នៅពេលមានវ័យ ១៣ឆ្នាំ លោក កើត សារ៉ាយ បានបួសជាព្រះសង្ឈ រៀនសូត្រពីព្រះពុទ្ធសាសនា និងផ្លាស់ប្តូរជីវិតពីការរស់នៅជាមួយក្រុមគ្រួសារមករស់នៅក្នុងវត្តអារាម ក្នុងខេត្តសៀមរាប ដែលជាស្រុកកំណើតរបស់លោក។
បួសជាសង្ឃបានជាង ១៥ឆ្នាំ លោក កើត សារ៉ាយ ត្រូវបានអាជ្ញាធរចាប់ផ្សឹក កាលពីខែសីហា ឆ្នាំ ២០២០ ដោយរងបទចោទញុះញង់ នៅពេលលោកនិងក្រុមយុវជនផ្សេងទៀតបានចូលរួមតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ដែលរិះគន់ការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម។
ដោយបានជាប់ពន្ធនាគារមួយរយៈ បុរសជាអតីតព្រះសង្ឃរូបនោះ ត្រូវបានដោះលែង កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១។ ប៉ុន្តែកាលពីដើមខែមេសានេះ លោក កើត សារ៉ាយ ត្រូវបានឃាត់ខ្លួន និងដាក់ពន្ធនាគារម្តងទៀត ពាក់ព័ន្ធនឹងការបញ្ចេញមតិជុំវិញពលរដ្ឋរត់ភៀសខ្លួនចូលព្រៃ នៅខេត្តព្រះវិហារ។ មុនពេលត្រូវបានចាប់ឃុំខ្លួនជាលើកទីពីរក្នុងពន្ធនាគារនេះ លោក កើត សារ៉ាយ ធ្លាប់បានប្តេជ្ញាថានឹងបន្តធ្វើសកម្មភាពស្របតាមច្បាប់កម្ពុជា បើទោះលោកប្រឈមជាប់ពន្ធនាគារក៏ដោយ។
កើតនៅក្នុងត្រកូលកសិករមួយក្នុងភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប លោក កើត សារ៉ាយ អាយុ ៣៣ឆ្នាំ ជាកូនប្រុសពៅក្នុងចំណោមបងប្អូន ៦នាក់ ប្រុស ៣នាក់ និងស្រី ៣នាក់។ លោក កើត សារ៉ាយ បានចំណាយពេលរបស់លោកក្នុងការងារទាមទារយុត្តិធម៌សង្គម ដោយមិនខ្វល់ពីទទួលបានលាភសក្ការៈអ្វីឡើយ។ នេះបើតាមការអះអាងរបស់ក្រុមគ្រួសារ។
អ្នកស្រី កើត យី អាយុ ៣៥ឆ្នាំ បងស្រីរបស់លោក កើត សារ៉ាយ ថ្លែងក្នុងបទសម្ភាសន៍ជាមួយវីអូអេកាលពីពេលថ្មីៗថា លោក កើត សារ៉ាយ ជាកូន និងប្អូនដែលមានអត្តចរិតស្លូតបូត ចេះយកអាសាបងប្អូន ហើយមិនដែលធ្វើអ្វីឱ្យក្រុមគ្រួសារលំបាកដោយសាររូបលោកឡើយ។
អ្នកស្រីថ្លែងថា៖ «អត្តចរិតគាត់ល្អ គាត់មកលេងផ្ទះតែងតែប្រាប់បងឱ្យតែធ្វើរឿងល្អ ហើយមិនដែលឱ្យបងប្អូនធ្វើរឿងអាក្រក់ណាមួយទេ។ គាត់ទូន្មាន និយាយល្អៗមិនដែលនិយាយអាក្រក់បងប្អូនអព្ចោះអញ្ចុះទេ។ អ្នកស្រុកជិតខាងក៏ដោយ កាលគាត់នៅបួសជាព្រះសង្ឈក៏ដោយ គាត់ទេសនាបានគាត់អីៗមកគ្រួសារអស់ គាត់អត់ទុកខ្លួនគាត់ទេ»។
ចាកចេញពីស្រុកកំណើតក្នុងនាមជាសង្ឃ កាលនោះ លោក កើត សារ៉ាយ បានបន្តការសិក្សារបស់លោកនៅពុទ្ធិកបឋមសិក្សាខ្នាចរមាស ក្នុងខេត្តបាត់ដំបង។ បន្ទាប់មកបន្តទៅសិក្សានៅពុទ្ធិកវិទ្យាល័យអ៊ឹង ធួង ក្នុងខេត្តបាត់ដំបង ហើយក៏បានបន្តទៅសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជក្នុងបាត់ដំបងដដែល ដោយលោកបានសិក្សាជំនាញច្បាប់។
កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤ លោក កើត សារ៉ាយ ត្រូវបានអាជ្ញាធរចម្រុះដែលមានទាំងស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានជាង ១០នាក់ ចាប់ខ្លួននៅទីស្នាក់ការសមាគមនិស្សិតបញ្ញវន្តខ្មែរ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបាននាំខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និងបញ្ចេញមតិអំពីវិវាទដីធ្លីនៅឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី ២១ ខែមីនា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមនិស្សិតបញ្ញវន្តខ្មែរ។
នេះជាលើកទី ២ ដែលលោក កើត សារ៉ាយ ត្រូវបានចាប់ខ្លួន និងរងបទចោទប្រកាន់ «ញុះញង់»។ ការចាប់ខ្លួនលោក កើត សារ៉ាយ កើតមានឡើងបន្ទាប់ពីលោកបានទៅជួបប្រជាពលរដ្ឋដែលរត់ចូលព្រៃដោយផ្ទាល់ និងអត្ថាធិប្បាយពាក់ព័ន្ធនឹងស្ថានភាពរបស់ពួកគេ ក្រោយពេលប្រជាពលរដ្ឋមួយចំនួនដែលរស់នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានប៉ះទង្គិចហិង្សាជាមួយសមត្ថកិច្ចចម្រុះ កាលពីថ្ងៃទី ៦ ខែមីនា ដើម្បីការពារដីធ្លីដែលកំពុងមានជម្លោះ។ ក្នុងការប៉ះទង្គិចនោះ ក៏មានការបាញ់គ្រាប់កាំភ្លើងពិត និងចាប់ខ្លួនពលរដ្ឋប្រមាណ ៣០នាក់ ហើយពួកគេកំពុងជាប់ពន្ធនាគារ។
បងស្រីរបស់លោក កើត សារ៉ាយ អះអាងថា រាល់សកម្មភាពដែលប្អូនប្រុសរបស់អ្នកស្រីធ្វើសុទ្ធសឹងតែដើម្បីការពារយុត្តិធម៌សង្គម និងផលប្រយោជន៍របស់ពលរដ្ឋដែលរងគ្រោះ។
អ្នកស្រី កើត យី ថ្លែងថា៖ «ចា៎! ខ្ញុំគាំទ្រព្រោះប្អូនខ្ញុំធ្វើដើម្បីជួយប្រជាជនស្លូតត្រង់ក្រីក្រ គាត់ជួយគិតអស់ចេញពីជិត មិនបានគិតពីផលប្រយោជន៍ពីអ្នកណាមួយទេ គាត់ជួយចិត្តពីចិត្ត»។
កាលពីឆ្នាំ ២០២១ តុលាការរាជធានីភ្នំពេញបានផ្តន្ទាទោសលោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ ២លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការទាមទារឱ្យដោះលែងលោក រ៉ុង ឈុន អតីតមេដឹកនាំសហជីពមួយរូបនាពេលនោះ ដែលលោក រ៉ុង ឈុន បានអត្ថាធិប្បាយរឿងបោះបង្គោលព្រំដែនកម្ពុជាវៀតណាម។
លោក កើត សារ៉ាយ បានក្លាយប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ តាមការរយៈការបោះឆ្នោតក្នុងសមាជលើកទី ២ របស់សមាគម កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២។ សកម្មភាពរបស់សមាគមមួយនេះក៏ត្រូវបានឃ្លាំមើលដោយអាជ្ញាធរផងដែរ។
លោក យីម លាងហ៊ី អាយុ ៣៧ឆ្នាំ ជាអនុប្រធាននៃសមាគមនិស្សិតបញ្ញវន្តខ្មែរ ដែលមានលោក កើត សារ៉ាយ ជាប្រធាន ប្រាប់វីអូអេកាលពីពេលថ្មីៗនេះថា ការចាប់ខ្លួនលោក កើត សារ៉ាយ ជាការព្រមានទៅកាន់ប្រជាពលរដ្ឋថាមិនគួរខ្វាយខ្វល់ពីបញ្ហានានាដែលកើតឡើងក្នុងសង្គមឡើយ។
លោកថ្លែងថា៖ «ជាសារមួយបញ្ជាក់ថាពលរដ្ឋទាំងអស់គ្នាហ្នឹងគួរតែគិតពីឆ្នាំងបាយខ្លួនឯង កុំខ្វាយខ្វល់រឿងសង្គម វាមិនមែនជារឿងរបស់លោកអ្នកឯងទេ។ បើសិនបើអ្នកឯងហ៊ានតែខ្វាយខ្វល់ពីបញ្ហាសង្គម ចង់លើកកម្ពស់យុតិ្តធម៌សង្គម ចង់ខ្វាយខ្វល់ការរំលោភបំពានដីធ្លីអីទាំងអស់ហ្នឹង អ្នកឯងនឹងត្រូវអាចប្រឈមស្ថានភាពដូចលោកប្រធានសមាគមនិស្សិតបញ្ញវន្ត»។
បើតាមលោក យីម លាងហ៊ី លោក កើត សារ៉ាយ ជាមនុស្សដែលមានភាពក្លាហាន និងហ្មត់ចត់ក្នុងការបំពេញការងារ ហើយលោកជាមនុស្សដែលមានសុទិដ្ឋិនិយម ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ ពោលគឺលោកតែងតែខ្វល់ខ្វាយពីការស្វែងរកយុត្តិធម៌សង្គម និងតស៊ូដើម្បីការពារសិទ្ធិមនុស្ស និងលទិ្ធប្រជាធិបតេយ្យ។
បងស្រីរបស់លោក កើត សារ៉ាយ អ្នកស្រី កើត យី ប្រាប់វីអូអេថា៖ «អត់ទេគាត់និយាយថាចង់ឱ្យតែសង្គមយើងបានសុខ ឬក៏បានទទួលភាពយុត្តិធម៌ទាំងអស់គ្នា អត់មានសង្ឃឹមថាចង់ធ្វើអីមួយឱ្យមានមុខមានមាត់ខ្លួនឯង គាត់អត់គិតអ៊ីចឹងទេ។ ប្អូនខ្ញុំគឺខ្ញុំស្គាល់ច្បាស់ណាស់គាត់អត់ដែរចង់មានភាពល្បីល្បាញយកកើតជាអ្នកធំអី អត់បានគិតអីទេ»។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយវីអូអេ កាលពីខែឧសភាឆ្នាំមុន មុនពេលលោកត្រូវបានចាប់ខ្លួនជាលើកទី ២ លោក កើត សារ៉ាយ បានលើកឡើងថា បើទោះបីជាស្ថានភាពនៅកម្ពុជាបច្ចុប្បន្ននេះមានការរឹតត្បិត ហើយសកម្មជនសង្គម និងនយោបាយរងការគំរាមកំហែងយ៉ាងណាក៏ដោយ លោកសង្ឃឹមថាយុវជនជំនាន់ក្រោយនឹងមានគុណធម៌ស្មោះត្រង់ក្នុងការបន្តស្វែងរកយុត្តិធម៌សង្គម។ លោកថ្លែងថា លោកមិនបារម្ភអំពីការចាប់ខ្លួនលោកដាក់ពន្ធនាគារម្តងទៀតឡើយ ពីព្រោះលោកធ្វើអ្វីស្របតាមច្បាប់កម្ពុជា។
លោកថ្លែងកាលនោះថា៖ «ខ្ញុំមិនដែលមានការបារម្ភទេ បើនិយាយឱ្យមែនទែនទៅ ប៉ុន្តែមិនមែនមានន័យថាខ្ញុំចង់ជួបគុកទេ។ ប៉ុន្តែខ្ញុំមិនបានបារម្ភទេ ពីព្រោះអីដូចខ្ញុំថាអ៊ីចឹង អ្វីដែលខ្ញុំធ្វើមួយៗគឺខ្ញុំមើលទៅលើច្បាប់ ប្រសិនបើត្រូវច្បាប់ខ្ញុំធ្វើ ប៉ុន្តែមិនត្រូវច្បាប់ ខ្ញុំមិនធ្វើទេ»។
លោក កើត សារ៉ាយ ថ្លែងបន្តថា មូលហេតុដែលលោកក្លាយជាសកម្មជនសង្គមម្នាក់ ដោយសារលោកបានមើលថាប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសមួយអាចដំណើរការទៅបាន លុះត្រាតែការអនុវត្តច្បាប់នោះត្រឹមត្រូវ និងដោយយុត្តិធម៌។
លោកថ្លែងថា៖ «ដូច្នេះហើយក៏ចាប់ផ្តើមឱ្យខ្ញុំចាប់ចិត្តស្រឡាញ់ជាមួយការសិក្សាជំនាញច្បាប់ ពេលនោះខ្ញុំក៏ចូលមហាវិទ្យាល័យច្បាប់ ខ្ញុំរៀនច្បាប់។ ការដែលខ្ញុំស្រឡាញ់ជក់ចិត្តហ្នឹងហើយក៏ចាប់ផ្តើមតាមដានព្រឹត្តិការណ៍សង្គមទៅ ក៏ចាប់ផ្តើមឱ្យខ្ញុំជាក់ចិត្តជាមួយការមើលព័ត៌មានទាំងព័ត៌មានវីអូអេក្តី ព័ត៌មានវិទ្យុអាស៊ីសេរី និងព័ត៌មានឯករាជ្យមួយចំនួនទៀតកាន់តែធ្វើឱ្យមានការចូលចិត្ត ចាប់អារម្មណ៍តាមដានអំពីសកម្មភាពព្រឹត្តិការណ៍ ជាពិសេសអំពើអយុត្តិធម៌ទៅលើជនស្លូតត្រង់ ទាំងអស់ហ្នឹងដែលធ្វើឱ្យខ្ញុំជក់ចិត្តមានឆន្ទៈថាថ្ងៃណាមួយខ្ញុំនឹងចូលរួមជាផ្នែកមួយនៅក្នុងការឱ្យមានកំណែទម្រង់យុត្តិធម៌នៅកម្ពុជា»។
ក្រោយការចាប់ខ្លួនលោក កើត សារ៉ាយ ជាលើកទី ២ ក្រោមបទចោទប្រកាន់«មិនរាងចោលនិងញុះញង់» សកម្មជន និងយុវជនជាច្រើនចេញមកតវ៉ា និងធ្វើយុទ្ធនាការផ្សេងៗ ដោយអំពាវនាវឱ្យដោះលែងលោក កើត សារ៉ាយ ជាបន្ទាន់ និងឥតលក្ខខណ្ឌ។
អ្នកស្រី កើត យី បងស្រីរបស់លោក កើត សារ៉ាយ បានស្នើទៅតុលាការឱ្យដោះលែងប្អូនប្រុសរបស់អ្នកស្រី ហើយអ្នកស្រីយល់ថាប្អូនប្រុសមិនបានប្រព្រឹត្តអ្វីខុសដូចការចោទប្រកាន់ឡើយ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំស្នើសុំទៅអាជ្ញាធរ និងតុលាការឱ្យគាត់ដោះលែងប្អូន ខ្ញុំព្រោះគាត់អត់បានខុសអីទេ ហើយដោះលែងគាត់ដោយឥតលក្ខខណ្ឌ ព្រោះគាត់មិនបានធ្វើខុសអីញុះញង់អ្នកណាឱ្យដូចពាក្យតុលាការចោទប្រកាន់ សូមដោះឱ្យលែងកើត សារ៉ាយ ដោយឥតលក្ខខណ្ឌមកវិញ»៕
វេទិកាបញ្ចេញមតិ