ប្រទេសរុស្ស៊ីបានព្រមានថា វត្តមានរបស់បុគ្គលិកយោធាបរទេសអាច«ធ្វើឲ្យខូចស្ថេរភាព»ដល់ស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីកងទ័ពឆ័ត្រយោងស.រ.អាបានធ្វើដំណើរទៅដល់ ក្នុងសប្តាហ៍នេះ ដើម្បីជួយហ្វឹកហ្វឺនទាហានអ៊ុយក្រែន។
លោក Dmitry Pescov អ្នកនាំពាក្យម្នាក់របស់លោកប្រធានាធិបតី Vladimir Putin បានប្រាប់អ្នកកាសែតនៅថ្ងៃសុក្រនេះថា អ្នកបង្ហាត់មកពី«ប្រទេសទីបី» ក្រៅពី រុស្ស៊ី ឬ អ៊ុយក្រែន អាចធ្វើឲ្យស្ថានការណ៍ផ្លាស់ប្តូរនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត កន្លែងដែលពួកឧទ្ទាម គាំទ្រប្រទេស រុស្ស៊ី កំពុងធ្វើការបះបោរដោយគ្រឿងអាវុធប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន។
កងពលតូចមួយរបស់កងទ័ពអាកាសស.រ.អាបានទៅដល់ប្រទេសអ៊ុយក្រែនក្នុងសប្តាហ៍នេះ ដើម្បីបើកវគ្គបណ្តុះបណ្តាលមួយចំនួនសម្រាប់កងទ័ពអ៊ុយក្រែន។
កាលពីថ្ងៃព្រហស្បតិ៍លោកប្រធានាធិបតី Putin បានចោទស.រ.អាថាកំពុងព្យាយាមដឹកនាំទំនាក់ទំនងអន្តរជាតិ តែថា រុស្ស៊ីនៅតែបើកចំហសម្រាប់ធ្វើសហប្រតិបត្តិការជានិច្ច។
លោកបានថ្លែងយ៉ាងដូច្នេះ កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយ ដែលលោកទទួលសំណួរផ្ទាល់ពីអ្នកស្តាប់របស់លោកនៅក្នុងទូរទស្សន៍រុស្ស៊ី៕