ខួប​លើក​ទី ៧០ នៃ​ការ​បង្កើត​អង្គការ​អូតង់​នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ

លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​អូតង់ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីស្នាក់ងារ​កណ្តាល​របស់​អង្គការ​អូតង់ ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​សន្ធិសញ្ញា​តំបន់​មហា​សមុទ្រ​អាត្លង់ទិច​ខាង​ជើង​ ដែល​ហៅ​កាត់​ថា​អង្គការ​អូតង់ (NATO) នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ៧០ នៃ​ការ​បង្កើត​អង្គការ​នេះ​ឡើង។

កន្លង​មក ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​រិះគន់​លើ​អង្គការ​នេះ ដោយ​បាន​ព្រលះ​ដាក់​ប្រទេស​ជា​សមាជិក​ផ្សេង​ទៀត​នៃ​អង្គការ​នេះ​ថា​ មិន​បាន​រួម​ចំណែក​ថវិកា​ឲ្យ​បាន​គ្រប់គ្រាន់​លើ​ផ្នែក​យោធា និង​ពឹងផ្អែក​ខ្លាំង​ជ្រុល​លើ​សហរដ្ឋ​អាមេរិក។

លោក Trump ដែល​នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​អគ្គលេខាធិការ​អង្គការ​អូតង់ លោក Jens Stoltenberg នៅ​ឯ​សេតវិមាន ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​អង្គារ​នេះ បាន​បញ្ជាក់​នៅ​ក្នុង​អំឡុង​ពេល​លោក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ ២០១៦ ថា អង្គការ​អូតង់​គឺ​ជា​អង្គការ «ហួស​សម័យ»។

លោក​បាន​លើក​ឡើង​ពី​អ្វី​ដែល​លោក​បាន​ហៅ​ថា ​ជា​ការ​ខ្វះ​ការ​ផ្ដោត​លើ​រឿង​ភេរវកម្ម ដោយ​លោក​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ច្រើន​ជ្រុល​លើ​រឿង​ចំណាយ​ផ្នែក​យោធា​នៃ​អង្គការ​នេះ។

ការ​ចំណាយ​ផ្នែក​យោធា​នេះ​គឺ​ជា​បញ្ហា​ចម្បង​សម្រាប់​លោក Trump ដោយ​លោក​តែងតែ​ដាក់​សម្ពាធ​ឲ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​ផ្សេង​ទៀត​បង្កើន​ការ​រួម​ចំណែក​របស់​ពួកគេ​លើ​ផ្នែក​នេះ។

គោលការណ៍​របស់​អង្គការ​អូតង់​បាន​បញ្ជាក់​ថា សមាជិក​អង្គការ​នេះ​គួរតែ​រួម​ចំណែក​ថវិកា​លើ​ផ្នែក​យោធា​យ៉ាង​តិច ២ ភាគរយ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ខ្លួន ជា​រៀងរាល់​ឆ្នាំ។ ប៉ុន្តែ កាល​ពី​ឆ្នាំ ២០១៨ មានតែ​ប្រទេស​ជា​សមាជិក​ចំនួន ៧ ប្រទេស​ប៉ុណ្ណោះ ក្នុង​ចំណោម​សមាជិក​ទាំង ២៩ ដែល​ឈាន​ដល់​កម្រិត​នេះ។

អ្នក​ជំនាញ​មួយ​ចំនួន​អះអាង​ថា ការ​រួម​ចំណែក​យ៉ាង​តិច ២ ភាគរយ គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់៕