទាហាន​ត្រឡប់​ទៅ​តំបន់​ឈរ​ជើង​វិញ បន្ទាប់​ពី​ចូលរួម​ក្នុង​ប្រតិបត្តិការ​សន្តិសុខ​នៅ​ជាយ​ក្រុង Peshawar ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧។

ពួក​មន្ត្រី​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​បាន​និយាយ​ថា​ ការ​បាញ់កាំ​ភ្លើង​ត​គ្នា​ជាមួយ​ពួក​ជន​សកម្មប្រយុទ្ធ​នៅក្នុង​ស្រុក​មួយ​នា​ប៉ែក​ពាយ័ព្យ​ប្រទេស​នៅ​ជិត​ព្រំដែន​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បណ្តាល​ឱ្យ​ទាហាន​រដ្ឋាភិបាល​បួន​នាក់​ស្លាប់ ដោយ​មាន​រួម​បញ្ចូល​ទាំង​នាយ​ទាហាន​ជាន់ខ្ពស់​ម្នាក់ផង​ដែរ។​

ក្រុម​យោធា​បាន​និយាយ​ថា​ ការ​ប៉ះទង្គិច​គ្នា​នៅ​ពេល​ព្រឹក​ព្រលឹម​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​កង​កម្លាំង​សន្តិសុខ​បាន​ឆ្មក់វាយ​ប្រហារ​លើ​កន្លែង​លាក់ខ្លួន​មួយ​របស់​ពួក​ភេរវជន​នៅ​ក្នុង​តំបន់ Sherotkai ក្នុង​ស្រុក Upper Dir ហើយ​ពួក​ជន​សកម្មប្រយុទ្ធ​ ដោយ​មាន​រួម​បញ្ចូល​ទាំង​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ពីរ​នាក់​ផង​បាន​លាក់​ខ្លួន​នៅ​ទី​នោះ​បាន​តបត​ដោយ​ការ​បាញ់​កាំភ្លើង​យ៉ាង​ខ្លាំង។​

ក្រុម​យោធា​បាននិយាយ​ថា​អ្នក​ដាក់​គ្រាប់​បែក​ម្នាក់​បាន​បំផ្ទុះ​ខ្លួនឯង​ ហើយ​អ្នក​ដាក់​គ្រាប់​បែក​ម្នាក់​ទៀត​បាន​ត្រូវ​បាញ់​ស្លាប់​នៅ​ក្នុង​ការ​បាញ់កាំ​ភ្លើង​តគ្នា​នោះ​ ហើយ «ភេរវជន» ទី​បី​បាន​ត្រូវ​ចាប់ខ្លួន។​

សេចក្តី​ថ្លែងការណ៍​នេះ​បាន​និយាយ​បន្ថែមថា​ «នាយ​ទាហាន​ម្នាក់ ​និង​ទាហាន​ពីរ​នាក់​បាន​ពលីជីវិត​ពួក​គេ​នៅ​ពេល​បង្អាក់​សកម្មភាព​ភេរវកម្ម​មួយ»។

អ្នកនាំ​ពាក្យ​ម្នាក់​នៃ​ពួក​តាលីបង់​ប៉ាគីស្ថាន​ប្រឆាំង​នឹង​រដ្ឋ​បាន​និយាយ​អះអាង​ថា​ពួក​យុទ្ធជន​របស់​ពួក​វា​បាន​ប្រយុទ្ធ​នឹង​ពួក​ទាហាន​ដែល​បាន​ឆ្មក់វាយ​ប្រហារ​កន្លែង​នោះ​ហើយ​បាន​សម្លាប់​ពួក​ទាហាន​ទាំង​នេះ។

លោក​នាយក​រដ្ឋ​មន្ត្រី​ Shahid Khaqan Abbasi នៃ​ប្រទេស​ប៉ាគីស្ថាន​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដាច់​ដោយឡែក​ថា «ការ​វាយ​ប្រហារ​ដ៏​កំសាក​ទាំង​នេះ​លើ​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​របស់​យើង​មិន​អាចធ្វើឱ្យ​ងាករេ​ពី​ការ​ប្តេជ្ញា​របស់​យើង​ដោយ​ធ្វើឱ្យ​យើង​ងាក​ចេញ​ឬ​បន្ថយ​ការ​តាំង​ចិត្ត​របស់យើង​ដើម្បី​បន្ត​កិច្ចប្រតិបត្តិការ​ប្រឆាំង​នឹង​ភេរវកម្មទេ»។

ពួក​រដ្ឋ​ឥស្លាម​ក៏​បានទាមទារ​គុណវុឌ្ឍិ​ដែរ​ដល់​ការ​វាយ​ប្រហារ​ខ្លះ​ក្នុង​បណ្តា​ការ​វាយ​ប្រហារ​កាលពី​ពេល​ថ្មីៗ​នេះ​ទៅ​លើ​កង​កម្លាំង​សន្តិសុខ​ប៉ាគីស្ថាន​ដែរ៕

XS
SM
MD
LG