ប្រមុខ​អង្គការ​អូតង់​ស្វាគមន៍​ការ​ឯកភាព​របស់​តួកគី​ចំពោះ​សមាជិកភាព​របស់​ស៊ុយអែត​នៅ​ក្នុង​អង្គការ​នេះ

អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg ថ្លែង​មុន​នឹង​កិច្ច​ប្រជុំ​ជាមួយ​នឹង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Yoon Suk-yeol អំឡុង​កិច្ច​ប្រជុំ​កំពូល​អូតង់​នៅទីក្រុង Vilnius​ប្រទេស​លីទុយអានី​កាលពីថ្ងៃទី​១១ កក្កដា ឆ្នាំ២០២៣។

អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​មាន «ទំនុក​ចិត្ត​ទាំងស្រុង» ថា ប្រទេស​តួកគី​នឹង​អនុម័ត​លើ​សមាជិក​ភាព​របស់​ប្រទេស​ស៊ុយអែត​នៅ​ក្នុង​អង្គការ​អូតង់​ និង​ថា បណ្ដា​មេដឹកនាំ​អង្គការ​អូតង់​ដែល​បាន​ជួប​ប្រជុំ​គ្នា​រយៈពេល ២ ថ្ងៃ​នៅ​ក្នុង​រដ្ឋធានី​វីលនីញូស​នៃ​ប្រទេស​លីទុយអានី​នឹង «បញ្ជូន​សារ​វិជ្ជមាន​ដ៏​ខ្លាំងក្លា​មួយ» អំពី​សេចក្ដី​ប្រាថ្នា​ផ្ទាល់​ខ្លួន​របស់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់។

លោក Stoltenberg បាន​និយាយ​ថា កិច្ច​ប្រជុំ​របស់​អង្គការ​អូតង់​នៅ​ក្នុង​រដ្ឋធានី​វីលនីញូស​នេះ «គឺ​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​រួច​ស្រេច​ទៅ​ហើយ​មុន​នឹង​ចាប់ផ្ដើម» បន្ទាប់ពី​ការ​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​ផ្ដល់​ដំណោះស្រាយ​សម្រាប់​ភាព​ជាប់​គាំង​រាប់​ខែ​កន្លង​មក ដែល​នៅ​ក្នុង​ពេល​ជាប់​គាំង​នោះ​លោក Erdogan បាន​ចោទ​ប្រកាន់ស៊ុយអែត​ថា​មិន​បាន​ចាត់​វិធានការ​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បង្ក្រាប​សាខា​គណបក្ស​នយោបាយ​មួយ​របស់​ខ្លួន​ដែល​រដ្ឋាភិបាល​តួកគី​យល់​ឃើញ​ថា​មាន​លក្ខណៈ​ជ្រុល​និយម។

លោក Erdogan បាន​សន្យា​គាំទ្រ​ការ​យល់ព្រម​ចំពោះ​សំណើ​របស់​ស៊ុយអែត​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់​នេះ​នៅ​ក្នុង​រដ្ឋសភា​តួកគី។ រី​ឯ​ប្រទេស​ហុងគ្រី​វិញ ដែល​ជា​សមាជិក​អង្គការ​អូតង់​មួយ​ទៀត​ដែល​នៅ​មិន​ទាន់​យល់ព្រម​ចំពោះ​សមាជិក​ភាព​របស់ស៊ុយអែត​នេះ ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្ដល់​ការ​យល់ព្រម។ ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់​គឺ​តម្រូវ​ឱ្យ​មាន​ការ​យល់ព្រម​ជា​ឯកច្ឆន្ទ។

នៅ​ក្នុង​អ្វី​ដែល​ហាក់​ដូចជា​ការ​គេចវេស​មិន​ឆ្លើយតប​ចុងក្រោយ​នៅ​ក្នុង​ថ្ងៃ​មុន​កិច្ច​ប្រជុំ​របស់​អង្គការ​អូតង់​នេះ​ចូល​មក​ដល់ លោក Erdogan បាន​ភ្ជាប់​បញ្ហា​ស៊ុយអែត​នេះ​ទៅ​នឹង​ការ​ទាមទារ​ដែល​ជាប់​គាំង​របស់​រដ្ឋាភិបាល​តួកគី​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​គ្រោង​នឹង​ជួប​ជាមួយ​នឹង​លោក Erdogan នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​ថ្ងៃ​ទី​មួយ​របស់​អង្គការ​អូតង់ បាន​ស្វាគមន៍​ដំណឹង​ដែល​ថា​តួកគី​គាំទ្រ​សមាជិកភាព​របស់​ស៊ុយអែត​នេះ។

លោក Biden បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ពី​រដ្ឋធានី​វីលនីញូស​ដែល​ជា​កន្លែង​ដែល​លោក​ចូលរួម​កិច្ច​ប្រជុំ​របស់​បណ្ដា​មេដឹកនាំ​អង្គការ​អូតង់​ថា៖ «ខ្ញុំ​ត្រៀម​រួចរាល់​នៅ​ក្នុង​ការ​ធ្វើការ​ជាមួយ​នឹង​ប្រធានាធិបតី [តួកគី] លោក [Recep Tayyip] Erdogan និង [ប្រទេស​តួកគី] នៅ​ក្នុង​ការ​ពង្រឹង​ការ​ការពារ​និង​ការ​កម្លា​រារាំង​នៅ​ក្នុង​តំបន់​អឺរ៉ុប​អាត្លង់ទិក។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ស្វាគមន៍​នាយក​រដ្ឋមន្ត្រី [ស៊ុយអែត] លោក [Ulf] Kristersson និង​ប្រទេស​ស៊ុយអែត​ក្នុង​ការ​ចូល​ជា​សមាជិក​ទី ៣២ របស់​អង្គការ​អូតង់»។

ប្រទេស​ស៊ុយអែត​និង​ហ្វាំងឡង់​បាន​ដាក់​ពាក្យ​រួម​គ្នា​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់​កាលពី​ខែ​ឧសភា​ឆ្នាំ​មុន ដោយ​ប្រទេស​ទាំង​ពីរ​បាន​លើកឡើង​អំពី​ការ​គាំទ្រ​លើសលប់​របស់​ប្រជាពលរដ្ឋ​សម្រាប់​ការ​ចូល​ជា​សមាជិក​នេះ នៅ​ចំ​ពេល​ដែល​ប្រទេស​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន។ សមាជិកភាព​របស់ហ្វាំងឡង់​នៅ​ក្នុង​អង្គការ​អូតង់​ត្រូវ​បាន​សម្រេច​យល់ព្រម​កាលពី​ខែ​មេសា៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ Reuters។