អគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជា ស្នើក្រសួងមហាផ្ទៃ ឲ្យមានចំណាត់ការលើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការបន្តប្រើប្រាស់រូបសញ្ញានៃស្ថាប័នរដ្ឋសភា ដោយលើកឡើងថា ការធ្វើបែបនេះ គឺជាសកម្មភាពខុសច្បាប់។
លិខិតមួយច្បាប់ចុះថ្ងៃទី៣០ ខែមករា ចេញដោយលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដែលផ្ញើទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសុំឲ្យចាត់វិធានការលើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនោះ បញ្ជាក់ថា អតីតតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ នៅតែបន្តប្រើប្រាស់រូបសញ្ញារដ្ឋសភាលើលិខិតផ្សេងៗរបស់ពួកគេ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះ យ៉ាងដូច្នេះ៖
«ច្បាប់កំណត់យ៉ាងម៉េចគឺថាសុំឲ្យសមត្ថកិច្ចអនុវត្តតាមច្បាប់ គឺច្បាប់បើមានល្មើសត្រង់ណា ខ្ញុំមិនទាន់បានមើលទេ ប៉ុន្តែសំខាន់គឺគាត់អត់មានសិទ្ធិប្រើស្លាកសញ្ញារបស់រដ្ឋសភា ហើយអត់មានសិទ្ធិប្រើតួនាទីអីជាតំណាងរាស្ត្ររដ្ឋសភាទៀតទេ ហើយគាត់សព្វថ្ងៃនេះគឺកំពុងត្រូវតុលាការកាត់ទោសហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំទៀត។ ដូច្នេះហើយគាត់មានល្មើសច្បាប់ជាច្រើន ដូច្នេះហើយបានជាមានតែសមត្ថកិច្ចទេដែលអាចបង្ខំគាត់ឲ្យអនុវត្តតាមច្បាប់បាន»។
លិខិតរបស់អគ្គលេខាធិការរដ្ឋសភាជាតិនេះ ធ្វើឡើងបន្ទាប់ពីលោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២៤ ខែមករា បានផ្ញើលិខិតមួយច្បាប់ដែលមានរូបសញ្ញារបស់រដ្ឋសភា ប្រើក្នុងនាមតំណាងរាស្ត្រ ចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសពលោក ស៊ាន ប៉េងសែ អតីតប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលបានទទួលមរណភាពនៅប្រទេសបារាំង។
លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតនៅសហរដ្ឋអាមេរិក ប្រាប់ VOA ថា រដ្ឋសភាកម្ពុជាបច្ចុប្បន្ន គឺជារដ្ឋសភាដែលមិនស្របច្បាប់ បន្ទាប់ពីមានតំណាងរាស្ត្រថ្មីចំនួន៥៥រូបមកពីគណបក្សផ្សេង មកជំនួសកៅអីរបស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដោយមិនមានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ។
លោកបន្ថែមថា លោកនៅតែបន្តប្រើប្រាស់រូបសញ្ញារបស់រដ្ឋសភា ក្នុងនាមជាតំណាងរាស្ត្រដែលគាំទ្រដោយប្រជាពលរដ្ឋខ្មែរ។
លោក អេង ឆៃអ៊ាងបញ្ជាក់ថា៖
«ខ្ញុំគឺជាតំណាងស្របច្បាប់ដែលប្រជាពលរដ្ឋបានបោះឆ្នោតជ្រើសតាំងកាលពីឆ្នាំ២០១៣កន្លងមកនេះ ហើយមានតែប្រជាពលរដ្ឋទេដែលអាចទម្លាក់តំណាងរបស់គាត់វិញបាន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ដូច្នេះគ្មានស្ថាប័នណា ឬក៏បុគ្គលណាដែលអាចទម្លាក់តំណាងស្របច្បាប់ដែលកើតចេញពីប្រជាពលរដ្ឋបានទេ»។
គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកាកន្លងទៅ ដោយចោទថា គណបក្សនេះឃុបឃិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចំណែកអតីតតំណាងរាស្ត្រគណបក្សនេះចំនួន៥៥រូប ក៏ត្រូវបានតុលាការសម្រេចហាមឃាត់សិទ្ធិធ្វើនយោបាយម្នាក់ៗចំនួន៥ឆ្នាំ។
ភ្លាមៗក្រោយការសម្រេចនោះ រដ្ឋសភាដែលមានតែក្រុមតំណាងរាស្ត្រមកពីគណបក្សកាន់អំណាច សម្រេចធ្វើវិសោធនកម្មបែងចែកអាសនៈរបស់អតីតក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សផ្សេង។
នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា ក្រសួងមហាផ្ទៃកំពុងតាមដានសកម្មភាពរបស់អតីតតំណាងរាស្ត្រ និងអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដើម្បីប្រមូលភស្តុតាងដាក់បន្ទុកលើការមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការកំពូល។
លោកបន្ថែមថា ប្រសិនបើពួកគេ នៅតែបន្តធ្វើសកម្មភាពនយោបាយ នោះពួកគេនឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគារ។
នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា៖
«ទី១ បំពានទៅលើសាលដីការបស់តុលាការកំពូល អាហ្នឹងមានទោសបាត់ទៅហើយ។ ទី២ ទៅបង្កើតចលនាខុសច្បាប់ អញ្ចឹងទោសរឹតតែធ្ងន់បន្ថែមលើហ្នឹងទៀត។ ដូច្នេះខ្លះ២ឆ្នាំ៥ឆ្នាំ ខ្លះ១០ឆ្នាំ ១៥ឆ្នាំល្មម»។
ចាប់តាំងពីមានការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សប្រឆាំងដែលគេដឹងថា ជាគូប្រជែងនយោបាយដ៏ធំជាមួយគណបក្សកាន់អំណាចនោះ អង្គការសង្គមស៊ីវិល ស្ថាប័នជាតិ និងអន្តរជាតិជាច្រើន បានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់។ ពួកគេបានបង្ហាញពីការបារម្ភនូវដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយថា ការរំលាយគណបក្សប្រឆាំងនេះ នឹងជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតខាងមុខ។
បើទោះបីជាគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ ហើយអតីតប្រធានគណបក្សនេះកំពុងស្ថិតក្នុងពន្ធនាគារ ខណៈមន្ត្រីជាន់ខ្ពស់ និងតំណាងរាស្ត្រជាច្រើនរូបទៀតកំពុងភៀសខ្លួនទៅបរទេសក៏ដោយ ក៏មន្ត្រីគណបក្សនេះ អះអាងថា គណបក្សសង្គ្រោះជាតិ មិនទាន់បាត់ព្រលឹងពីក្នុងចិត្តអ្នកគាំទ្ររបស់ពួកគេនៅឡើយទេ៕