អង្គការ​ណា​តូ​ក្នុង​វ័យ​៧០ឆ្នាំ​ មាន​ទាំងភាពតានតឹង​ផ្ទៃក្នុង​និង​ការគំរាម​កំហែង

ទីស្នាក់ការកណ្តាល​អង្គការ​ណាតូ​ក្នុង​ទីក្រុង​ប្រ៊ុចសែល​ក្នុង​ប្រទេស​ប៊ែលហ្សិក កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ពួក​មេដឹកនាំ​នៃ​អង្គការ​ណា​តូ​ប្រុងប្រៀប​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ក្រុង​ឡុងដ៍​ ​សម្រាប់​ការប្រជុំ​នៅ​ថ្ងៃអង្គារ​ដើម្បី​ប្រារព្ធ​ខួប​ឆ្នាំទី៧០នៃ​ការបង្កើត​សម្ព័ន្ធភាព​នេះ​ ​ក៏ប៉ុន្តែ​ភាព​តានតឹង​ខ្លាំង​ឡើង​ៗ​រវាង​ប្រទេស​ជាស​មា​ជិ​ក​អាច​លុប​លើ​ការ​ប្រារព្ធ​នេះ​។

សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ីរី​និង​ការ​គំរាមកំហែង​របស់រុស្ស៊ីដែល​មានត​ទៅទៀត​ជា​បញ្ហា​សំ​ខាន់​ៗ​នៅក្នុង​ការ​ប្រជុំ​សន្និ​សីទកំ​ពូល​នេះ​។

សហរដ្ឋ​អាមេរិកនិងតួកគី​ ​ដែល​ជាស​មា​ជិ​ក​នៃ​អង្គការ​ណា​តូ​ស្ទើរ​តែប្រឈម​គ្នា​នៅក្នុង​ផ្នែក​ខាងជើង​នៃ​ប្រទេស​ស៊ីរី​កាលពី​ខែមុន​ដែល​អាច​នាំ​ឱ្យ​មានការ​រង្គោះរង្គើ​ក្នុង​សម្ព័ន្ធភាព​នេះ​។

លោក​ ​Jonathan​ ​Eyal​ ​ជា​បុគ្គលិក​នៃ​វិទ្យាស្ថាន​ ​Royal​ ​United​ ​Services​ ​នៅក្នុង​ក្រុង​ឡុងដ៍​។ ​នៅក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជាមួយ VOA​ ក្នុង​សប្តាហ៍​នេះ​ ​លោក​បាន​និយាយ​ថា​៖

«គោលជំហ​របស់​ប្រទេស​តួកគី​ ​នៅក្នុង​សម្ព័ន្ធភាព​មហាសមុទ្រ​អាត្លង់ទិក​ខាងជើង​ ជាគោល​ជំហពិបាក​មួយ​។​ សេចក្តី​សម្រេច​របស់​តួកគី​ ​ក្នុង​ការ​ទាក់ទិន​ជាមួយ​កិច្ចប្រតិបត្តិ​ការ​យោធា​ក្នុង​ភូមិ​ភា​គ​មជ្ឈឹ​ម​បូព៌ា​ដែល​ប្រឆាំង​នឹង​សម្ព័ន្ធ​មិត្ត​ភាគច្រើន​របស់​ខ្លួន​ដោយមាន​រួម​បញ្ចូល​ទាំង​សហរដ្ឋ​អាមេរិក​ផង​នោះ​និង​សេចក្តី​សម្រេច​របស់​តួកគី​ ​ក្នុង​ការទិញ​គ្រឿងឧបករណ៍​យោធារុស្ស៊ី.​.​.​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាច្រើន​ក្នុង​ទ្វីប​អឺរ៉ុប​ខឹងសម្បារ»។

ពួក​សមាជិក​នៃ​អង្គការ​ណា​តូ​និយាយ​ថា​ជាការល្អ​ប្រសើរ​ដែល​មាន​ប្រទេស​តួកគី​ ​នៅ​ខាងក្នុង​សម្ព័ន្ធភាព​នេះ​ជាជាង​នៅ​ខាងក្រៅ​។

លោក​ ​Eyal​ ​បាន​ថ្លែង​ថា​«អង្គការ​ណា​តូ​គឺ​អំពី​សន្តិសុខ​អឺរ៉ុប​ ​សម្ព័ន្ធភាព​នេះ​គឺ​មិនមែន​អំពី​ការសម្រប​សម្រួល​គោល​នយោបាយ​នៅក្នុង​ភូមិ​ភា​គ​មជ្ឈឹ​ម​បូព៌ា​ទេ​»។​