អគ្គលេខាធិការអង់ការអូតង់ (NATO) លោក Jens Stoltenberg បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការសម្ព័ន្ធភាពយោធាមួយនេះកំពុង «តាមដានការវិវត្តនៅក្នុងប្រទេសបេឡារុសយ៉ាងយកទុកដាក់» ហើយថាអង្គការអូតង់គាំទ្រ «ប្រទេសបេឡារុសមួយដែលមានអធិបតេយ្យភាពនិងឯករាជ្យភាព»។
លោក Stoltenberg បានថ្លែងយ៉ាងដូច្នេះ ទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងប៊ែរឡាំង ក្រោយជំនួបជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel អំពីបញ្ហាការទូតសំខាន់ៗរបស់អឺរ៉ុប។
សេវាផ្សាយជាភាសាបេឡារុសនៃវិទ្យុអឺរ៉ុបសេរី RFE បានរាយការណ៍ថា អគ្គលេខាធិការអង្គការអូតង់រូបនេះបានជំរុញឲ្យប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ត្រូវបង្ហាញការគោរពទាំងស្រុងនូវសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋបេឡារុស រួមទាំងសិទ្ធិបញ្ចេញមតិ និងធ្វើបាតុកម្មដោយសន្តិវិធី។
លោក Stoltenberg ក៏បានបដិសេធការចោទប្រកាន់របស់លោក Lukashenko ដែលថា ទាហានអូតង់កំពុងត្រូវដាក់ពង្រាយនៅជិតព្រំដែនបេឡារុស។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើសេចក្តីថ្លែងការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា រុស្ស៊ីត្រៀមខ្លួននឹងបញ្ជូនកងកម្លាំងទៅកាន់បេឡារុស ប្រសិនបើចាំបាច់ដើម្បីស្តារសណ្តាប់ធ្នាប់ ខណៈមានបាតុកម្មជាបន្តក្រោយការបោះឆ្នោត។ នេះបើតាមការរាយការណ៍របស់វិទ្យុអឺរ៉ុបសេរី RFE ភាសាបេឡារុស៕