លោក ទៀ បាញ់ ការពារ​ការ​ដំឡើង​ឋានន្តរសក្ដិ​អង្គរក្ស​លោក ហ៊ុន សែន ដែល​វាយ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង

រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ រង់​ចាំ​វេន​និយាយ​នៅ​កិច្ច​ប្រជុំ​កំពូល​ស្តី​អំពី​សន្តិសុខ​អាស៊ី​នៅ​វិទ្យា​ស្ថាន​អន្តរជាតិ​នៃ​ការសិក្សា​យុទ្ធសាស្ត្រ នៅ​ប្រទេស​សិង្ហបុរី ខែ​មិថុនា ឆ្នាំ​២០១២។​ (Reuters)

អង្គរក្ស​ទាំង​៣​នាក់ ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​​ជាប់​ពន្ធនាគារ​ម្នាក់​៤​ឆ្នាំ​ពី​បទ «ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស»។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ គឺ​លោក ទៀ បាញ់ ​បាន​ថ្លែង​ការពារ​ការ​ដំឡើង​ឋានន្តរសក្ដិ​ដល់​អង្គរក្ស​ចំនួន៣រូប​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ ក្រោយ​ពី​ពួកគេ បាន​ជាប់​ទោស​ ដោយសារ​ការវាយ​តំណាង​រាស្ត្រគណ​បក្ស​ប្រឆាំង ២​ រូប​កាល​ពី​ចុង​ឆ្នាំ​២០១៥។

លោក ទៀ បាញ់ លើក​ឡើង​ថា ការ​ដំឡើង​ឋានន្តរសក្ដិ​នោះ ធ្វើ​ឡើង​ស្រប​តាម​ច្បាប់។

លោក គង់ សភា ​និង​លោក​ ញ៉យ​ ចំរើន​ ទទួល​ការ​ព្យាបាល​នៅ​បាងកក។ (ហ៊ុល រស្មី/VOA)

កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១៥ ​តំណាង​រាស្ត្រ២​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​គឺ​លោក​ ញ៉យ ចំរើន ​និង​លោក ​គង់ សភា ​ត្រូវ​បាន​បាតុករ​មួយ​ក្រុម​ប្រមាណ​ជា​១០​នាក់ ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ​ ​វាយដំ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​នៅ​ក្បែរ​របង​រដ្ឋ​សភា។​

ក្រោយលោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ប្រកាស​ឲ្យអ្នក​ដែល​វាយ​តំណាង​រាស្ត្រ​ទាំង​នោះ​ចេញសារភាព​នៅ​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ អង្គរក្ស​៣​នាក់​របស់​លោក​ហ៊ុន សែន​គឺ​លោក​ សុត វណ្ណី លោក​ ម៉ៅ ហឿន​ និង​លោក ​ឆាយ សារិទ្ធ ​បាន​សារភាព​ថា ​ពួកគេ​ជា​អ្នកព្រួត​គ្នា​វាយ​តំណាង​រាស្ត្រ​ទាំង២​រូប​ឲ្យ​រង​របួស​យ៉ាង​ដំណំ។​

អង្គរក្ស​ទាំង​៣​នាក់ ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​ម្នាក់​៤​ឆ្នាំ​ពី​បទ «ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស»។

ពួក​គេ​ត្រូវ​បាន​ដោះលែង​ឲ្យស្ថិត​នៅ​ក្រៅ​ឃុំ​វិញ​កាលពី​ថ្ងៃ​ទី​៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​ក្រោយ​ពេល​អនុវត្ត​ទោស​បាន១​ឆ្នាំ ខណៈ​ទោស​រយៈពេល​៣​ឆ្នាំ​ទៀត ​ត្រូវ​ព្យួរ។​

យោង​តាម​ព្រះ​រាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦ ក្រោយ​ពេល​អង្គរក្ស​ទាំង​៣​នាក់​ត្រូវ​បាន​ដោះលែងរយៈពេល​២​សប្ដាហ៍​ អង្គរក្ស​ម្នាក់​ឈ្មោះ ​ឆាយ សារិទ្ធ ​ត្រូវ​បាន​ដំឡើង​ឋានៈ​ពី​វរសេនីយ៍​ឯក​ (សក្ដិ​៥)​ ទៅ​ជា​ឧត្ដមសេនីយ៍ត្រី​ (ផ្កាយ​មួយ)។​ ចំណែក​អង្គរក្ស​២នាក់​ទៀត​គឺ​លោក​ សុត វណ្ណី ​និង​លោក ​ម៉ៅ ហឿន ​ត្រូវ​បាន​ដំឡើង​ឋានៈ​ពី​ថ្នាក់​វរសេនីយ៍​ទោ ​(សក្ដិ​៤​កន្លះ)​ ទៅ​ជា​វរសេនីយ៍​ឯក​ (សក្តិ៥) ​តាមរយៈ​អនុក្រឹត្យ​ដែល​ចេញ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​កាល​ពី​ខែ​វិច្ឆិកា កន្លង​ទៅ។

ថ្លែង​ក្រោយ​ពេល​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​នៅ​សាកល​វិទ្យាល័យ​ការពារ​ជាតិ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ​ការដំឡើង​ឋានន្តរសក្ដិ​ដល់​អង្គរក្ស​ទាំង​ ៣​នាក់ ​នោះ ​ធ្វើ​ឡើង​តាម​ច្បាប់។

លោក​បន្ថែម​ថា ​ក្រសួង​បានអនុវត្ត​ទៅ​តាម​លក្ខន្តិកៈ​របស់​កង​យោធ​ពល​ខេមរភូមិន្ទ​ ហើយ​ថា​រាល់​ការ​តែងតាំង​គឺ​ធ្វើ​ទៅ​តាម​ពេល​វេលា​ច្បាស់លាស់។

«រឿង​ឡើង​ស័ក្ដិ​ឡើងយស អា​ហ្នឹង​គឺខ្ញុំ​ធ្វើតាម​ច្បាប់ ​ធ្វើ​តាម​លក្ខន្តិកៈ​របស់​កង​យោធ​ពល​ខេមរភូមិន្ទ​មាន​ចែង​ច្បាស់។ អ្នកយោធិន​ដែល​ហៅ​ថាបំពេញ​ការងារ​នៅ​ក្នុង​យោធិន​ហ្នឹង​ គឺ​មាន​ថេរ​វេលា​របស់​វា​ច្បាស់លាស់ ដល់ណា? ​ឆ្នាំ​ណា? ប៉ុន្មាន​ឆ្នាំត្រូវ​ឡើង​ស័ក្ដិ​ម្ដង? ​មិនមែនថា​អ្នក​នោះនៅអង្គរក្ស​ហើយ​យើង​ដំឡើង​ទេ។ ​អ្នក​ណា​ក៏​ដោយ ​ដល់​ពេលវេលា​របស់​គេ​ត្រូវ​តែ​ដំឡើង​ស័ក្ដិ​អញ្ចឹង។ ខ្ញុំ​ដឹង​តែ​ប៉ុណ្ណឹង»។

លោក ទៀ បាញ់ លើក​ឡើង​ថា ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ លោកត្រូវ​ដំឡើង​ឋានន្តរសក្ដិ​ទៅ​តាម​ពេល​វេលា ដោយ​មិន​ខ្វល់​ថា​ជន​នោះ​អនុវត្តទោស​ចប់ ឬ​ក៏​នៅ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ឃើញ​តែ​អ្នក​ហ្នឹង​មាន​ការរួច​ខ្លួន​ហើយស្រេច​ទៅហើយ​ មាន​នៅ​ក្នុង​ពន្ធនាគារ​ឯណា? អា​រឿង​ពន្ធនាគារ​ហ្នឹង ​ជា​ឆន្ទានុសិទ្ធិ​របស់​ខាងតុលាការ ខាង​ពន្ធនាគារ មិន​មែន​ខាង​ខ្ញុំ​ទេ។ ខ្ញុំ​អត់​ទទួល​ដឹង​ឮ​អា​រឿង​ហ្នឹង​ទេ»។

នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​គឺ​លោក​ ហុង គឹមសួន​ ​ប្រាប់ ​VOA​ ថា បុគ្គល​ដែល​កំពុង​អនុវត្ត​ទោសទាំង​ក្នុង​ពន្ធនាគារ ឬ​ក្រៅ​ពន្ធនាគារ គឺជា​ទណ្ឌិត។

លោក​បន្ថែម​ថា ​ការ​ផ្ដន្ទាទោស​ឲ្យ​អង្គរក្ស​ទាំង​៣រូប​នោះ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល៤ឆ្នាំ​ ហើយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ១ឆ្នាំ និង​ព្យួរ​ទោស​៣​ឆ្នាំ មាន​ន័យ​ថា អង្គរក្ស​ទាំង​៣​រូប​នោះ​ នៅកំពុង​អនុវត្ត​ទោស​នៅ​ឡើយ គ្រាន់​តែ​ពួក​គេ​នៅ​ក្រៅ​ពន្ធនាគារ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា ​តាមច្បាប់​ ទណ្ឌិត​មិន​អាច​ទទួល​បាន​ការ​ដំឡើង​ឋានន្តរសក្ដិ​នោះទេ។

លោក ហុង គឹមសួន បន្ថែម​ថា ការ​ដំឡើង​ឋានន្តរសក្ដិ​នេះ បង្ហាញ​ពី​ការ​មិន​ឲ្យ​តម្លៃ​ច្បាប់​ និង​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។ ​

«តែ​កាលណា​ជន​ដែល​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ហ្នឹង គឺ​ចាត់​ទុក​ថា​ជា​ជន​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់ គឺជា​ជន​ទុច្ចរិត​រួច​ទៅ​ហើយ។ ហើយ​ឲ្យ​ជន​ទុច្ចរិត​ដែល​ច្បាប់​មើល​ឃើញថា​ជា​មនុស្ស​មិន​អាច​ឲ្យ​ឋានៈ​ស្មើ​នឹង​ប្រជាពលរដ្ឋ​សាមញ្ញ​ផង ឲ្យ​ទៅ​មាន​ឋានន្តរសក្ដិ ឲ្យ​ទៅ​មាន​តំណែង​ទៅ​ទៀត អា​ហ្នឹង​គឺជា​ភាព​កម្សោយ​នៃ​ការ​មិន​ឲ្យ​តម្លៃ​ទៅលើ​សង្គម​ដែល​កំពុង​តែ​លើក​តម្កើងសង្គម​ប្រជាធិបតេយ្យ គោរព​សិទ្ធិ​មនុស្ស គោរព​ច្បាប់។ យក​ពួក​មាន​ទោស​ទៅ​ឲ្យកាន់​តំណែង កាន់​អំណាច​ឡើង​វិញ​ ​ គឺ​មិន​មាន​តម្លាភាព​ជាមួយ​ការ​អនុវត្ត​ទូទៅ​ទេ»។

ថ្លែង​ទៅ​កាន់​សិក្ខាកាម​ជា​ច្រើន​រយ​នាក់​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នៅ​សាកល​វិទ្យាល័យ​ការពារ​ជាតិ​នោះ លោក ទៀ បាញ់ ក៏​បាន​រិះគន់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ថាពួកគេ​តែង​តែ​លើក​ឡើង​ពី​គុណវិបត្តិ​ និង​វាយ​ប្រហាររដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច៕