ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍​នៅតែ​បន្ត​ទាមទារ​យុត្តិធម៌

ក្រុមកូដករ​លើកបដាទាមទារ​យុត្តិធម៌នៅខាងមុខ​ក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៏ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

ក្រុម​កូដករ​នៃ​ក្រុម​ហ៊ុន​ណាហ្កាវើលដ៍ (NagaWorld) បន្ត​ទាមទារ​យុត្តិធម៌​ និង​ទាម​ទារ​ឲ្យក្រុម​ហ៊ុន​ល្បែងស៊ី​សង​មួយ​នេះ ​ទទួល​យក​បុគ្គលិក​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បាន​បញ្ឈប់​កាលពី​៣ឆ្នាំ​មុន​ឱ្យ​ចូល​ធ្វើការ​វិញ។ ពួកគេ​ក៏​បានស្នើ​ឲ្យបញ្ឈប់​ការ​គំរាម​កំហែង​ និង​លាប​ពណ៌​គ្រប់​បែប​យ៉ាង​លើ​កម្មករ​និយោ​ជិតផងដែរ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ច្បាប់ស្តីពី «ខួបបី​ឆ្នាំ​ ភា​ព​អយុត្តិ​ធម៌​នៅ​តែ​បន្ត​» របស់​សហ​ជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្កាវើលដ៍។

បុគ្គលិក​ក្រុមហ៊ុន​ណាហ្កាវើលដ៍​បាន​ចាប់​ផ្តើម​ធ្វើកូដ​កម្ម​នៅ​ថ្ងៃទី​ ១៨ ខែ​ធ្នូ ​ឆ្នាំ​ ២០២១ ​ដើម្បី​ទាម​ទារ​រក​យុត្តិធម៌ ​ការពារ​សិទ្ធិ​ការ​ងារ ​ព្រម​ទាំងការពារ​សំឡេង​សហ​ជីព​ឯករាជ្យ​ ដែល​«ត្រូវ​បាន​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៏​រើស​អើង ​ព្យាយាម​រំលាយ​ចោល​ជាមួយ​ចេតនា​អាក្រក់​របស់​ខ្លួន​ក្នុង​ការ​រំលោភ​សិទ្ធិ​ការងារ និង​ច្បាប់​ការងារ»។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍ ចុះ​ថ្ងៃទី​ ១៨ ខែ​ធ្នូ ​ដែល​វីអូអេ​ទទួល​បាន។

កញ្ញា ឈឹម ស៊ីថរ មេ​ដឹកនាំ​សហជីពនៃក្រុមហ៊ុន​ណាហ្កា​វើលដ៍ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ ក្រុម​កូដករ​នឹងធ្វើ​កូដកម្ម​ រហូត​ទាល់​តែទទួល​បានដំណោះ​ស្រាយ​សម​រម្យ។

កញ្ញា​ថ្លែង​ថា៖ ​«ជា​ជំហរ​របស់​ក្រុម​ទាំង​មូល ​បន្ទាប់​ពី​នាង​ខ្ញុំ​ចេញ​ពី​ពន្ធនាគារ ដូចគ្នា​ គឺ​យើង​ទាំង​អស់គ្នានឹងធ្វើ​ការ​ទាម​ទារ​រហូត​ទទួល​បាន​យុត្តិ​ធម៌ អត់​ដឹង​តែពេល​ណា​ទេ ប៉ុន្តែ​ដឹង​ថា​រហូ​ត​ទាល់តែ​យើង​ទទួល​បាន​យុត្តិ​ធម៌ ឬ​ដំណោះ​ស្រាយ​សម​ស្រប​ដែល​អាច​ទទួល​យក​បាន ​ទើប​យើង​ឈប់​ទាម​ទា​រ​»។

កញ្ញា ឈឹម ស៊ីថរ ​នៅតែចាត់​ទុក​ថា បញ្ហានេះ​គឺ​ជាវិវាទ​ការងារ ដោយ​ទាមទា​រឲ្យ​បញ្ឈប់​ការលាប​ពណ៌​លើ​ក្រុម​កូដករ​ ព្រោះ​ការ​លាប​ពណ៌​គឺ​ជា​កត្តារាំង​ស្ទះ​ដល់​ការដោះ​ស្រាយ​វិវាទ​ការងារ​នេះ ដែល​ធ្វើ​ឲ្យកម្ពុជា​ទទួល​រង​ការ​រិះគន់​នានា​អំពី​ការ​រំលោភ​សិទ្ធិ​ការងារ​។ កញ្ញា​ក៏​ទាមទារ​ឲ្យក្រុម​ហ៊ុន​ណាហ្កាវើលដ៍​ចេញមុខ​ដោះ​ស្រាយ​បញ្ហានេះផង​ដែរ​។

ជាមួយ​គ្នានេះ ​ក្រុម​កូដករ​នៃ​ក្រុម​ហ៊ុន​ណាហ្កាវើលដ៍​បាន​រៀបរាប់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃទី​ ១៨ ខែ​ធ្នូ ​នោះ​ថា ​ក្នុង​រយៈ​ពេល ​៣ ឆ្នាំ​មក​នេះ ​វិវាទ​ការងារ​មួយ​នេះ​មិន​ទាន់​ដោះ​ស្រាយ​នៅឡើយ ហើយ​ក្រុម​កូដករ​ដែល​ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ជាស្ត្រី​បាន​រង​អំពើ​ហិង្សា​ និងការបៀត​បៀនពី​សំណាក់​កង​កម្លាំង​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ ដែលបានចូល​មក​កាង​ឲ្យក្រុមហ៊ុន​បរទេស ដោយ​បណ្តាល​ឲ្យក្រុម​កូដកររង​របួស​ស្នាម​លើ​រាងកាយ​ រង​របួស​ហូរ​ឈាម​លើ​ផ្លូវ​ថ្នល់​ និង​បណ្តាល​ឲ្យកូដករ​ម្នាក់​រលូត​កូន​ជា​ដើម។

ក្រុមកូដករ​លើកបដា ដោយ​សរសេរ​ថា​«កុំយកលុយទិញសិទ្ធិ»​នៅខាងមុខ​ក្រុមហ៊ុនកាស៊ីណូ​ណាហ្កាវើលដ៏ ក្នុង​រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

ពួកគេអះអាងបន្ថែម​ថា​ តំណាង​សហជីព​និង​សកម្មជន​សហជីព​ចំនួន​ជាង​ ១០ ​នាក់ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​រឹង​មាំ ព្រម​ទាំង​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ ក្នុងនោះ​រួម​មាន​កញ្ញា ឈឹម ស៊ីថរ ​ប្រធាន​សហ​ជីព​ដែលត្រូវ​បាន​ជាប់​ពន្ធនាគារ​រយៈពេល ២ ឆ្នាំ​ពី​បទ ​«​ញុះ​ញង់» ​និង​ទើប​តែ​ត្រូវ​បាន​ដោះលែង​ក្រោយបាន​អនុវត្ត​ទោស​ចប់​។

ក្រុម​កូដករក៏​បានអះអាងថា ​ពួក​គេ​បន្តធ្វើ​កូដ​កម្ម​រហូត​ដល់​មាន​ដំណោះ​ស្រាយ​។ ពួកគេបានបញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែលនោះ​ថា​៖ ​«កូដ​កម្ម​នេះ បញ្ចប់​ទៅ​បាន​ដរាប​ណា​ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ទទួល​បាន​នូវ​ដំណោះ​ស្រាយ ភាព​យុត្តិ​ធម៌​សម​ស្រប រួម​ទាំង​សិទ្ធិការងារ សិទ្ធិ​សហជីព​ពេញ​លេញ​របស់​ពួក​យើង ​ក្នុង​នាម​ជា​មនុស្ស»។

ក្រុម​កូដករ​បាន​បញ្ជាក់​គោល​ជំហរ​និង​ទាមទារ ​៤ ​ចំណុចរួមមាន៖ ​ទី ១ ​«ទម្លាក់​ចោល​រាល់​បទ​ចោទ និង​ទទួល​យក​ឲ្យ​ចូល​ធ្វើការ​វិញ​ទាំង​ថ្នាក់​ដឹកនាំ​ សកម្មជន ព្រម​ទាំ​ង​សមាជិក​សហជីព និង​ទូទាត់​ប្រាក់​រំឭក​ចាប់ពី​ថ្ងៃ​បញ្ឈប់​រហូត​ដល់ថ្ងៃ​ចូល​ធ្វើ​ការ​វិញ»​។ ​ទី ២ ​«ណាហ្កា​វើលដ៍​ត្រូវ​គោរព​សិទ្ធិ​សហ​ជីព ​និង​ចរចា​ជាមួយ​តំណាង​សហជីព ​LRSU ​លើ​បញ្ហា​របស់​កម្មករ​»។ ទី ៣ ​«បញ្ឈប់​ការ​លូកលាន់​កិច្ចការ​ផ្ទៃ​ក្នុង​របស់​សហជីព និង​ការ​គំរាម​កំហែង​គ្រប់​ទម្រង់​មក​លើ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្កាវើលដ៍» និង​ទី ៤ «​បញ្ឈប់​ការ​លាប​ពណ៌​គ្រប់​បែប​យ៉ាង និង​មាន​ចេតនា​បំបាក់​ស្មារតី​សហជីព​មិន​ឲ្យអនុវត្ត​សិទ្ធិ​មកលើ​កម្មករ​និយោជិត​ដែលគ្រាន់​តែចង់​បាន​ការ​គោរព​សិទ្ធិ​ការងារ​របស់​ខ្លួន​នៅ​កន្លែង​ការងារ»។

អ្នកនាំ​ពាក្យ​ក្រសួង​ការងារ លោក កត្តា អន ប្រាប់​វីអូអេ​ថា ​ពាក់ព័ន្ធ​នឹង​ករណីបាតុកម្ម​ប្រឆាំង​ក្រុមហ៊ុនណាហ្កាវើលដ៍នេះ​ ក្រសួង​ការងារ​បាន​បំពេញ​តួនាទី​ដោះ​ស្រាយវិវាទ​ការងារ​ស្រប​តាម​បទប្បញ្ញត្តិ និង​នីតិវិធី​ដោះស្រាយ​វិវាទការងារ​ ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​ការងារ​រួច​ហើយ។

អ្នក​នាំពាក្យ​រូប​នោះ​បាន​ស្នើ​ឲ្យក្រុម​កូដករ ​«ប្រើប្រាស់​យន្តការច្បាប់​ ដើម្បី​ដោះ​ស្រាយ​បញ្ចប់វិវាទ​ការងារ​នេះ។ សូម​ពិចារណា​អំពីជីវភាព​គ្រួសាររបស់​បងប្អូន ដែល​បង​ប្អូន​សម្រេច​បន្ត​ធ្វើការ​តវ៉ា ដោយ​មិន​សម្រេច​រក​ការងារ​ថ្មី​ធ្វើ»។

លោក​ កត្តា អន បាន​ថ្លែង​បន្ថែម​ថា​ អតីត​បុគ្គលិក​ស្ទើរ​តែ​ទាំង​អស់​បាន​ទទួល​យក​ដំណោះ​ស្រាយ មាន​ការងារថ្មី​ធ្វើ និង​មាន​ចំណូល​ចិញ្ចឹម​គ្រួសារ។

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​កត់​សម្គាល់​ថា​ ការ​តវ៉ា​របស់​បុគ្គលិក​ណាហ្កាវើលដ៍ ​គឺជា​វិវាទ​ការងារដែល​មាន​រយៈ​ពេល​យូរ​ជាង​គេ។ ហើយកន្លង​មក ​បញ្ហានេះ​រងការ​ច្រាន​ចោល និង​បង្វែរ​ទិស​ដៅ ខុស​ពី​គោល​បំណង​និងទទួល​រង​ការ​លាប​ពណ៌​នានា ដែល​បង្ក​ជាភាព​ស្មុគ​ស្មាគនៅក្នុងការ​ដោះ​ស្រាយ​បញ្ហា​។

លោក អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា៖ «អ៊ីចឹង​អ្វីដែល​សំខាន់ ​មក​ដល់​ពេល​នេះ ​យើង​មើល​ឃើញ​ថា ​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី ហើយ​ទៅ​តាម​ផ្លូវ​ច្បាប់​ការងារ ​វា​ជា​រឿង​ល្អ​បំផុត បើមិន​អ៊ីចឹង​ទេ ​វា​ដោះ​ស្រាយ​អត់​ចប់​ទេ​។ វា​អាច​នឹងអូស​បន្លាយ​ពេល​ទៅមុខ​ទៀត ហើយ​បញ្ហា​លាប​ពណ៌​ដាក់​គ្នា ​វា​កាន់​តែ​បន្ថែម​ទៀត ហើយ​ជា​បន្ទុក​បន្ថែម​សម្រាប់​កូដករ​ដែល​ជា​បុគ្គ​លិក និងអតីត​បុគ្គលិក​ណាហ្កា​វើល​ដ៍​ទៅ​វិញ​»។

គួរ​បញ្ជាក់​ថា ក្រុម​បុគ្គលិកនិង​សហជីព​មួយ​ចំនួន​នៃ​ក្រុមហ៊ុន​ណាហ្កា​វើល​ដ៍​បាន​ធ្វើ​កូដកម្ម​ តាំង​ពី​ចុង​ឆ្នាំ ​២០២១ ​មក​ បន្ទាប់​ពី​ក្រុមហ៊ុន​ណាហ្កា​វើលដ៍នេះ​បានបញ្ឈប់​បុគ្គ​លិក​ប្រមាណ ​១.៣០០ ​នាក់ អំឡុង​ខែ​មេសា ​ឆ្នាំ​ ២០២១ ​ដោយការ​បញ្ឈប់នោះភាគ​ច្រើន​កើត​មាន​ទៅ​លើ​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ​ការ​បញ្ឈប់​នេះ​ត្រូវ​បាន​អ្នក​ឃ្លាំមើល​សិទ្ធិការងារ​មើល​ឃើញ​ថា​ ជា​ចេតនា​ក្នុង​ការ​បំបាត់​សហជីព​ឯក​រាជ្យក្នុង​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ៕