មន្ត្រីសង្គមស៊ីវិលដែលធ្វើការក្នុងវិស័យការងារ និងសិទ្ធិមនុស្សដើម្បីការពារផលប្រយោជន៍កម្មករ បានថ្លែងនៅថ្ងៃចន្ទថា កូដករនៅក្រុមហ៊ុនណាហ្គាវើលដ៍(NagaWorld) បានយល់ស្របគ្នា ធ្វើយុទ្ធនាការតាមបណ្តាញអ៊ិនធឺណិត ដើម្បីទាមទារឲ្យមានដំណោះស្រាយចំពោះវិវាទការងារជាមួយក្រុមហ៊ុន ស្របពេលដែលករណីឆ្លងវីរុសអូមីក្រុងមិនចុះថមថយ និងមានការធ្វើចត្តាឡីស័ករបស់កូដករមួយចំនួន។
ក្រុមអតីតកម្មករនិយោជិត ឬបុគ្គលិកនៅក្រុមហ៊ុនណហ្គាវើលដ៍បានចេញតវ៉ាកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ ដើម្បីជំទាស់នឹងអ្វីដែលពួកគេហៅថា ជាការរំលោភសិទ្ធិការងារពីសំណាក់ថៅកែក្រុមហ៊ុន ពាក់ព័ន្ធនឹងការបណ្តេញបុគ្គលិកចំនួនជាង១៣០០នាក់ចេញពីការងារទាំងបង្ខំកាលឆ្នាំ២០២១។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់លោកឃុន ថារ៉ូ ប្រាប់វីអូអេនៅថ្ងៃចន្ទថា កូដករបានសម្រេចចិត្តតាមរយៈការពិភាក្សាផ្ទៃក្នុងរបស់ពួកគេនៅក្នុងការផ្អាក សកម្មភាពតវ៉ាដោយសន្តិវិធីនៅទីសាធារណៈមួយរយៈ ខណៈមានកូដករខ្លះកំពុងស្ថិតក្នុងស្ថានភាពធ្វើចត្តាឡីស័ក និងនៅចំពេលករណីឆ្លងវីរុសអូមីក្រុងបន្តកើនឡើង។ លោកថ្លែងថា៖
«ពួកគាត់ជជែកឯកភាពគ្នាផ្ទៃក្នុងហ្នឹង ក្នុងរយៈពេលហ្នឹងគាត់សម្រេចទៅធ្វើការតវ៉ាហ្នឹងតាមអនឡាញសិនចាំមើលស្ថានភាពអាចថាវិវត្ត គ្រាន់បើឬក៏យ៉ាងម៉េចគាត់នឹងគិតសម្រេចចិត្តផ្ទៃក្នុងគ្នាគាត់ ក្រុមគាត់ទៀត»។
កូដកម្មដែលកំពុងបន្តនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលចុះបញ្ជីនៅផ្សារភាគហ៊ុនក្នុងទីក្រុងហុងកុង បានផ្ទុះឡើងបន្ទាប់ពីកម្មករនិយោជិតប្រមាណ ១.៣២៩ នាក់ ត្រូវបានបញ្ឈប់ការងារដោយបង្ខំកាលពីអំឡុងខែមេសា ឆ្នាំ ២០២១។ នេះបើតាមបុគ្គលិក និងសកម្មជនសហជីពនៅក្រុមហ៊ុន។
កម្មករនិយោជិតចំនួន ៣៦៥ នាក់ក្នុងចំណោមកម្មករនិយោជិតដែលត្រូវបញ្ឈប់នោះ បានបដិសេធមិនទទួលការបញ្ឈប់ និងបានតវ៉ាអស់រយៈពេលជាង ១០ ខែ ក្នុងនោះមានការចេញមុខធ្វើកូដកម្ម គិតចាប់តាំងពីថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២១ រហូតមកដល់ពេលនេះ។
បើតាមលោកឃុន ថារ៉ូ នៃអង្គការសង់ត្រាល់ ក្រុមអង្គការសង្គមស៊ីវិលបានដាក់ញត្តិទៅកាន់ស្ថាប័នរដ្ឋសំខាន់ៗមួយចំនួន ក្នុងនោះគឺមន្ទីររដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងការងារដើម្បីផ្តល់កិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងាររ៉ាំរ៉ៃនេះ ប៉ុន្តែមិនទាន់មានការឆ្លើយតបយ៉ាងណាទេ។ លោកបន្ថែមថាសង្គមស៊ីវិលនឹងស្នើឲ្យស្ថានទូតប្រចាំកម្ពុជាមានការទាក់ទងជាមួយរដ្ឋាភិបាលទីក្រុងភ្នំពេញ ក្នុងការរកច្រកដោះស្រាយវិវាទការងារនេះ។
នៅក្នុងការចេញតវ៉ាកន្លងមកនោះ មានថ្នាក់ដឹកនាំ និងសកម្មជនសហជីពយ៉ាងហោចណាស់ ១១នាក់ ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់ ពីបទញុះញង់ និងការបំពានវិធានការសុខាភិបាលទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ហើយអាជ្ញាធរមានសមត្ថកិច្ចបានចាប់បញ្ជូនកូដកររាប់សិបនាក់ទៅធ្វើចត្តាឡីស័ក នៅពេលពួកគេចេញតវ៉ាសារជាថ្មីកាលពីសប្តាហ៍មុន ក្រោយមានការព្រមានពីអាជ្ញាធររាជធានីមិនឲ្យមានការប្រមូលផ្តុំដោយខុសច្បាប់។
ប្រតិកម្មទៅនឹងភាពរឹងរូសរបស់កូដករដែលបន្តចេញធ្វើកូដកម្មមិនព្រមឈប់នោះ អាជ្ញាធរក្រុងភ្នំពេញបាន ប្រកាសពិន័យប្រាក់ចន្លោះពី១លានរៀលទៅ៥លានរៀលចំពោះបុគ្គលណាដែលបំពានលើវិធានការសុខាភិបាលទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំ សំអាត និយាយថាកូដករណាហ្គាវើលដ៍ បានខិតខំព្យាយាមគោរពតាមគោលការណ៍ណែនាំសុខាភិបាលនានាដើម្បីបន្តការតវ៉ារបស់ពួកគេឲ្យបានដំណោះស្រាយសមស្របមួយចំពោះវិវាទការងារជាមួយក្រុមហ៊ុន។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ប្រាប់វីអូអេបន្ថែមថា៖ «ឥឡូវដោយសារថាទោះបីតែគាត់ជាប់ចត្តាឡីស័កតាមវិធានការសុខាភិបាល ក៏គាត់នៅតែធ្វើយុទ្ធនាការកូដកម្មតាមអនឡាញ។ អីចឹង សបញ្ជាក់ថា ឫសគល់ដែលជាបញ្ហាគឺរឿងដោះស្រាយវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងពួកគាត់ មិនមែនជាដោះស្រាយទំនាស់រវាងអាជ្ញាធរ និងពួកគាត់ ដែលត្រូវចោទប្រកាន់ ការចាប់ខ្លួន ឬក៏អនុវត្តវិធានការសុខាភិបាលបន្តបន្ទាប់នោះទេបាទ»។
លោកអំ សំអាត បានសង្គត់ធ្ងន់ថា ប្រសិនបើករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ មិនត្រូវបានដោះស្រាយឲ្យបានឆាប់នោះ គឺរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធនឹងត្រូវរងការរិះគន់ ឬថ្កោលទោស ហើយភាគីក្រុមហ៊ុននឹងបន្តបានផលចំណេញពីវិវាទនេះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោកម៉េត មាសភក្តី ថ្លែងនៅថ្ងៃចន្ទថា រដ្ឋបាលរាជធានីភ្នំពេញបានចូលរួមជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការសម្របសម្រួលរឿងវិវាទការងារខាងលើ និងមានការចម្រើនទៅមុខជាបន្តបន្ទាប់ ប៉ុន្តែ កម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្តជ្រើសរើសយកជម្រើសធ្វើបាតុកម្ម។
លោកបន្ថែមថា កម្មករនិយោជិតគួរងាកមកតុចរចា ដោយទៅពិភាក្សាជាមួយក្រសួងការងារ ដើម្បីដោះស្រាយនូវបញ្ហាដែលពួកគេមានក្នុងវិវាទការងារនេះ ជាជាងការប្រមូលផ្តុំ និងការធ្វើបាតុកម្មតាមដងផ្លូវសាធារណៈដែលអាចបង្កផលប៉ះពាល់ផ្សេងៗនោះ៕