គណបក្សកម្លាំងជាតិខកចិត្តនឹងសាលារាជធានីភ្នំពេញដែលមិនឱ្យគណបក្សនេះជួបជុំសម្តែងមតិដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ ដែលគ្រោងធ្វើនៅចុងខែមេសានេះ ក្នុងគោលបំណងទាមទារឱ្យដោះលែងសកម្មជនរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារឱ្យមានសេរីភាពវិញ។
កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គណបក្សកម្លាំងជាតិបានដាក់លិខិតទៅសាលារាជធានីភ្នំពេញជូនដំណឹងពីការសម្តែងមតិដោយសន្តិវិធីរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង៩:០០ព្រឹកដល់ម៉ោង១១:០០ព្រឹក នៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ពួកគេគ្រោងប្រមូលផ្តុំមនុស្សចំនួន១៥០នាក់ ដើម្បីទាមទារឱ្យដោះលែងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិចំនួន២រូប រួមមានលោក អ៊ុំ វីរៈរដ្ឋ និងលោក មឺ សេងហ៊ ហៅ គា វិសាល ដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារកាលពីខែមីនាកន្លងទៅ។
ប៉ុន្តែកាលពីថ្ងៃចន្ទ តំណាងគណបក្សកម្លាំងជាតិលោក យឹម ឃុនឃឿន បានជួបអភិបាលរងរាជធានីភ្នំពេញចំនួន២រូបគឺ លោក កើត ឆែ និងលោក មាន ចាន់យ៉ាដា ដើម្បីជជែកអំពីការជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ។ ជាលទ្ធផល រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យនោះទេ ដោយណែនាំឱ្យគណបក្សកម្លាំងជាតិជួបជុំសម្តែងមតិនៅទីស្នាក់ការគណបក្សជំនួសវិញ និងមិនត្រូវឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនោះឡើយ។ នេះបើតាមកំណត់ហេតុប្រជុំរវាងភាគីទាំងពីរចេញនៅថ្ងៃទី៨ ខែមេសាឆ្នាំ២០២៤ ដែលវីអូអេទទួលបាន។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បាននៅឡើយទេ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងជាអតីតមេដឹកនាំសហជីព លោក រ៉ុង ឈុន ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ហេតុផលរបស់សាលារាជធានីដែលថាគម្រោងនៃការជួបជុំសម្តែងមតិនោះផ្ទុយមាត្រា៥២២ និងមាត្រា៥២៣នៃក្រមព្រហ្មទណ្ឌ គឺមិនសមហេតុនោះទេ។ លោកថាការជួបជុំសម្តែងមតិមានចែងក្នុងច្បាប់បាតុកម្ម និងកូដកម្មដោយសន្តិវិធី ដោយគ្រាន់តែជូនដំណឹង ចំណែកអាជ្ញាធរគឺជាអ្នកសម្របសម្រួលសន្តិសុខជូនពលរដ្ឋ។
លោកថ្លែងថា៖ «ការបង្កើតទីលានប្រជាធិបតេយ្យសម្រាប់ឱ្យសាធារណៈជនទូទៅប្រើប្រាស់ក្នុងការជួបជុំសម្តែងមតិ អ្វីដែលគិត វាជារឿងមួយអយុត្តិធម៌ ថាជារឿងមួយដែលយើងមិនអាចទទួលយកបាន ប៉ុន្តែផ្ទុយទៅវិញសាលារាជធានីភ្នំពេញ ត្រូវបានបដិសេធ។ ហើយបើយើងមើលច្បាប់បាតុកម្ម កូដកម្មដោយសន្តិវិធី គ្រាន់តែជូនដំណឹងទេ ហើយមិនចាំបាច់មានការអនុញ្ញាតទេ»។
វីអូអេបានទាក់ទងសុំការអត្ថាធិប្បាយពីអភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ប៉ុន្តែលោកប្រាប់ឱ្យស្រង់សម្តីតាមកំណត់ហេតុប្រជុំរវាងសាលារាជធានីភ្នំពេញ និងគណបក្សកម្លាំងជាតិ។
លោកប្រាប់ថា៖ «សុំជម្រាបទៅអាអូនថា ប្រសិនបើតំណាងគណបក្សកម្លាំងជាតិ គាត់យល់ថាម៉េច គឺសុំឱ្យគាត់មើលកំណត់ហេតុប្រជុំដែលមានការឯកភាពគ្នា»។
បើតាមកំណត់ហេតុប្រជុំនោះ បានស្រង់សម្តីរបស់តំណាងគណបក្សកម្លាំងជាតិ លោក យឹម ឃុនឃឿនថា៖«ចំពោះការមិនអនុញ្ញាតឱ្យធ្វើការសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ប៉ុន្តែអាចសម្តែងមតិនៅទីស្នាក់ការរបស់គណបក្សនោះ ខ្ញុំសូមឯកភាពទទួលយក ប៉ុន្តែស្នើសុំឯកឧត្តម អនុញ្ញាតឱ្យខ្ញុំយកទៅប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់គណបក្សកម្លាំងជាតិជាមុនសិន»។
លោក យឹម ឃុនឃឿន បានសួរសំនួរតាមរយៈកិច្ចប្រជុំនោះថា តើមូលហេតុអ្វីបានជាមិនអនុញ្ញាតឱ្យធ្វើការសម្តែងមតិនៅទីលានប្រជាធិបតេយ្យ? លោក មាន ចាន់យ៉ាដា អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា មូលហេតុដែលរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាត គឺដោយសារការសម្តែងមតិទាមទារឱ្យតុលាការដោះលែង[សកម្មជនគណបក្សកម្លាំងជាតិ]នេះ គឺផ្ទុយនឹងមាត្រា៥២២ និងមាត្រា៥២៣នៃក្រមព្រហ្មទណ្ឌ ហើយទីលានប្រជាធិបតេយ្យជាទីតាំងសម្រាប់បម្រើឱ្យផលប្រយោជន៍រួម ប៉ុន្តែអាចទាមទារតាមនីតិវីធីតុលាការ។ នេះបើតាមកំណត់ហេតុប្រជុំនោះដដែលនោះ។
មាត្រា៥២២នៃក្រមព្រហ្មទណ្ឌ បានចែងផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី១០ម៉ឺនរៀល ទៅ១លានរៀល ទាក់ទងការផ្សព្វផ្សាយមុនសេចក្តីសម្រេចជាស្ថាពររបស់តុលាការ នូវការអត្ថាធិប្បាយដោយមានគោលដៅធ្វើការគាបសង្កត់ទៅលើតុលាការដែលទទួលបណ្តឹង ដើម្បីជះឥទ្ធិពលទៅលើសេចក្តីសម្រេចរបស់តុលាការ។
ចំណែកមាត្រា៥២៣ ចែងផ្តន្ទាទោសដូចគ្នានឹងមាត្រា៥២២ ប៉ុន្តែមាត្រានេះ គឺទាក់ទងអំពើរិះគន់លិខិត ឬសេចក្តីសម្រេចរបស់តុលាការ ក្នុងគោលដៅបង្កឱ្យមានភាពវឹកវរដល់សណ្តាប់ធ្នាប់សាធារណៈ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ក៏បានចាត់ទុកថា រូបភាពនេះជាការរឹតត្បិតសិទ្ធិសេរីភាព និងថាការទាមទារឱ្យដោះលែងសកម្មជនរបស់គណបក្សកម្លាំងជាតិ ដែលអាជ្ញាធរចាប់កាលពីខែមីនាកន្លងទៅ ដែលរួមមានលោក អ៊ុំ វីរៈរដ្ឋ កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ និងលោក គា វិសាល កំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសនោះ គឺមិនមែនជាការដាក់បន្ទុកលើប្រព័ន្ធតុលាការនោះទេ ប៉ុន្តែវាជាសិទ្ធិសេរីភាពសម្តែងមតិ ទាមទារដើម្បីយុត្តិធម៌។
បើតាមលោក រ៉ុង ឈុន គណបក្សកម្លាំងជាតិនឹងសម្រេចអំពីគម្រោងនៃការជួបជុំនេះ នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ យល់ថាគណបក្សកម្លាំងជាតិ និងរដ្ឋបាលរាជធានីភ្នំពេញ គួរតែមានការជជែកគ្នាម្តងទៀត ដើម្បីស្វែងរកដំណោះស្រាយរួម ជាពិសេសពាក់ព័ន្ធនឹងប្រធានបទ ដើម្បីធ្វើយ៉ាងណាឱ្យកុំឱ្យមានរិះគន់អំពីការរឹតត្បិតសិទ្ធិសេរីភាព និងត្រូវធ្វើយ៉ាងណា ដើម្បីពលរដ្ឋអាចសម្តែងមតិ ស្របតាមមាត្រា១៩ នៃកតិកាសញ្ញារបស់អង្គការសហប្រជាជាតិ អំពីសិទ្ធិសេរីភាពសម្តែងមតិរបស់ពលរដ្ឋ ដោយគ្មានការជ្រៀតជ្រែក៕
វេទិកាបញ្ចេញមតិ