កូដករណាហ្គាវើលដ៍ជាបន្តបន្ទាប់ទទូចឱ្យអ្នកគ្រប់គ្រងក្រុមហ៊ុនកាស៊ីណូមួយនេះបញ្ឈប់ការយាយី និងដាក់សម្ពាធ តាមរយៈការបង្កកប្រាក់របស់សហជីព និងបង្ខំបុគ្គលិកដែលកំពុងធ្វើការឱ្យឈប់ពីសហជីពដែលមិនមានទំនោរទៅរកម្ចាស់ក្រុមហ៊ុនន។
ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុនក្នុងទីក្រុងហុងកុង ចាប់ផ្តើមមានវិវាទជាមួយបុគ្គលិករបស់ខ្លួនតាំងពីឆ្នាំ ២០២១ នៅពេលមានការបញ្ឈប់បុគ្គលិកដែលសហជីពថា ជាការបញ្ឈប់ទាំងបង្ខំ ហើយភាគច្រើននៃអ្នកដែលត្រូវបានបញ្ឈប់នោះជាថ្នាក់ដឹកនាំ និងសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU)។
នៅក្នុងលិខិតចំហមួយចុះថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ តំណាងកូដករលើកឡើងថា៖ «យើងខ្ញុំសូមស្នើដល់លោកនាយក អ្នកគ្រប់គ្រងណាហ្គាវើលដ៍ សូមបញ្ឈប់សកម្មភាពដែលបង្កើតភាពអាម៉ាស់ផ្សេងៗក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ បង្វែរមកជាការគោរពសិទ្ធិលាងប្រវត្តិសាស្ត្រកន្លងផុត បង្កើតប្រវត្តិសាស្ត្រថ្មី ដោយការគោរពស្មារតីនៃច្បាប់។ យើងខ្ញុំជឿជាក់ថា ការគោរពសិទ្ធិសេរីភាពសហជីព មិនមែនធ្វើឱ្យក្រុមហ៊ុនបាត់បង់អត្ថប្រយោជន៍នោះឡើយ ផ្ទុយទៅវិញបានកេរ្តិ៍ឈ្មោះទាំងក្នុងបច្ចុប្បន្ន និងមានប្រវត្តិសាស្ត្រល្អនាពេលខាងមុខ»។
ក្រៅពីនេះ លិខិតចំហរបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ក៏បានលើកឡើងពីការជ្រៀតជ្រែករបស់ក្រសួងការងារនិងស្ថាប័នរដ្ឋផ្សេងទៀតដើម្បីរារាំងសកម្មភាពរបស់ពួកគេ។
លិខិតចំហបញ្ជាក់ថា៖ «ជាបន្តហូរហែ មានការចោទប្រកាន់លាបពណ៌មកលើថ្នាក់ដឹកនាំសហជីព ត្រូវបានជាប់ពន្ធនាគារ ១១ នាក់ បន្តបន្ទាប់ទៀតក៏មានការចោទប្រកាន់កោះហៅទៅសួរនាំចំពោះកម្មករនិយោជិតដែលកំពុងតែធ្វើកូដកម្មផងដែរ វិវាទការងារនេះបានបំភ្លៃពីការធ្វើកូដកម្មរវាងកម្មករនិងនិយោជក ទៅជាបទញុះញង់ និងក្លាយជាការបង្កអសន្តិសុខសង្គម»។
អ្នកស្រី ឈឹម សុខន អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ប្រាប់វីអូអេថា កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុមហ៊ុនបានហៅបុគ្គលិកដែលជាសមាជិករបស់សហជីពមកប្រជុំ ដាក់លក្ខខណ្ឌ ឱ្យបុគ្គលិកគ្រប់គ្នាត្រូវតែសរសេរពាក្យលាលែងពីសហជីព និងស្នើសុំដកវិភាគទានសហជីព ដែលក្រុមហ៊ុនបានកាត់រួចហើយតែបង្កក មិនបង្វិលមកឱ្យសហជីពវិញ។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹងទៅយើងមើលឃើញថាអាទង្វើបែបនេះគឺជាទង្វើ វាអត់ត្រូវច្បាប់ គឺជាទង្វើដែលក្រុមហ៊ុនបង្ខិតបង្ខំសមាជិកឱ្យ resign (លាឈប់) ចេញពីសហជីព។ អ៊ីចឹងទៅបានយើងចេញលិខិតចំហហ្នឹង»។
បើតាមអ្នកស្រីសុខន សេចក្តីណែនាំ ឬក៏លិខិតលេខ ៤០៩ របស់ក្រសួងពាក់ព័ន្ធនឹងការបង្កកប្រាក់វិភាគទាន គឺជាការបើកផ្លូវឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើអំពើល្មើសច្បាប់។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុនណាហ្គាវើលដ៍បាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក កត្តា អន ប្រាប់វីអូអេថាការលើកឡើងរបស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍គឺមិនពិតទេ និងថាក្រសួងបានយកចិត្តទុកដាក់នៅក្នុងការដោះស្រាយវិវាទមួយនេះ។
លោកថ្លែងថា៖ «ក្រសួងការងារនៅបើកចំហ គណៈកម្មការដោះស្រាយវិវាទបាតុកម្ម កូដកម្មគ្រប់មុខសញ្ញានៅបើកទ្វារចំហសម្រាប់បងប្អូនអតីតបុគ្គលិកណាហ្គាវើលដ៍ដែលកំពុងតវ៉ា ក៏ដូចជាក្រុមហ៊ុនណាហ្គាវើលដ៍ ប្រសិនបើភាគីទាំងពីរមានវឌ្ឍនភាព មានចេតនាចង់បញ្ចប់ជម្លោះ អាចស្នើមកគណៈកម្មការដោះស្រាយវិវាទបាតុកម្ម កូដកម្មគ្រប់មុខសញ្ញា ដើម្បីបន្តធ្វើការសម្របសម្រួលបញ្ចប់វិវាទនេះដូចដែលយើងទាំងអស់គ្នាចង់បាន»។
ជម្លោះការងាររវាងអតីតបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ រហូតដល់មានកូដកម្មរាប់ឆ្នាំ កើតឡើងបន្ទាប់ពីកម្មករនិយោជិតប្រមាណ ១.៣០០ នាក់ ត្រូវបានបញ្ឈប់ពីការងារ កាលពីអំឡុងខែមេសា ឆ្នាំ ២០២១។ ការបញ្ឈប់នេះត្រូវបានមើលឃើញថាជាចេតនាក្នុងការបំបាត់សហជីពឯករាជ្យនៅក្រុមហ៊ុនកាស៊ីណូមួយនេះ។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ យល់ឃើញថា បើវិវាទនេះត្រូវបានដោះស្រាយទៅតាមគោលការណ៍ច្បាប់ វាមិនមានអ្វីជាភាពស្មុគស្មាញឡើយ។ លោកបន្ថែមថា ជម្លោះនេះនៅតែអូសបន្លាយ ដោយសារតែមានការលាបពណ៌ និងចោទប្រកាន់ទៅលើក្រុមកូដករ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងករណីនេះ បើសិនជាមានការបន្តនូវការចោទប្រកាន់បែបទម្រង់នយោបាយបែបហ្នឹង ខ្ញុំគិតថាវិវាទការងារមួយហ្នឹង វាអាចមានការជាប់គាំង ហើយដំណោះស្រាយនៅតែមិនអាចឈានទៅរកដោះស្រាយបាន ពីព្រោះបើសិនជាចង់បាននូវដំណោះស្រាយមួយសមស្រប។ អ្វីដែលសំខាន់ គឺការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ហើយដើម្បីឱ្យមានភាពច្បាស់លាស់ហ្នឹងគឺទៅសួរពួកគាត់ដែលជាកូដករទៅ ដែលគាត់នៅបន្តធ្វើកូដកម្មហ្នឹង។ ម្នាក់ៗដែលគាត់មិនបោះបង់ចោលហ្នឹង គឺយើងត្រូវស្តាប់នូវការទាមទាររបស់ពួកគាត់»។
អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ធ្លាប់លើកឡើងថា លោកមិនខ្វល់នឹងការតវ៉ារបស់ក្រុមកូដករណាហ្គាវើលដ៍នោះទេ ដោយចោទថា ពួកគេមានអ្នកនៅពីក្រោយ ទើបអាចតវ៉ាបានច្រើនឆ្នាំមកនេះ។
ក្នុងសំណុំរឿងកូដកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ តុលាការរាជធានីភ្នំពេញកាលពីខែឧសភា ឆ្នាំ ២០២៣ បានកាត់ទោសកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ឱ្យជាប់ពន្ធនាគារពីរឆ្នាំពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការតវ៉ារបស់កញ្ញាកាលពីពេលកន្លងទៅ៕