សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បន្ទាប់ពីមានកូដកម្មចំនួនពីរសប្តាហ៍ជាប់ៗគ្នា ដើម្បីទាមទារឲ្យក្រុមហ៊ុនផ្តល់សំណងចំពោះការបណ្តេញបុគ្គលិកចេញពីការងារនិងអនុញ្ញាតឱ្យតំណាងសហជីពចូលធ្វើការវិញបាន។
ការចាប់ខ្លួនសកម្មជន និងចោទប្រកាន់ពួកគេពីបទញុះញង់តាមផ្លូវតុលាការ ក៏រងការរិះគន់ពីសំណាក់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ។
កម្មករនិយោជិត និងតំណាងសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្តើមមានទំនាស់ជាមួយក្រុមហ៊ុន នៅពេលកម្មករនិយោជិតជាង១.៣០០នាក់ ត្រូវបានបញ្ឈប់ពីការងារហើយបុគ្គលិកអះអាងថា មិនផ្តល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដូចជាប្រាក់អតីតភាពការងារ។ ក្រុមហ៊ុនត្រូវមន្រ្តីសហជីពចោទថា មានចេតនាបំបាត់សំឡេងតំណាងបុគ្គលិកដោយសារក្រុមហ៊ុន មិនព្រមបើកផ្លូវឱ្យថ្នាក់ដឹកនាំ និងមន្រ្តីសហជីពនៅក្រុមហ៊ុន បានវិលត្រឡប់មកកន្លែងការងារវិញ។
កញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធ និងលោក សុខ គង្គា ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ និងកម្លាំងនគរបាលអះអាងថា កូដកម្មកន្លងមកនោះ ជាកូដកម្មខុសច្បាប់ និងមានចរិតជាចលនា បង្កចលាចលក្នុងសង្គមព្រោះមានការឧបត្ថម្ភថវិកាពីក្រៅប្រទេសឱ្យមានការបន្តតវ៉ានៅមុខកាស៊ីណូរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់វីអូអេកាលពីល្ងាចថ្ងៃពុធថា កញ្ញា ឈឹម ស៊ីថរ និងថ្នាក់ដឹកនាំសហជីពមួយរូបទៀតគឺ លោក សុខ ណារិទ្ធ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។ ចំណែកថ្នាក់ដឹកនាំម្នាក់ទៀត គឺលោក សុខ គង្គា ត្រូវបានតុលាការដាក់ឱ្យនៅក្រៅឃុំ ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
លោក អំ សំអាត យល់ថា អាជ្ញាធរពាក់ព័ន្ធក្នុងវិស័យការងារគួររកច្រកឱ្យភាគីវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍ បន្តជួបចរចា ដើម្បីរកដំណោះស្រាយដោយសន្តិវិធី ហើយឈានទៅដល់ការបញ្ចប់កូដកម្ម និងការប្រឈមមុខដាក់គ្នារវាងកូដករ និងអាជ្ញាធរសន្តិសុខ។
លោកបញ្ជាក់ថា៖ «ឫសគល់វាកើតចេញពីរឿងវិវាទការងារ អី៊ចឹងគួរតែស្ថាប័នពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធនឹងជួយសម្របសម្រួលដោះស្រាយ តាមនីតិវិធី តាមច្បាប់ការងារដើម្បីបញ្ចប់នូវកូដកម្ម ឬក៏បញ្ចប់នូវវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងបុគ្គលិកណាហ្គាវើលដ៍។ វាជាជម្រើសល្អ»។
មុនពេលតុលាការសម្រេចឃុំខ្លួនថ្នាក់ដឹកនាំសហជីពទាំង៣ មានអ្នកតំណាងសហជីព និងបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍៦នាក់ទៀត ដែលចូលរួមកូដកម្មត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ដូចគ្នានេះ ហើយពួកគេបច្ចុប្បន្នក៏ត្រូវបានបញ្ជូនទៅឃុំនៅក្នុងពន្ធនាគារ រង់ចាំការកាត់ទោសដែរ។
ប្រសិនបើត្រូវបានតុលាការរកឃើញថាមានទោស មន្រ្តីសហជីពទាំងនោះ អាចនឹងប្រឈមមុខជាប់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចាត់ទុកការចាប់ខ្លួនកូដករ និងមន្រ្តីសហជីពនាពេលថ្មីៗនេះ ថាជាការរំលោភសិទ្ធិមនុស្ស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកជំនាញ ក្នុងនោះមានលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍ធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ក្រុមអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យ និយាយថា៖ «ការចាប់ខ្លួនកូដករដែលភាគច្រើនជាស្រ្តី ជាច្រើនលើកទាំងនេះ ត្រូវបានធ្វើឡើងយ៉ាងហិង្សា និងមើលទៅជាការបំពានលើសេរីភាពក្នុងការបង្កើតសមាគម ការប្រមូលផ្តុំ និងការបញ្ចេញមតិ»។
ក្រុមអ្នកជំនាញបន្ថែមថា៖ «យើងខ្ញុំក៏សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះរបៀបនៃការចាប់ខ្លួនករណីដំបូងៗ ដែលបានធ្វើឡើងនៅពេលយប់មុនឆ្លងចូលឆ្នាំថ្មី នៅពេលមានព្រឹត្តិការណ៍ជាច្រើនផ្សេងទៀត បានបង្វែរចំណាប់អារម្មណ៍សាធារណជន។នេះ អាចត្រូវបានគេមើលឃើញថា ជាមធ្យោបាយមិនសមរម្យមួយក្នុងការរឹតត្បិតសិទ្ធិមនុស្សជាមូលដ្ឋាន»។
ចំណែកនាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ទទួលបន្ទុកកិច្ចការតំបន់អាស៊ី លោក Phil Robertson បានហៅការចាប់ឃុំខ្លួនមន្ត្រីសហជីពអំឡុងពេលមានកូដកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍នោះថា ជាការរំលោភសិទ្ធិមនុស្ស និងបង្ហាញពីរូបភាពគួរឱ្យភ័យខ្លាច ពេលមានការបង្ក្រាបលើកូដកម្មដោយអហិង្សា។
លោកថ្លែងក្នុងសេចក្តីប្រកាសមួយជាភាសាអង់គ្លេស និងត្រូវប្រែសម្រួលជាភាសាខ្មែរថា៖ «ការបង្ក្រាបដែលកើនឡើងខ្លាំងនៅកម្ពុជាទៅលើកូដករនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើឱ្យថ្នាក់ដឹកនាំនិងសមាជិកសហជីពចំនួន៣០នាក់ ត្រូវបានចាប់ខ្លួន និងអូសទាញចេញ[ពីកន្លែងកូដកម្ម] នៅក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ។ ការគ្មានភាពអត់ឱនបែបនេះ បង្ហាញនូវរូបភាពដែលគួរឱ្យភ័យខ្លាចអំពីរបៀបដែលកម្ពុជាធ្វើទៅលើកម្មករដែលអនុវត្តសិទ្ធិបញ្ចេញមតិ ការប្រមូលផ្តុំ និងការប្រជុំដោយសន្តិវិធី»។
លោកបន្ថែមថា អំឡុងពេលពីរសប្តាហ៍កន្លងមកនេះ កម្មករទាំងនោះ មិនបានធ្វើអ្វីខុស ដែលគួរឱ្យពួកគេត្រូវប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌទេ ហើយអាជ្ញាធរកម្ពុជាគួរទម្លាក់ចោលការចោទប្រកាន់ដែលលោកថា យកជាការមិនបាននោះ។
អ្នកការពារសិទ្ធិមនុស្សរូបនេះ បានស្នើឱ្យរដ្ឋាភិបាលបរទេស អង្គការពលកម្មអន្តរជាតិ និងក្រុមការងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាថោ្កលទោសខ្លាំងក្លាចំពោះក្រុមមន្ត្រីប៉ូលិសស្លៀកពាក់ស៊ីវិលដែលបានប្រើហិង្សា និងធ្វើការឃុំខ្លួនកញ្ញា ឈឹម ស៊ីថរប៉ុន្មានវិនាទីពេលគាត់ចេញពីរថយន្ត នៅក្បែរការឈររាំងផ្លូវតវ៉ារបស់កម្មករ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនណាហ្គាវើលដ៍លោក Hein Dames បានទេនៅថ្ងៃព្រហស្បតិ៍នេះ។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា មានចំណុចពីរសំខាន់ៗ ដែលកូដករ និងក្រុមហ៊ុនណាហ្គាវើលដ៍មិនត្រូវគ្នា គឺទី១ ក្រុមហ៊ុនត្រូវទទួលយកថ្នាក់ដឹកនាំ សហជីព ប្រតិភូបុគ្គលិក និងសមាជិក៣៦៥នាក់ ចូលធ្វើការវិញ។ហើយទី២ ក្នុងករណី ដែលបុគ្គលិកព្រមទទួលយកសំណង គឺត្រូវធ្វើការគណនាប្រាក់សំណងទូរទាត់ឱ្យបានត្រឹមត្រូវទៅតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
ក្រុមអ្នកការពារសិទ្ធិមនុស្សជាតិនិងអន្តរជាតិ ដែលបានឃ្លាំមើលកូដកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍នោះ បានឱ្យដឹងថា មានការឃាត់ខ្លួនកូដករដែលភាគច្រើនជាសមាជិក សកម្មជន និងថ្នាក់ដឹកនាំសហជីពយ៉ាងហោចណាស់២៩នាក់ក្នុងពេលតវ៉ាកាលពីកន្លងទៅ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកឡើងថា អ្នកដឹកនាំ និងសកម្មជនសហជីពបានធ្វើកូដកម្មចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីជាការតវ៉ាចំពោះអ្វីដែលពួកគាត់ចាត់ទុកថាជាការបណ្តេញចេញពីការងារដោយអយុត្តិធម៌សម្រាប់បុគ្គលិកនិយោជិតចំនួន៣៦៥នាក់របស់កាស៊ីណូ និងរីសត ឬកន្លែងកម្សាន្តណាហ្គាវើលដ៍ បន្ទាប់ពីការចរចាមិនបានសម្រេចច្រើនលើកជាមួយនិយោជក ក្រសួងការងារ និងអាជ្ញាធររាជធានីភ្នំពេញ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន យល់ថា ក្រុមអ្នកការពារសិទ្ធិមនុស្សមិនបានដឹងពីរបៀបវារៈពិតប្រាកដនៅពីក្រោយសកម្មភាពតវ៉ានៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលលោកអះអាងថា មិនមែនជាទម្រង់នៃការសម្តែងមតិរកដំណោះស្រាយវិវាទការងារទេ។ប៉ុន្តែលោកថា ជាសកម្មភាពមួយដែលមានអង្គការចាត់តាំងពីក្រៅប្រទេសឱ្យបង្កភាពចលាចលក្នុងសង្គម។
លោកប្រាប់វីអូអេថា៖ «អ៊ីចឹងហើយ គឺមានតែវិធានការច្បាប់ទេ ដែលអាចធ្វើការដោះស្រាយបាន។ បើសិនជាពាក់ព័ន្ធវិវាទការងារសុទ្ធតែម្តង មិនមានផែនការទុច្ចរិតអីនៅពីក្រោយអាហ្នឹងអាចដោះស្រាយបានស្រួល តាមច្បាប់ការងារ។អី៊ចឹងទាល់តែពួកគាត់ហ្នឹងមើលឱ្យបានស៊ីជម្រៅជាងនេះបន្តិចហើយកុំមានភាពលម្អៀងនយោបាយអាហ្នឹងគាត់អាចមើលឃើញហើយ»។
លោក ឃុន ថារ៉ូ មន្រ្តីអង្គការសង់ត្រាល់ប្រតិកម្មថាកូដកម្មដែលកំពុងបន្តនេះ ផ្តើមចេញពីវិវាទការងារសុទ្ធសាធ ហើយអាជ្ញាធរគួរតែសិក្សាឱ្យបានហ្មត់ចត់ទៅលើដើមចមនៃវិវាទនេះ ហើយថា កូដកម្មនេះមិនមានចរិតបង្កឱ្យមានវឹកវរក្នុងសង្គមទេ ពោលគឺកម្មករនិយោជិតបានប្រើប្រាស់ជម្រើសចុងក្រោយនៃការបំបែកជម្លោះការងារតាមរយៈការធ្វើកូដកម្មនេះ។
យ៉ាងណាក៏ដោយ បុគ្គលិកណាហ្គាវើលដ៍បន្តធ្វើកូដកម្មដដែលនៅថ្ងៃព្រហស្បតិ៍នេះ ដោយមានការយាមកាមពីកម្លាំងសន្តិសុខចម្រុះរាប់សិបនាក់នៅតំបន់កាស៊ីណូណាហ្គាវើលដ៍ដែលនៅក្បែររដ្ឋសភាជាតិ៕