កាលពីថ្ងៃច័ន្ទ លោក Jens Stoltenburg អគ្គលេខាធិការនៃអង្គការអូតង់បានចោទប្រកាន់ប្រទេសរុស្ស៊ីថារំលោភលើកិច្ចឈប់បាញ់គ្នានៅក្នុងជម្លោះក្នុងប្រទេសអ៊ុយក្រែនដោយបានបន្តផ្តល់ជំនួយយោធាឱ្យពួកទាមទារបំបែករដ្ឋលម្អៀងទៅខាងរុស្ស៊ី។
លោក Stoltenburg បានមានប្រសាសន៍នៅក្នុងក្រុងព្រុចសែល (Brussels) ថា«មានការបង្កើនយោធាដោយរុស្ស៊ីនៅតាមបណ្តោយព្រំដែនរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន ហើយក៏មានការបង្កើនយោធានេះនៅខាងក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែនជាមួយលំហូរគ្មានឈប់ឈរនៃគ្រឿងឧបករណ៍ធុនធ្ងន់ កងរថក្រោះ កាំភ្លើងធំ គ្រាប់រំសេវ ប្រព័ន្ធការពារដែនអាកាសនិងការហ្វឹកហ្វឺនជាច្រើន»។
ការប៉ាន់ប្រមាណរបស់លោកអំពីជម្លោះដែលមានតទៅទៀតនៅក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែនមានឡើងនៅពេលដែលក្រសួងការបរទេសស.រ.អា.ប្រកាសថា លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry នឹងធ្វើដំណើរទៅកាន់ក្រុង Sochi នៃប្រទេសរុស្ស៊ីដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅថ្ងៃអង្គារនេះ អំពីវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែននិងជម្លោះនៅក្នុងភូមិភាគមជ្ឈឹមបូព៌ា។ ប្រទេសរុស្ស៊ីបានច្រានចោលការចោទប្រកាន់ដោយពួកបស្ចឹមប្រទេសដែលថាខ្លួនមើលការខុសត្រូវលើការប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។
នេះជាទស្សនកិច្ចលើកទីមួយរបស់លោក Kerry នៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីការប្រយុទ្ធគ្នាបានកើតមានឡើងនៅក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែនកាលពីជាងមួយឆ្នាំមុននេះរវាងពួកទាមទារបំបែករដ្ឋលម្អៀងទៅខាងរុស្ស៊ីនិងកងកម្លាំងរដ្ឋាភិបាលក្រុង Kyiv នៅក្រោយរដ្ឋាភិបាលក្រុងម៉ូស្គូបានចូលកាន់កាប់ឧបទ្វីបគ្រីម៉េនៃប្រទេសអ៊ុយក្រែនមក។
ក្រសួងការបរទេសអាមេរិកាំងបាននិយាយថា អ្នកការទូតកំពូលរបស់ខ្លួននឹងពិភាក្សាជាមួយលោក Putin និងលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergeu Lavrov អំពី«បញ្ហាទ្វេភាគីនិងបញ្ហាតំបន់មួយចំនួនធំ ដោយមានរួមបញ្ចូលបញ្ហាប្រទេសអ៊ីរ៉ង់ ប្រទេសស៊ីរីនិងបញ្ហាប្រទេសអ៊ុយក្រែនផងដែរ»។