ប្រទេស​កម្ពុជា​ដាច់​ភ្លើង​ស្ទើរ​ទូទាំង​ប្រទេស​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ផ្ទាល់​តាម​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​​​​ព្រហស្បតិ៍​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ អំពី​ឧប្បត្តិហេតុ​ការ​ដាក់​ចរន្ត​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ដែល​ជា​យប់​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​អុំ​ទូក។ លោក​ថ្លែង​ថា​​មូលហេតុ​នៃ​ការ​ដាច់​ភ្លើង​នេះ​គឺ​បញ្ហា​បច្ចេសទេស​នៅ​វៀតណាម គឺ​មិន​មែន​អំពើ​ភេរវកម្ម​ទេ។ (រូបថត​ថត​ពី​ទំព័រ Facebook Samdech Hun Sen)

​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថា​ ការ​ដាច់​ចរន្ត​អគ្គិសនី​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ភេរវកម្ម​ណាមួយ​នោះ​ទេ​ តែ​វា​បណ្តាល​មក​ពី​បញ្ហា​បច្ចេក​ទេស​នៃ​ការ​បញ្ជូន​អគ្គិសនី​​ពី​ប្រទេស​វៀតណាម។​

លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​ចេញ​មុខ​សូម​ទោស​ជា​សាធារណៈ​ភ្លាមៗ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ បន្ទាប់​ពី​ការ​ដាច់​ចរន្ត​អគ្គិសនី​អស់​រយៈ​ពេល​ជិតមួយ​ម៉ោង​ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា​ កាលពី​រាត្រីថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ។

នៅ​ក្នុង​ការ​ថ្លែង​សូមទោស​របស់​លោក​ ​លោក​នាយករដ្ឋ​មន្ត្រី​ដ៏​មាន​ឥទ្ធិពលបាន​ថ្លែង​ថា​ ការ​ដាច់​ចរន្ត​អគ្គិសនី​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ភេរវកម្ម​ណាមួយ​នោះ​ទេ​ តែ​វា​បណ្តាល​មក​ពី​បញ្ហា​បច្ចេក​ទេស​នៃ​ការ​បញ្ជូន​អគ្គិសនីពី​ប្រទេស​វៀតណាម។​

«ខ្ញុំ​ព្រះ​ករុណាខ្ញុំ​ សូម​អភ័យ​ទោស​ និង​សូម​បញ្ជាក់​ជូន​ប្រជា​ពលរដ្ឋ​ថា​ ការ​ដាច់​ចរន្ត​អគ្គិសនី​នេះ​មិន​មែន​ជា​សញ្ញា​នៃ​វាយ​ប្រហារភេរវកម្ម​ ឬ​ឧប្បត្តិហេតុ​ណា​ផ្សេង​ ក្រៅ​ពី​ការ​ដាច់​ចរន្ត​នោះ​ទេ។​ យោង​ទៅ​លើការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​អគ្គិសនី​ ដែល​មាន​អគ្គនាយក​នៃ​ក្រុមហ៊ុន​អគ្គិសនី​នៅ​ទី​នេះ​ស្រាប់ ការ​ចាប់​ផ្តើម​ដាច់​ គឺ​ចាប់​ផ្តើម​ដាច់​នៅ​ក្នុង​ប្រទេស​វៀតណាម​ ដែល​យើង​បាន​ទិញ​ភ្លើង​ពី​ប្រទេស​វៀតណាម​ ក្នុង​កម្រិត​នៅ​ក្នុង​កុងត្រា​២០០​មេហ្គាវ៉ាត់»។

ការ​ដាច់​ភ្លើង​នៅ​ឧទ្យាន​អង្គរ៖

អ្នកកាសែត​ចាប់​អារម្មណ៍​ភ្លាមៗ​អំពី​ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន៖

ភ្លាមៗ​បន្ទាប់​ពីការ​ពន្យល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ដែល​ស្ថិត​ក្នុង​អំណាចជាង​បី​ទសវត្សរ៍មក​នេះ​ លោក ​កែវ រតនៈ​ អគ្គនាយក​អគ្គិសនី​កម្ពុជា​ បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​ធ្វើ​ការ​សុំ​អភ័យ​ទោស​ពី​សាធារណជន​ ហើយ​លោក​ក៏​បាន​ពន្យល់​បន្ថែមអំពី​ការ​ដាច់​ចរន្ត​អគ្គិសនី​នេះ​ផង​ដែរ។​

«មូលហេតុ​ដាច់​ភ្លើង​ដូច​នេះ​ គឺ​បណ្តាល​មក​ពី​ការ​ដាច់​ភ្លើង​នៅ​ក្នុង​ទឹក​ដី​ប្រទេស​វៀតណាម​ គឺ​ពី​អនុ​ស្ថានីយ​ខេត្ត​ នៅ​ក្នុង​តំបន់​ផូកណូត​ ដែល​ផ្គត់​ផ្គង់​តំបន់​ចូដុក​ ហើយ​ខ្សែ​តុងស្យុង​ខ្ពស់​២៣០​គីឡូ​វ៉ូល​ ដែល​ជា​ចំណែក​មួយ​សំខាន់​របស់​បណ្តាញ​ជាតិ​របស់​យើង​ ភ្ជាប់​ទៅនឹង​តំបន់​ចូដុក​នោះ​ ដែល​នៅ​ក្នុង​ពេល​យប់​មិញ​នេះ​ យើង​កំពុង​តែ​យក​ភ្លើង​ជិត​១៥០​មេហ្គាវ៉ាត់​ពី​ប្រភព​ពី​វៀតណាម​ដើម្បី​ផ្គត់​ផ្គង់​បន្ថែម​ ផ្គុំ​ជាមួយ​ប្រភព​ក្នុង​ស្រុក​ ក្នុង​ចន្លោះ​៥០០​មេហ្គាវ៉ាត់​ជាង​ ដើម្បី​ផ្គត់​ផ្គង់​ទូទាំង​ប្រទេស»។​

​លោក​ថ្លែង​ថា​ ការ​ដាច់​ចរន្ត​អគ្គិសនី​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ដាច់​ចរន្ត​អគ្គិសនី​នៅ​ក្នុង​ទឹកដី​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​កាណាដា​ ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​២០០៣។​ ក្នុង​ពេល​នោះ​ ប្រទេស​កាណា​ដា​ គឺ​ជាអ្នក​ផ្គត់​ផ្គង់​អគ្គិសនី​បន្ថែម​ដល់​សហ​រដ្ឋ​អាមេរិក។​ លោក​ថា​ ការ​ដាច់​ភ្លើង​នៅ​កាណាដា​ បាន​ធ្វើ​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី​ជាង​១០​លានផ្ទះ​នៅ​ក្នុង​ទឹកដី​កាណាដា​ និង​ប៉ះពាល់​ដល់​ផ្ទះ​ចំនួន​៤៥​លាន​ផ្ទះ​នៅស.រ.អា.។​

ទស្សនា​វីដេ​អូ​ទាំង​ស្រុងនៃ​ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន៖

ប្រទេស​កម្ពុជា​ ដែលជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ បាន​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ពី​ប្រទេសក្បែរ​ខាង។​ ដោយសារ​កង្វះ​នៃ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ក្នុង​ស្រុក​នេះ​ រដ្ឋា​ភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ និង​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​នៅ​តាម​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ រួម​មាន​ខេត្ត​កំពត​ ​កោះកុង​ ​ស្ទឹងត្រែង​ ហើយ​និង​ខេត្ត​ព្រះ​សីហនុ។

ទោះ​ជា​មានការ​សុំ​ទោស​ពី​លោក​នាយករដ្ឋ​មន្ត្រី​ និង​អគ្គនាយក​អគ្គិសនី​កម្ពុជា​ក៏​ដោយ អ្នក​សកម្មក្នុង​ការប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​រិះគន់​យ៉ាង​ខ្លាំងចំពោះ​ការ​លើក​ឡើង​អំពី​ការ​ដាច់​ខ្សែ​តុងត្យុង​នៅ​ក្នុង​ប្រទេស​វៀតណាម។​ ពួកគេ​បាន​លើក​ជា​សំណួរ​ជាច្រើន​ទាក់​ទិន​ដំណើរ​នៃ​ការ​កសាង​ទំនប់​វារី​អគ្គិសនី​ដែល​បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​សន ជ័យ​ តំណាង​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ានិង​ប៉ាស៊ីហ្វិក​ ប្រចាំ​នៅ​កម្ពុជា​ មានប្រសាសន៍​ប្រាប់​ VOA ​អំពី​ក្តី​មន្ទិល​លើ​ការ​ពឹង​ផ្អែក​ខ្លាំង​របស់​កម្ពុជា​ទៅលើ​ការ​ផ្គត់​ផ្គង់​ភ្លើង​ពី​ប្រទេស​វៀតណាម​ ដោយ​សារ​តែ​រដ្ឋាភិបាល​បាន​កសាង​ទំនប់​វារី​អគ្គិសនី​ជាច្រើន​កន្លែងកាល​ពី​កន្លង​មក។​ លោក​ថា​ ការ​ដាច់​ចរន្ត​អគ្គិសនី​ស្ទើរ​ទូទាំង​ប្រទេស​កាល​ពី​យប់​ព្រហស្បតិ៍​ គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ហើយ​លោកបាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ពី​តម្លាភាព​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ថាមពល​ ដែល​ជាកត្តាដ៏​សំខាន់​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច។​

«ការ​អភិវឌ្ឍ​មួយ​ ជាពិសេស​វារី​អគ្គិសនី​នេះ​ វា​ចាំបាច់​ណាស់​ត្រូវ​មាន​តម្លា​ភាព។​ តម្លាភាព​គឺ​រដ្ឋា​ភិបាល​ត្រូវ​តែ​បង្ហាញ​ឲ្យ​សាធារណ​ជន​ដឹង​អំពី​សូចនាករ​របស់​ខ្លួន។​ សូចនាករ​មួយ​ដែល​និយាយ​អំពី​អ្វីដែល​បាន​វិនិយោគ​ទៅ​ ហើយ​នឹង​ដែល​ផ្តល់​ការ​វិនិយោគ​ដល់​ក្រុមហ៊ុន​ឯក​ជន​ ហើយ​អ្វី​ដែល​ជា​លទ្ធផល​បាន​មក។ តើ​វា​មាន​បាន​ឈាន​ទៅ​ដល់​សូចនាករ​មួយ​ណា​ទេ​ អញ្ចឹង​ហើយ​ ពេល​នោះ​វា​នឹង​មាន​ការ​ពិនិត្យ​មើល​ ឬ​ក៏​ការ​ផ្តល់​យោបល់​បន្ថែម​ថា​ តើ​យើង​ត្រូវ​បំពេញ​ អ្វី​ដែល​ជាចំណុច​ដែល​ខ្វះ​ខាត។​ ប៉ុន្តែ​កន្លង​មក​ យើង​ហាក់ដូច​ជា​បាន​ឮ​តិចតួច។​ យើង​ដឹង​តែ​ពី​គម្រោងវិនិយោគ​វារី​អគ្គិសនី​របស់​ក្រុម​ហ៊ុន​ចិន។​ ក៏ប៉ុន្តែ​លទ្ធផល​ដែល​បាន​មក​ គឺ​ស្ថិត​នៅ​ក្នុងការ​មន្ទិល។​ ការ​មន្ទិល​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​សង្ស័យ​ទៅ​លើផល​ប៉ះពាល់​ ជា​ជាង​លទ្ធផល​នៃ​ការ​វិនិយោគ​វិស័យ​វារី​អគ្គិសនី​ហ្នឹង»។​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​ប្រាប់ប្រជា​ពលរដ្ឋ​ខ្មែរ​នូវ​ទំហំ​តម្រូវការ​ថាមពល​ដែល​បាន​ពី​វារី​អគ្គិសនី​ និង​ការ​ផ្គត់​ផ្គង់​ពី​ប្រទេស​ក្បែរ​ខាង​ ដើម្បី​បញ្ចៀស​នូវ​វិបត្តិ​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ។​

ប្រទេស​កម្ពុជា​ត្រូវ​គេមើល​ឃើញ​ថា​ បាន​កសាង​ទំនប់​វារី​អគ្គិសនី​ជា​ច្រើន​កន្លែង​ដើម្បី​ទាញ​យក​ថាមពល​សម្រាប់​បម្រើ​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រចាំ​ថ្ងៃ​ និង​ការធ្វើ​អាជីវកម្ម​តូច​ធំ​នៅ​ក្នុង​ប្រទេស។​ អ្នក​តាម​ដាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​នេះ​និយាយ​ថា​ ការ​ដាច់​ចរន្ត​អគ្គិសនី​ពាស​ពេញ​ផ្ទៃ​ប្រទេស​កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ គឺ​ជា​មេរៀន​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​ប្រុង​ប្រយ័ត្ន​ ព្រោះ​វា​អាចបង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម​ ហើយ​ថា​ រដ្ឋាភិបាល​ត្រូវ​រៀបចំ​ប្រព័ន្ធ​ផ្គត់​ផ្គង់​អគ្គិសនី​បម្រុង​មួយ​ ដោយ​មិន​ត្រូវ​ពឹង​ផ្អែក​តែ​លើ​ប្រភព​ផ្គត់​ផ្គង់​អគ្គិសនី​តែមួ​យពី​វៀត​ណាម​នោះ​ឡើយ៕