ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​របស់​តាលីបង់​បាន​សម្លាប់​ទាហាន​អាមេរិក​ពីរ​នាក់​នៅ​អាហ្វហ្គានីស្ថាន


ឧទ្ធមាគចក្រ​របស់​អាមេរិក​ហោះហើរ​នៅ​ពី​លើ​កន្លែង​នៃ​ការ​បំផ្ទុះ​គ្រាប់​អត្តឃាត​នៅ​ក្នុង​ក្រុង Kandahar ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧។

ពួក​មន្ត្រី​យោធា​ស.រ.អា.​ និង​អូតង់​បាន​និយាយ​ថា​ទាហាន​ស.រ.អា.ពីរ​នាក់​បាន​ត្រូវ​សម្លាប់​ហើយ​បួន​នាក់ទៀត​បានត្រូវ​របួស​នៅ​ពេល​ដែល​ក្បួន​រថយន្ត​របស់​អង្គការ​អូតង់​របស់​ពួក​គេ​បាន​ត្រូវវាយ​ប្រហារ​នៅ​ក្នុង​ខេត្ត Kandahar ដែល​មានចលាចល​របស់ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​ពុធ។

លោក Jeff Davis អ្នកនាំពាក្យ​នៃ​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​មិន​បាន​ផ្តល់​សេចក្តី​ល្អិតល្អន់​ទេ។ ​ក៏​ប៉ុន្តែ​ពួក​តាលីបង់​បាន​និយាយ​អះអាង​ថា​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​ម្នាក់​របស់​ពួក​វា​បានបើក​ឡាន​មួយ​គ្រឿង​មាន​ផ្ទុក​គ្រឿង​ផ្ទុះ​សំរុក​ចូល​ក្នុង​ក្បួន​នេះ។​

ពួក​តាលីបង់​បាន​និយាយ​ថា​ទាហាន​១៥នាក់​របស់ «កងកម្លាំង​កាន់កាប់​បរទេស» ​ដោយ​មាន​រួម​បញ្ចូល​ទាំង​នាយ​ទាហាន «ជាន់​ខ្ពស់» ពីរ​នាក់​ផង​ដែរ​បាន​ត្រូវ​សម្លាប់។​ ជា​អកុសល ​ពួក​តាលីបង់​តែងតែ​បង្កើន​តួលេខ​ចំនួន​ទាហាន​ស្លាប់​នៅ​ក្នុង​ការ​និយាយ​អះអាង​បែប​នេះ។​

បេសកកម្ម​យោធា​នៃ​អង្គការ​អូតង់​និយាយ​ថា​ ទាហាន​បួន​នាក់​ដែល​បាន​ត្រូវ​របួស​បាន​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​របស់​ក្រុម​ចម្រុះ​ហើយ​បាន​និយាយ​បន្ថែម​ថា​មុខ​របួស​ពួក​គេ​មិន​គំរាម​កំហែង​ដល់​ជីវិត​ពួក​គេ​ទេ។​

លោក​ឧត្តមសេនីយ៍ John Nicholson អគ្គមេបញ្ជាការ​នៃ​បេសកកម្ម​គាំទ្រ​ប្រកប​ដោយ​ការ​តាំង​ចិត្ត​មុតមាំ​ដែល​ភាសាអង់គ្លេស​ហៅ​ថា​ Resolute Support Mission បាន​មាន​ប្រសាសន៍​ថា «ក្នុង​នាមក្រុម​បុរស​ និង​ស្ត្រី​នៃ​បេសកកម្ម Resolute Support Mission ខ្ញុំ​សូម​សម្តែង​មរណទុក្ខ​ក្រៀមក្រំ​បំផុត​ដល់​គ្រួសារ​នៃពួក​យុទ្ធមិត្ត​រួម​អាវុធ​របស់យើង​ដែល​បាន​ទទួល​មរណភាព។ ​ពួក​ទាហាន​ទាំង​នេះ​បាន​បូជា​ជីវិត​ពួក​គេ​ក្នុងការ​បំពេញ​បេសកកម្ម​មួយ​ដែល​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដល់​ស.រ.អា. ពួក​សម្ព័ន្ធ​មិត្ត និង​ពួក​ដៃ​គូ​របស់​យើង។ យើង​នឹង​ផ្តល់​កិត្តិយស​ដល់​ពលិកម្ម​របស់​ពួក​គេ​ជាមួយ​ការ​ប្តេជ្ញា​តាំង​ចិត្ត​មុះមុត​របស់​យើង​ដើម្បី​ការពារ​មាតុភូមិ​របស់​យើង ​និង​បំពេញ​ឱ្យ​បាន​សព្វគ្រប់​បេសកកម្ម​ដែល​ពួក​គេ​បាន​ពលី​ជីវិត»។

សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​រដ្ឋាភិបាល​ខេត្ត​បាន​និយាយ​ថា​ក្បួន​រថយន្ត​នេះ​បាន​ដឹក​ពួក​ទាហាន​បរទេស​ទៅ​កាន់​ចំណត​យន្តហោះ​ដោយ​បើក​កាត់​ក្រុង Kandahar City នៅពេល​ដែល​អ្នក​ដាក់គ្រាប់បែក​អត្តឃាត​ក្នុង​ឡាន​មួយ​គ្រឿង​បាន​ធ្វើ​ការ​វាយ​ប្រហារ។​ សេចក្តី​ថ្លែងការណ៍​នេះ​បាន​ចែង​ថា​ការ​ផ្ទុះ​គ្រាប់បែក​នេះ​បាន​បណ្តាល​ឱ្យ​រថយន្ត​មួយ​គ្រឿង​ខូចខាត ក៏​ប៉ន្តែ​មិន​បាន​ពិភាក្សា​អំពី​សេចក្តី​ល្អិតល្អន់​ថែមទៀត​ទេ៕

XS
SM
MD
LG