ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កញ្ញា ឈឹម ស៊ីថរ បន្ត​ទាមទារ​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​ណាហ្កាវើលដ៍​ក្រោយ​ចេញ​ពី​ពន្ធនាគារ


កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ កំពុងផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)
កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ កំពុងផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)

ក្រោយ​បញ្ចប់​ការ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​ កញ្ញា ​ឈឹម ស៊ីថរ​ មេ​ដឹកនាំ​សហជីព​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្កា​វើលដ៍ ​ប្រកាស​ប្តេជ្ញា​បន្ត​ដឹកនាំ​ការ​ធ្វើ​កូដកម្ម​ទាមទារ​រក​ដំណោះ​ស្រាយ​វិវាទ​ការងារ​ពី​ក្រុមហ៊ុន​ណាហ្កា​វើលដ៍​ បើ​ទោះ​ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ម្តង​ទៀត។

នៅ​ថ្ងៃ​ទី​ ១៦​ ខែ​កញ្ញា​នេះ ​កញ្ញា ​ឈឹម ស៊ីថរ​ ថ្នាក់​ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្កា​វើលដ៍ ​(LRSU)​ ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ បន្ទាប់​ពី​កញ្ញា​ត្រូវ​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​រយៈ​ពេល​ ២​ឆ្នាំ ​ពី​បទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» ​ពាក់​ព័ន្ធ​នឹង​ការ​ដឹកនាំ​កូដកម្ម​ទាមទារ​ឱ្យ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្កា​វើលដ៍​គោរព​សិទ្ធិ​សហជីព ​និង​យក​បុគ្គលិក​ចូល​ធ្វើការ​វិញ។

កញ្ញា ​ឈឹម ស៊ីថរ​ ប្រាប់​វីអូអេ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា​ កញ្ញា​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​នៅ​ម៉ោង​ ៤​កន្លះ​ព្រឹក​ ដោយ​មាន​រថយន្ត​ពន្ធនាគារ​ដឹក​ទៅ​ដល់​ផ្ទះ​នៅ​រាជធានី​ភ្នំពេញ។​ កញ្ញា​ថា ​ការ​ចាប់​ខ្លួន​កញ្ញា​ដាក់​ពន្ធនាគារ​រយៈ​ពេល ​២​ឆ្នាំ​នេះ ​គឺ​ជា​រឿង​គួរ​ឱ្យ​សោកស្តាយ​ដែល​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​ការងារ​នេះ ​តែ​បែរ​ចាប់​កញ្ញា ​និង​អ្នក​តវ៉ា​ផ្សេង​ទៀត​ដាក់​ពន្ធនាគារ​ទៅ​វិញ។​

កញ្ញា​បញ្ជាក់​ថា៖​ «ដើម្បី​បញ្ឈប់​ការ​ទាមទារ​ ដើម្បី​កុំ​ឱ្យ​មាន​រឿង​អយុត្តិធម៌​ទាល់​តែ​ផ្តល់​យុត្តិធម៌។​ អាហ្នឹង​ទី​១ ​ដែល​នាង​ខ្ញុំ​ចង់​បង្ហាញ។​ ទី២​ ទោះ​បី​យ៉ាង​ណាក៏​ដោយ យើង​ខ្ញុំ​ទាំង​អស់​គ្នា​មាន​ការ​សោក​ស្តាយ​ អ្វី​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​មក​លើ​កម្មករ។ ​ អ្វី​ដែល​ក្រុមហ៊ុន​បាន​បំពាន​ច្បាប់​មិន​ត្រូវ​បាន​អនុវត្ត​ មិន​ត្រូវ​បាន​មាន​វិធានការ​ បែរ​ទៅ​ជា​មាន​វិធានការ​ទៅ​លើ​អ្នក​ដែល​ជា​ជន​រងគ្រោះ​ទៅ​វិញ។ ​នេះ​ជា​ការ​សោក​ស្តាយ​មួយ​ធំ​បំផុត​សម្រាប់​នាង​ខ្ញុំ ​ដែល​រស់​នៅ​ក្នុង​ប្រទេស​ដែល​យើង​ហៅ​ថា​ នីតិរដ្ឋ ​និង​ប្រជា​ធិបតេយ្យ»។​

កញ្ញា ​ឈឹម ស៊ីថរ​ បន្ថែម​ថា ​ក្រោយ​មាន​សេរីភាព​ពី​ការ​ឃុំ​ខ្លួន​រយៈ​ពេល​ពីរ​ឆ្នាំ ​កញ្ញា​នឹង​បន្ត​ចូល​រួម​ដឹកនាំ​កូដកម្ម​ជាមួយ​ក្រុម​កូដករ បើ​ទោះ​ជា​បារម្ភ​ថា​អាច​នឹង​ត្រូវ​បាន​ចាប់​ខ្លួន​ម្តង​ទៀត​ក្តី។

កញ្ញា​និយាយ​ថា៖​ «យើង​នៅ​តែ​បន្ត​ទាមទារ​យុត្តិធម៌​រហូត​ទទួល​បាន​ដំណោះ​ស្រាយ»។​

ទោះជា​យ៉ាងណា​កញ្ញា​ថា ​កញ្ញា​មិន​ទាន់​មាន​គម្រោង​ជាក់លាក់​ក្នុង​ការ​ចូលរួម​ធ្វើ​កូដកម្ម​ពេល​ណា​នៅ​ឡើយ​ ដោយ​នឹង​ត្រូវ​ចំណាយ​ពេល​ជាមួយ​គ្រួសារ ​និង​ពិនិត្យ​សុខភាព​ជាមុន​សិន។​

កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ កំពុងទទួលបាច់ផ្កាពីសមាជិករបស់ខ្លួន នៅស្នាក់ការអង្គការបណ្តាញយុវជនកម្ពុជា បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)
កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ កំពុងទទួលបាច់ផ្កាពីសមាជិករបស់ខ្លួន នៅស្នាក់ការអង្គការបណ្តាញយុវជនកម្ពុជា បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)
សមាជិកសហជីពណាហ្កាវើលដ៍ កំពុងរៀបចំបដាទទួលកញ្ញា ឈឹម ស៊ីថរ នៅស្នាក់ការអង្គការបណ្តាញយុវជនកម្ពុជា បន្ទាប់ពីកញ្ញាត្រូវបានដោះលែងពីពន្ធនាគារ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)
សមាជិកសហជីពណាហ្កាវើលដ៍ កំពុងរៀបចំបដាទទួលកញ្ញា ឈឹម ស៊ីថរ នៅស្នាក់ការអង្គការបណ្តាញយុវជនកម្ពុជា បន្ទាប់ពីកញ្ញាត្រូវបានដោះលែងពីពន្ធនាគារ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)

លោក ​នុត សវនា ​អ្នកនាំ​ពាក្យ​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ប្រាប់​វីអូអេ​ថា​ ការ​ដោះលែង​កញ្ញា​ ឈឹម ស៊ីថរ​ ទាំង​ព្រឹក​ព្រលឹម​គឺ​ជា​វិធាន​ការ​រក្សា​សណ្តាប់​ធ្នាប់។​

លោក​បញ្ជាក់​ថា៖​ «ការងារ​នេះ​គឺ​យើង​មិន​ចង់​ឱ្យ​មាន​បញ្ហា ​ពីព្រោះ​ថ្ងៃនេះ​ថ្ងៃ​ចន្ទ​ មនុស្ស​ត្រូវ​ឆ្លង​កាត់​ផ្លូវ​ធ្វើការ ​ហើយ​យើង​ឮ​ព័ត៌មាន​ថា​ មាន​មនុស្ស​មួយក្រុម​គាត់​មាន​ផែនការ​ប្រមូល​ផ្តុំ​ដើម្បី​មក​ជួប​កញ្ញា​ ឈឹម ស៊ីថរ​ នៅ​មុខ​មណ្ឌល​អប់រំ​កែប្រែ​ទី២។ ​អ៊ីចឹង​បាន​យើង​រៀបចំ​បញ្ចៀស​កុំ​ឱ្យ​មាន​បញ្ហា​ជួប​ជុំ​គ្នា។ ​វា​បង្ក​ឱ្យ​មាន​ភាព​កក​ស្ទះ​នៅ​ផ្លូវ​ហ្នឹង​ ហើយ​ថ្ងៃ​ចន្ទ​ផ្លូវ​ហ្នឹង​រវល់​ផង។​ អ៊ីចឹង​យើង​ធ្វើ​ម៉េច​បញ្ចៀស​បញ្ហា​ហ្នឹង»។​

កញ្ញា​ ឈឹម ស៊ីថរ ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​មករា ​ឆ្នាំ​ ២០២២ ​ពី​បទ​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ​បន្ទាប់​ពី​បាន​ដឹកនាំ​ការ​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍ ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍​ទទួល​យក​បុគ្គលិក​ជា​ច្រើន​រយ​នាក់​ចូល​ធ្វើការ​វិញ​ និង​ផ្តល់​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​ដល់​បុគ្គលិក​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ទាំង​បង្ខំ។​ កញ្ញា​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​កាលពី​ខែ​មីនា​ ឆ្នាំ​ ២០២២។​ អាជ្ញាធរ​បាន​ចាប់​ខ្លួន​កញ្ញា​ ឈឹម ស៊ីថរ ​ដាក់​ពន្ធនាគារ​វិញ​កាលពី​ថ្ងៃ​ទី ២៦​ ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២២ ​ពេល​កញ្ញា​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី ដោយ​ចោទ​កញ្ញា​ពី​បទ​រំលោភ​លើ​លក្ខខណ្ឌ​ស្ថិត​នៅ​ក្រៅ​ឃុំ។​

នៅ​ថ្ងៃ​ទី​២៥​ ខែ​ឧសភា​ ឆ្នាំ ​២០២៣​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​កញ្ញា​ ឈឹម ស៊ីថរ​ ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​ពីបទ​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម»។​

លោក ​ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លើក​ឡើង​ថា​ កញ្ញា​ ឈឹម ស៊ីថរ ​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ល្មើស​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ ​មិនមែន​ដោយសារ​វិវាទ​ការងារ​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​ «ទី ១ ​ការ​ចាប់​ខ្លួន​គាត់​មិនមែន​ដោយសារ​តែ​វិវាទ​ការងារ​ទេ។ ​វិវាទ​ការងារ​ណាហ្កា​វើលដ៍​គេ​មាន​យន្តការ​ដោះស្រាយ​តាម​ច្បាប់​ការងារ​រួច​អស់​ទៅ​ហើយ។​ ប៉ុន្តែ​ការ​ចាប់​ខ្លួន​គាត់​ ផ្តន្ទាទោស​គាត់​ ដោយ​សារ​គាត់​ប្រព្រឹត្ត​អំពើ​ល្មើស ​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មិន​ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​នេះ​ទេ។​ ឥឡូវ​គាត់​អនុវត្ត​ទោស​ចប់​ហើយ ​បើ​សិន​ជា​គាត់មិន​រាងចាល ​នៅ​តែ​បន្ត​ប្រព្រឹត្ត​ល្មើស​ហ្នឹង​ទៀត​ អាហ្នឹង​នឹង​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​ដែល​មាន​ជា​ធរមាន​ទៀត​ទៅ!»​

រូបឯកសរា៖ កូដករណាហ្គាវើលដ៍ឈរលើកបដាតវ៉ានៅពីមុខក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នំា២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
រូបឯកសរា៖ កូដករណាហ្គាវើលដ៍ឈរលើកបដាតវ៉ានៅពីមុខក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នំា២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

កាល​ពី​ដើម​ឆ្នាំ​ ២០២៣​ កញ្ញា ​ឈឹម ស៊ីថរ​ទទួល​បាន​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​ ២០២២​ ពី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក។ ​ហើយ​កាលពី​ខែ​មេសា ​រដ្ឋាភិបាល​ស៊ុយអ៊ែត​ បាន​ផ្តល់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតយ្យ​ឈ្មោះ​ថា The Per Anger Prize ​ដល់​កញ្ញា ​ឈឹម ស៊ីថរ។ ​ពានរង្វាន់​នោះ​ផ្តល់​សម្រាប់​អ្នក​ដែល​បង្ហាញ​ពី​ភាព​ក្លាហាន​យ៉ាង​ពិសេស ​និង​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​តស៊ូ​មតិ​ដើម្បិ​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

លោក ​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លើក​ឡើង​ថា ​លោក​សាទរ​ដែល​កញ្ញា​ ឈឹម ស៊ីថរ​ មាន​សេរីភាព​ឡើង​វិញ​ ប៉ុន្តែ​លោក​នៅ​តែ​សោក​ស្តាយ​ដែល​កញ្ញា​ត្រូវ​បាន​កាត់​ទោស​ដោយសារ​ការ​តវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ណាហ្កា​វើលដ៍​ដោះ​ស្រាយ​វិវាទ​ការងារ។​ លោក​បន្ថែម​ថា ​វិវាទ​ការងារ​របស់​កូដករ​ណាហ្កា​វើលដ៍​គួរ​តែ​បញ្ចប់​ ស្រប​ពេល​ដែល​សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​របស់​កូដករ​ធ្វើ​ឡើង​ស្របតាម​ច្បាប់។

លោក​បន្ថែមថា៖​ «វា​ល្មម​ដល់​ពេល​ដែល​ត្រូវ​បាន​បញ្ចប់​វិវាទ​ការងារ​វាង​ក្រុមហ៊ុន​ណាហ្កា​វើដល៍​ជា​មួយ​នឹង​ក្រុម​កូដករ​ហ្នឹង​ហើយ។ ​មិន​គួរ​ទុក​ឱ្យ​មាន​ការ​អូស​បន្លាយ​ទៀត​ទេ ​ពីព្រោះ​សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម​ដោយ​ស្រប​ច្បាប់​ វា​ជា​សិទ្ធិ​របស់​កម្មករ​ ដែល​ធានា​ដោយ​ច្បាប់ ​ដែល​មិន​មែន​ជាបទ​ល្មើស​ទេ។​ ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​មិនមែន​ជា​បទ​ល្មើស​ទេ។​ អ៊ីចឹង​បើ​សិន​ជា​ដរាប​ណា​វិវាទ​ការងារ​មិន​ទាន់​បាន​បញ្ចប់​ ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ ​វា​ជា​រឿង​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ»។​

ក្រុម​បុគ្គលិក ​និង​សហជីព​ក្រុមហ៊ុន​ណាហ្កា​វើលដ៍​ដែល​មាន​កញ្ញា ​ឈឹម ស៊ីថរ​ ជា​មេ​ដឹកនាំ ​បាន​ធ្វើ​កូដកម្ម​តាំង​ពី​ចុង​ឆ្នាំ​ ២០២១ ​មក​ បន្ទាប់​ពី​ក្រុមហ៊ុន​ណាហ្កា​វើលដ៍​ បញ្ឈប់​បុគ្គលិក​ជាង​ ១ ​ពាន់​នាក់​ពី​ការ​ងារ ​ដោយ​បញ្ជាក់​ថា ក្រុមហ៊ុន​ប្រឈម​នឹង​បញ្ហា​ហិរញ្ញ​វត្ថុ។​

ក្រៅពី​កញ្ញា​ ឈឹម ស៊ីថរ​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​តំណាង​សហជីព​ណាហ្កា​វើលដ៍​ចំនួន​ ៩​នាក់ ​ក៏​ត្រូវ​បាន​កាត់​ទោស​ផង​ដែរ។​

បើទោះ​បី​ជា​កញ្ញា ​ឈឹម ស៊ីថរ​ និង​តំណាង​សហជីព​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ក្តី ​ក៏​ក្រុម​កូដករនៅ​តែ​បន្ត​កូដកម្ម​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​ជុំវិញ​ការ​បញ្ឈប់​បុគ្គលិក​ទាំង​នោះ​ រហូត​មក​ដល់​ពេល​នេះ៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG