ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ប៉ះទង្គិច​នឹង​អ្នក​តវ៉ា​សុំ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន


រូបភាពថតពីគេហទំព័រ Facebook របស់ «​​ចលនា​មាតា​ធម្មជាតិ» ឬ 'Mother Nature Cambodia'។
រូបភាពថតពីគេហទំព័រ Facebook របស់ «​​ចលនា​មាតា​ធម្មជាតិ» ឬ 'Mother Nature Cambodia'។

ការ​ប៉ះទង្គិច​គ្នា​នេះ​ បាន​កើត​ឡើង​តែ​មួយ​ថ្ងៃ​ បន្ទាប់​ពី​តុលាការ​នៃ​សាលាដំបូង​ខេត្តកោះកុង​បដិសេធ​ការ​សុំ​ឲ្យ​នៅ​​ក្រៅ​ឃុំ​នៃ​សកម្ម​ជនទាំង​​បី​រូប​ រួមមានលោក​ សាន់ ម៉ាឡា ​អាយុ​២៣​ឆ្នាំ ជា​សហស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ​ លោក ​ទ្រី សុវិគា​ អាយុ​២៤​ឆ្នាំ​ និង​លោក​ ស៊ីម សំណាង​ អាយុ​២៦​ឆ្នាំ។

ពលរដ្ឋ​មក​ពី​សហគមន៍​ចំនួន​ប្រាំ​នៅ​ខេត្ត​កោះកុង​ និង​សហគមន៍​បឹង​កក់​ក្រុង​ភ្នំពេញ​ បាន​ប៉ះ​ទង្គិចគ្នា​ជាមួយ​កង​កម្លាំង​មាន​សមត្ថកិច្ច​ខេត្តកោះកុង​កាលពីព្រឹកថ្ងៃ​អង្គារ​ ​នៅ​គ្រា​ដែល​ពួក​គេដើរ​ហែរក្បួន​សំដៅ​ទៅផ្ទះ​លោក​អភិបាល​ខេត្ត​និង​សាលាខេត្ត​ដើម្បី​សុំ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន​បី​រូប​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិមនុស្ស​ និង​ក្រុម​អ្នក​តវ៉ា។​

ការ​ប៉ះទង្គិច​គ្នា​នេះ​ បាន​កើត​ឡើង​តែ​មួយ​ថ្ងៃ​ បន្ទាប់​ពី​តុលាការ​នៃ​សាលាដំបូង​ខេត្តកោះកុង​បដិសេធ​ការ​សុំ​ឲ្យ​នៅក្រៅ​ឃុំ​នៃ​សកម្ម​ជនទាំងបី​រូប​ រួមមានលោក​ សាន់ ម៉ាឡា ​អាយុ​២៣​ឆ្នាំ ជា​សហស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ​ លោក ​ទ្រី សុវិគា​ អាយុ​២៤​ឆ្នាំ​ និង​លោក​ ស៊ីម សំណាង​ អាយុ​២៦​ឆ្នាំ។​ សកម្ម​ជន​បរិស្ថាន​ទាំង​បី​នាក់​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កោះកុង​សម្រេច​ឃុំ​ខ្លួន ​ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​គំរាម​កំហែង​ និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វី​មួយ។

លោក​ ​អ៊ិន​ គង់​ជិត​ អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំ​នៅ​ខេត្ត​កោះ​កុង​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ជាង​២០​នាក់​បានទង្គិចប៉ះគ្នា​ ដោយ​មាន​ការ​ប្រតាយ​ប្រតប់គ្នា​ទៅវិញ​ទៅមក​ តែ​មិនបង្កឲ្យ​មាន​របួសស្នាម​ធ្ងន់​ធ្ងរនោះ​ឡើយ។​

លោកបន្ថែម​ថា៖

«ព្រឹកមិញ​គាត់​ព្យាយាម​ទម្លុះរបាំង​សមត្ថកិច្ច​ដែល​ឈរ​ជាច្រើន​នាក់​ហ្នឹង​ មាន​ការ​ប្រតាយប្រតប់​គ្នា​ហ្នឹង​ទម្លុះ​ ឆ្ពោះ​ទៅ​ ខាង​មុខ​ផ្ទះ​អភិបាល​ខេត្ត​ ហើយ​ទៅ​មុខ​សាលា​ខេត្ត​ ហើយ​ព្រឹកមិញ​ពួក​គាត់​បាន​ដាក់​ញ្ញតិ​សុំឲ្យ​អាជ្ញាធរ​ខេត្ត​ ធ្វើ​ការ​អន្តរាគមន៍​ ឲ្យមាន​ការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ និង​ការ​ដោះ​លែង»។​

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ បាន​ហៅ​ការ​រារាំង​របស់​អាជ្ញាធរ​ថា​ ជា​ការ​បំបិទ​សិទ្ធិ​សេរីភាពក្នុង​ការ​តស៊ូ​មតិ​ និង​បាន​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​មិន​ឲ្យ​សកម្ម​ជន​ទាំង​បីនាក់​ស្ថិតនៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​នេះ​ ថា​ជា​ការ​បង្អាក់​ដល់​កិច្ច​ការពារ​បរិស្ថាន។​

អ្នកស្រីផាវ ញ៉ឺង​ មក​ពី​ឃុំជីខក្រោម ​ស្រុក​ស្រែអំបិល ​ខេត្តកោះ​កុង​ មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​មាន​សមត្ថកិច្ចបាន​ប្រើ​កម្លាំង​រុញច្រាន​ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​គ្រា​ដែល​អ្នក​តវ៉ា​ព្យាយាម​ដើរកាត់​របារ​សន្តិសុខ។​ អ្នក​ស្រី​ថា​ សកម្មជន​បរិស្ថាន​ទាំង​បី​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។​

ទោះ​បី​ជាយ៉ាង​ក៏ដោយ​ លោក​ប៉ែន​ ប៊ុនឈួយ​ អភិបាល​រងក្រុង​ខេមរៈភូមិន្ទ​បាន​ច្រានចោល​រាល់​ការ​ប្រកាន់​ទាំង​អស់​ទាក់​ទង​នឹង​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​ ដោយ​លោក​មាន​ប្រសាសន៍ថា​៖

«មិនមាន​ប៉ះទង្គិច​អ្វី​ទេ​ យើង​មើល​ទៅ​អត់​ គ្រាន់​តែ​គាត់​ស្រែក​ ព្រោះ​យើង​ព្យាយាម​អត់​ធ្មត់​ណាស់​មិន​ឲ្យមាន​ការ​ប៉ះទង្គិច​ទេ»។​

ចលនា​មាតា​ធម្មជាតិ​បាន​ធ្វើ​ការ​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ចការ​ការពារ​បរិស្ថាន​នៅ​ក្នុង​ខេត្ត​កោះកុង។​ ក្រៅ​ពីការតវ៉ា​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ដ៏​មហន្តរាយ​ដល់​បរិស្ថាន​នេះ​ ក្រុម​ការពារ​បរិស្ថាន​នេះ​ក៏​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​វិនិយោគ​ទំនប់​វារី​អគ្គិសនី​លើ​ស្ទឹង​អារ៉ែង​នៃ​ជួរ​ភ្នំ​ក្រវ៉ាញ ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ Sinohydro​ ផង​ដែរ។​

សកម្ម​ភាព​របស់​ពួកគេ​មិន​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​សប្បាយ​ចិត្ត​ទេ។ ក្នុង​ពេល​ថ្មីៗ​នេះ​ មាន​ការធ្វើ​លិខិត​តវ៉ា​ដែល​អះអាង​ថា​ជា​តំណាង​ឱ្យ​សហគមន៍​មូលដ្ឋាន​ ដើម្បី​បណ្តេញ​ក្រុម​ចលនា​មាតា​ធម្មជាតិ​ចេញ​ពី​មូលដ្ឋាន​នេះ។

ការ​សម្រច​ឃុំ​ខ្លួន​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំង​បី​នាក់​កើត​មាន​ឡើង​ បន្ទាប់​ពី​ពួក​គេ​បើក​យុទ្ធនាការ​កាល​ពី​ខែ​កក្កដា​ដើម្បី​បណេ្តញ​សាឡង់​បូម​ខ្សាច់​របស់​ក្រុម​ហ៊ុន​ពីរ ​គឺ​ក្រុមហ៊ុន​ Direct Access​ និង​ International Rainbow ​Company ​ដែល​បាន​ដំណើរ​ការ​ជា​ច្រើន​ខែ​មក​ហើយ ​នៅ​ក្នុង​តំបន់​ជីផាត់ ​និង​ព្រែក​អណ្តូង​ទឹក​ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បទុម​សាគរ​ ខេត្ត​កោះកុង។

ទាក់​ទិន​នឹងការ​តវ៉ា​របស់​ពលរដ្ឋ​ដែល​មក​ពី​សហគមន៍​នានា​ក្នុង​ខេត្ត​កោះ​កុង​ អាជ្ញាធរ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​កាលពី​ថ្ងៃច័ន្ទ​ ដោយ​ទុក​ឱសាន​វាទ​ជូន​អ្នក​តវ៉ា​ចំនួន​ពីរ​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់ថ្ងៃទី២​កញ្ញា​ ដើម្បី​ឲ្យពួកគេ​វិល​ត្រឡប់​ទៅកាន់​មូលដ្ឋាន​រៀងៗ​ខ្លួន​វិញ៕​

XS
SM
MD
LG