មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនលើកឡើងថា ត្រឹមរយៈពេល១សប្តាហ៍ចុងក្រោយនេះ មន្ត្រីគណបក្សប្រឆាំងចំនួន៦នាក់ ត្រូវបានចាប់ខ្លួនដោយគ្មានមូលហេតុជាក់លាក់ ដែលធ្វើឱ្យការអនុវត្តលទ្ធិប្រជាធិតេយ្យកាន់តែធាក់ថយក្រោយ។
មន្រ្តីទាំង៦នាក់នោះរួមមានលោក ដាង ប៊ុនហាក់ បេក្ខជនទី១សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្តរាជធានី លោក គឹម ថាយមុន្នី ចៅសង្កាត់រងទី២ សង្កាត់ស្ទឹងមានជ័យទី២ លោក គឹម ហុង ចៅសង្កាត់រងទី២ សង្កាត់ផ្សារអូរឬស្សីទី៤ លោក សាន សឿង បេក្ខជនលេខរៀងទី៥ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តកំពង់ចាម លោកយិន ភាន បេក្ខជនលេខរៀងទី៣ និងលោក ស្រ៊ី មាន បេក្ខជនលេខរៀងទី៤ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នេះបើតាមមន្ត្រីជាន់ខ្ពស់គណបក្សបក្សភ្លើងទៀន។
ពួកគេទាំង៦នាក់រងបណ្តឹងពាក់ព័ន្ធនឹងបទចោទក្លែងបន្លំឯកសារសាធារណៈ ខណៈការចាប់ខ្លួនជាបន្តបន្ទាប់នេះធ្វើឡើងនៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់វីអូអេនៅថ្ងៃព្រហស្បត៍នេះថា ការចាប់ខ្លួនដោយគ្មានហេតុផល និងបង្កជាការភ្ញាក់ផ្អើលនេះ នាំឱ្យប៉ះពាល់ដល់ការពង្រឹង និងអនុវត្តលទ្ធិប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «ការចាប់ខ្លួននេះជាបន្តបន្ទាប់នេះ វាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ វាជាសញ្ញានៃការភ័យខ្លាច ការភ័យខ្លាចមួយដល់បេក្ខជន និងអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន ក៏ដូចជាគណបក្សឆន្ទៈខ្មែរ។ហើយអ៊ីចឹងទេខ្ញុំស្នើសុំយ៉ាងទទូចម្តងហើយម្តងទៀត អំពាវនាវសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាដោះលែងពួកគាត់ឱ្យមានសេរីភាពវិញ»។
អគ្គលេខាធិការរូបនេះបន្ថែមថា គណបក្សភ្លើងទៀនចង់ឃើញអ្នកនយោបាយខ្មែរអនុវត្តនូវវប្បធម៌អត់ឱន និងអធ្យាស្រ័យឱ្យគ្នា។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ប្រាប់វីអូអេថា ការអនុវត្តច្បាប់ចំពោះជនប្រព្រឹត្តល្មើសច្បាប់ ដែលត្រូវបានប្តឹង និងមានធាតុផ្សំគ្រប់គ្រាន់ ជារឿងធម្មតានៅក្នុងប្រទេសប្រកាន់ខ្ជាប់នីតិរដ្ឋ។ លោកបន្ថែមថា ច្បាប់គឺត្រូវបានអនុវត្តចំពោះជនគ្រប់រូប មិនចំពោះតែអ្នកនយោបាយឡើយ។
លោកបញ្ជាក់ថា៖ «ហើយការអនុវត្តច្បាប់មិនរើសអើងថាអ្នកនោះអ្នកនយោបាយ អ្នកនោះអ្នកមិននយោបាយ ឬក៏ជាសកម្មជន ពលរដ្ឋសាមញ្ញ ឬជាមន្ត្រីអីទេ អត់មានទេ ឱ្យតែមានបទល្មើស គឺត្រូវទទួលរងការអនុវត្តវិធានការច្បាប់។ នេះគឺជានីតិវិធីធម្មតានៅក្នុងប្រទេសនីតិរដ្ឋ និងការអនុវត្តនូវការពង្រឹងប្រទេសឱ្យក្លាយជានីតិរដ្ឋ»។
គិតចាប់តាំងពីឆ្នាំ២០២៣មក សកម្មជនគណបក្សភ្លើងទៀនប្រមាណជា២០នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ក្រោមបទចោទផ្សេងៗ។ នេះបើតាមអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ។
ថ្នាក់ដឹកនាំមួយចំនួនរបស់គណបក្សភ្លើងទៀន ត្រូវបានគេសង្កេតឃើញថា បានរងការប្តឹងផ្តល់នៅតុលាការតាមបណ្តឹងរបស់មេធាវីរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការនិយាយបង្ខូចកេរ្តិ៍ឈ្មោះគណបក្សកាន់អំណាច។
អ្នកសិក្សាពីការវិវត្តសង្គម និងជាអ្នកវិភាគនយោបាយ លោក មាស នី លើកឡើងថា ការធ្វើបាបគណបក្សប្រឆាំងនៅមុនបុណ្យជាតិនានា ជាការបំបាក់ទឹកចិត្តរយៈពេលយូរដល់អ្នកតស៊ូ។ លោកថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលអាណត្តិថ្មីនេះ ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងនឹងនៅតែបន្តកើតមាន។
លោកថ្លែងថា៖ «លុះត្រាតែគណបក្សកាន់អំណាចគាត់មានទំនុកចិត្ត១០០ភាគរយថា គាត់អាចទិញបេះដូងប្រជាពលរដ្ឋបានមកវិញទាំងអស់ អាហ្នឹងបានមានភាពធូរស្រាល។ ប៉ុន្តែប្រសិនបើស្ថានភាពនៅធាក់ថយ ហើយគាត់នៅមានភាពស្ទាក់ស្ទើរដោយមិនទុកចិត្តពលរដ្ឋ ខ្ញុំគិតថារឿងការចាប់ខ្លួនអាចនឹងមានបន្តទៅទៀត»។
អ្នកវិភាគរូបនេះបន្ថែមថា ការការពារផលប្រយោជន៍របស់ពលរដ្ឋ ការពារនូវសុវត្ថិភាព និងធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ គឺជាវិថីអាចទិញទឹកចិត្តប្រជាពលរដ្ឋបាន៕
វេទិកាបញ្ចេញមតិ