មីយ៉ាន់ម៉ា​ព្រមាន​កម្មករ​រោងចក្រ​ឲ្យ​ឈប់​ធ្វើ​បាតុកម្ម

  • Steve Herman

Your browser doesn’t support HTML5

នៅ​ក្រៅ​ក្រុង​រ៉ង់ហ្គូន​នៃ​ប្រទេស​ភូមា កម្មករ​រាប់ពាន់​នាក់​បាន​ដើរ​ចេញពី​ការងារ​របស់​ខ្លួន​កាលពី​ដើម​ខែកុម្ភៈ​នេះ ដើម្បី​ជា​ការទាមទារ​តម្លើង​ប្រាក់​ឈ្នួល​របស់​ពួកគេ​ទ្វេ​ដង។

ក្រសួង​ការងារនៃ​ប្រទេស​មីយ៉ាន់ម៉ា ​(ភូមា) ​ព្រមាន​ដល់​កម្មករ​រោងចក្រ​រាប់​ពាន់​នាក់​ថា​បើ​ពួក​គេ​មិន​ចូល​ធ្វើការ​វិញ​ទេ នោះ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​លើ​ពួក​គេ។

ក្នុង​សេចក្តី​ប្រកាស​តាម​ទូរទស្សន៍​ជាតិ ក្រសួង​ការងារ​បាន​ចាត់​ទុក​សកម្មភាព​កម្មករ​ថា​ហិង្សា​ហើយ​ថា​បាន​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ​ ខូច​កេរ្តិ៍ឈ្មោះ​ជាតិ ​និង​អាច​បណ្តេញ​អ្នក​វិនិយោគទុន​បរទេស​ចេញ​ពី​ប្រទេស។

Moh Moh Lwin ​អាយុ ​១៨ឆ្នាំ ​ជា​កម្មករ​របស់​រោងចក្រ​ E-Land ​ដែល​ធ្វើ​បាតុកម្ម។ នាង​ផ្ញើ​ប្រាក់ ​១៥ដុល្លារ ​ទៅ ​២០ដុល្លារ​ឲ្យ​គ្រួសារ​នាង​រាល់​ខែ។

នាង​និយាយ​ថា៖ «រដ្ឋាភិបាល​មិន​គាំទ្រ​យើង​ទាល់​តែ​សោះ។ គេ​ការពារ​ម្ចាស់​ក្រុមហ៊ុន។ មាន​តែ​ប្រជាពលរដ្ឋ​សាមញ្ញ​ដែល​គាំទ្រ​យើង។ ​សូម្បី​តែ​អាជ្ញាធរ​មូលដ្ឋាន​ក៏​គាំទ្រ​ម្ចាស់​ក្រុមហ៊ុន​ដែរ។ យើង​បាន​ឮ​ថា ​ក្រុមហ៊ុន​បាន​សូក​ប៉ាន់​ប៉ូលិស​មូលដ្ឋាន​ឲ្យ​វាយ​ប្រហារ​លើ​យើង‍»។

ក្រោយ​អំពើ​ហិង្សា ​និង​ការ​ចាប់​ខ្លួន ​មាន​កម្មករ​ជា​ច្រើន​បាន​ប្រមូល​ផ្តុំ​គ្នា ​ខ្លះ​ខឹង​សម្បា ខ្លះ​ភ័យ​ខ្លាច ​និង​មាន​មន្ទិល​សង្ស័យ។ កម្មករ​ច្រើន​នាក់​មិន​ចង់​និយាយ​ជាមួយ​នឹង​អ្នក​យក​ព័ត៌មាន​ទេ ​ដោយ​ជឿ​ថា​ពួកគេ​មក​យក​ការណ៍​ឲ្យ​រដ្ឋាភិបាល។

Labor Unrest in Myanmar

នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​ដ៏​ទុ្រឌទ្រោម​នេះ ​ជាទូទៅ​រោងចក្រ​បាន​ផ្តល់​ការងារ​ឲ្យ​ស្ត្រី​ជំទង់ ​ដោយ​ផ្តល់​ប្រាក់​ចំណូល​១ដុល្លារ​កន្លះ​ក្នុង​មួយ​ថ្ងៃ។ ស្រ្តី​ទាំង​នេះ​កំពុង​តែ​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ​ពួក​គេ​ដល់​៣០ដុល្លារ ​ក្នុង​មួយ​ខែ។

របង​ទ្វារ​រោង​ចក្រ E-Land ​បាន​បើក​សារ​ជា​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ ​ប៉ុន្តែ​អ្នក​គ្រប់​គ្រង ​ថា ក្រុមហ៊ុន​នឹង​ពិចារណា​លើ​ការ​ដំឡើង​ប្រាក់​ខែ ​នៅ​ពេល​ដែល​កម្មករ​ត្រឡប់​មក​ធ្វើការ​វិញ។

ប៉ុន្តែ ​សន្តិសុខ​យាម​រោងចក្រ​ថា ​គ្មាន​កម្មករ​ណា​ម្នាក់​មក​ធ្វើការ​ទេ។ ហើយ​អ្នក​តំណាង​ក្រុមហ៊ុន​មិន​មាន​ពេល​និយាយ​ពី​រឿង​នេះ​ទេ។

នៅ​ក្បែរ​តំបន់​ឧស្សាហកម្ម ​Hlaing Tha Yar ​ការ​តវ៉ា​ត្រូវ​បាន​សម្រួល។ កម្មករ​រោងចក្រ​ស្បែក​ជើង​ Tai Yi ​បាន​ទទួល​យក​ប្រាក់​ខែ​៥០ដុល្លារ​ក្នុង​ខែ ​ហើយ​ពួក​គេ​បាន​ចូល​ធ្វើការ​វិញ​កាល​ពី​ថ្ងៃ​អង្គារ​មុន​នេះ។

ក្រោយ​ពេល​នយោបាយ​មីយ៉ាន់ម៉ា​បើក​ចំហរ​ឡើង​វិញ ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​វិនិយោគទុន​បរទេស។ នាង Ma Moe Wai ​កម្មករ​ស្បែក​ជើង​ Tai Yi ​ថា ​ពួក​គេ​នៅ​តែ​ស្វាគមន៍​អ្នក​វិនិយោគ​ទុន ​ឲ្យ​តែ​ពួក​គេ​ទទួល​បាន​សំណង​ស្មើភាព ​និង​សិទ្ធិ​ការងារ។

នាង​ឲ្យ​ដឹង​ថា៖ «កម្មករ​នៅ​ប្រទេស​យើង​រក​ចំណូល​បាន​តិច​តួច​ណាស់ ​យើង​មិន​មាន​ឱកាស​រក​ការងារ​ល្អ​ច្រើន​ទេ។ រោងចក្រ​ភាគ​ច្រើន​ផ្តល់​ប្រាក់​បៀវត្សរ៍​ដូច​គ្នា ​ដោយ​សារ​តែ​រដ្ឋាភិបាល​មិន​ទាន់​បាន​កំណត់​ប្រាក់​បៀវត្សរ៍​អប្បបរិមា‍»។

កាល​ពី​ពីរ​ឆ្នាំ​មុន ​រដ្ឋសភា​មីយ៉ាន់ម៉ា​បាន​អនុម័ត​ច្បាប់​ប្រាក់​បៀវត្សរ៍​អប្បបរិមា។

ប៉ុន្តែ ​ក្រសួង​ការងារ​បាន​ធ្វើការ​យឺត​យ៉ាវ​ក្នុង​ការ​កំណត់​អត្រា​ប្រាក់​បៀវត្សរ៍​នេះ ​ដោយ​និយាយ​ថា ​ខ្លួន​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ជំទាស់​គ្នា​រវាង​ម្ចាស់​ក្រុមហ៊ុន ​និង​កម្មករ៕

ប្រែសម្រួលដោយ ទែន សុខស្រីនិត