គណបក្សកម្លាំងជាតិ ទាមទារតុលាការ និងមន្ត្រីរដ្ឋាភិបាលឱ្យដោះលែងថ្នាក់ដឹកនាំបក្សរបស់ខ្លួន សកម្មជននយោបាយ ក៏ដូចជាសកម្មជនសង្គមដែលកំពុងជាប់ឃុំក្នុងពន្ធនាគារឱ្យមានសេរីភាព ដោយគណបក្សប្រឆាំងមួយនេះចាត់ទុកថា ការចាប់ខ្លួនជាបន្តបន្ទាប់កន្លងមកនោះ ជាការគំរាមកំហែង បំភិតបំភ័យ រឹតត្បិតសិទ្ធិសេរីភាព និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ការទាមទារនោះធ្វើឡើងនៅទីស្នាក់ការគណបក្សកម្លាំងជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅព្រឹកថ្ងៃចន្ទនេះ ដោយមានការជួបជុំសមាជិក សមាជិកាគណបក្ស ក្រុមស្ត្រីថ្ងៃសុក្រ និងអ្នកគាំទ្រដែលមកពីតាមបណ្តារាជធានី ខេត្តប្រមាណ ១៥០ នាក់។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានថ្លែងថា ការប្រមូលផ្តុំគ្នានេះធ្វើឡើងក្នុងគោលបំណងទាមទារឱ្យតុលាការ និងរដ្ឋាភិបាល ដោះលែងសកម្មជននយោបាយរបស់គណបក្ស ដែលរួមមានលោក អ៊ុំ វីរៈរដ្ឋ និងលោក មឺ សេងហ៊ ដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារកាលពីខែមីនាកន្លងទៅ។
លោកចាត់ទុកការចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិគឺ លោក អ៊ុំ វីរៈរដ្ឋ និងលោក មឺ សេងហ៊ ហៅ គា វិសាល គឺជារូបភាពនៃការគំរាមកំហែង បំភិតបំភ័យ រឹតត្បិតសិទ្ធិសេរីភាពនយោបាយ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោកស្នើទៅរដ្ឋាភិបាលប្រើយន្តការក្រៅប្រព័ន្ធតុលាការ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាវិវាទនយោបាយ។
លោក ស៊ុន ចន្ធី ថ្លែងថា៖ «គណបក្សកម្លាំងជាតិស្នើឱ្យរាជរដ្ឋាភិបាលជ្រើសយកជម្រើស ជ្រើសយកយន្តការក្រៅប្រព័ន្ធតុលាការ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាវិវាទនយោបាយរបស់អ្នកនយោបាយ ជាជាងប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគាបសង្កត់ និងចាប់ឃុំខ្លួនសកម្មជននយោបាយ ដូចសព្វថ្ងៃនេះ មែនអត់បងប្អូន?(មែន)»។
ការប្រមូលផ្តុំគ្នាតវ៉ានៅទីស្នាក់ការគណបក្សកម្លាំងជាតិក្នុងខណ្ឌមានជ័យ បានកើតឡើង បន្ទាប់ពីសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យគណបក្សជំទាស់មួយនេះ មានការជួបជុំសមាជិក និងអ្នកគាំទ្របក្ស សម្តែងមតិដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ។
បើតាមលោកស៊ុន ចន្ធី គណបក្សកម្លាំងជាតិ ប្តេជ្ញាជួបជុំនៅទីលានប្រជាធិបតេយ្យឱ្យទាល់តែបាន ដើម្បីសម្តែងមតិដោយសន្តិវិធី និងទាមទារឱ្យមានការដោះលែងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ គឺលោក អ៊ុំ វីរៈរដ្ឋ និងលោក មឺ សេងហ៊ និងសកម្មជនដទៃទៀត។
លោកលើកឡើងថា៖ «ទីលានប្រជាធិបតេយ្យ គឺជាទីតាំងដើម្បីជួបជុំសម្តែងមតិដោយសន្តិវិធី មែនទេបងប្អូន? (មែន) ចុះបើរដ្ឋាភិបាលបង្កើតទីលានប្រជាធិបតេយ្យ ហើយមកទុកចោល អ៊ីចឹង បង្កើតមកធ្វើអី មែនទេបងប្អូន? (មែន) បើថាពិបាកពេក លក់ឱ្យចិនតែម្តងទៅ មិនអ៊ីចឹងបងប្អូន? ឬក៏ជួលឱ្យចិនទៅវាចំណេញជាង គ្រាន់បើជាងបង្កើតទីលានប្រជាធិបតេយ្យយកមកទុកចោល»។
ជាមួយគ្នានេះ ភរិយារបស់លោកគា វិសាល គឺអ្នកស្រី ញ៉ែ សុខឿន អាយុ ៤៤ ឆ្នាំ បានស្នើឱ្យតុលាការដោះលែងស្វាមីរបស់អ្នកស្រី និងដោះលែងអ្នកទោសមនសិការជាច្រើននាក់ទៀតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
អ្នកស្រី ញ៉ែ សុខឿន ថ្លែងយ៉ាងដូច្នេះ៖ «សូមទាមទារឱ្យតុលាការ ពិនិត្យមើលឡើងវិញ សូមដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ មិនចំពោះតែគ្រួសារខ្ញុំទេ គឺជាទូទៅ អ្នកទោសមនសិការទាំងអស់ហ្នឹង សូមដោះលែងពួកគាត់មកវិញមក»។
លោក មឺ សេងហ៊ ហៅ គា វិសាល អនុប្រធានបណ្តោះអាសន្ននៃគណបក្សកម្លាំងជាតិខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទញុះញង់ កាលពីពាក់កណ្តាលខែមីនា ចំពោះការបង្ហោះសារលើហ្វេសប៊ុកឈ្មោះ Kea Visal និយាយអំពីរបបផ្តាច់ការឆ្ពោះទៅប្រជាធិបតេយ្យ។ ចំណែកលោក អ៊ុំ វីរៈរដ្ឋ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែមីនាដែរនោះ ពីបទរួមគំនិតក្បត់ដែលពាក់ព័ន្ធនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់មេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី កាលពីឆ្នាំ ២០១៩។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បាននៅឡើយទេ។ ចំណែកឯ លោក ផេង ស៊ីភ័ណ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ បដិសេធមិនផ្តល់ការអត្ថាធិប្បាយ ដោយថា លោកមិនបានទាន់ទទួលបានព័ត៌មានអ្វីឡើយ ទាក់ទងការទាមទាររបស់គណបក្សកម្លាំងជាតិ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា សេរីភាពសម្តែងមតិ គឺស្ថិតនៅក្រោមក្របខណ្ឌច្បាប់ ដោយគ្មាននរណាម្នាក់ចេះតែធ្វើការអត្ថាធិប្បាយដើម្បីការពារអ្នកល្មើសច្បាប់បានទេ។
លោកបញ្ជាក់ថា៖ «នៅពេលអនុវត្តច្បាប់ គឺថាមានតែតុលាការមួយគត់ ដែលជាអ្នកសម្រេចថា អ្នកណាមានទោស ឬគ្មានទោស ហើយទោសកម្រិតណា គឺមានតែស្ថាប័នតុលាការទេដែលអាចមានឆន្ទានុសិទ្ធិសម្រេចរឿងនេះ។ អត់មានបុគ្គលណា ឬមួយក៏ក្រុមណាមួយទៅបញ្ជាតុលាការឱ្យធ្វើតាមចិត្តរបស់ខ្លួនចង់បាននោះបានឡើយ»។
អំឡុងពេលមានការជួបជុំដែលមានរយៈពេលជាង ១ ម៉ោង នៅទីស្នាក់ការគណបក្សកម្លាំងជាតិនាថ្ងៃចន្ទនេះ អ្នកតវ៉ាបានលើកផ្ទាំងបដា រូបថត និងស្រែកទាមទារឱ្យមានការដោះលែងសកម្មជននយោបាយ និងសកម្មជនសង្គមដែលកំពុងជាប់ឃុំក្នុងពន្ធនាគារឱ្យមានសេរីភាពជាបន្ទាន់។
នៅលើផ្ទាំងបដាទាំងនោះ បានសរសេរថា «យុត្តិធម៌ត្រូវតែមានដល់អ្នកជាប់ឃុំនយោបាយ» «ដោះលែងលោក អ៊ុំ វីរៈរដ្ឋ លោក មឺ សេងហ៊ ឱ្យមានសេរីភាព» «ដោះលែងអ្នកទោសនយោបាយនៅកម្ពុជា» «បញ្ឈប់ប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចាប់ខ្លួនថ្នាក់ដឹកនាំ និងសកម្មជនគណបក្សកម្លាំងជាតិ» និង«បើកលម្ហសិទ្ធិសេរីភាពនយោបាយពេញលេញ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា» ជាដើម៕