ហាងលក់ទំនិញ រោងចក្រ និងធនាគារនានា បានបិទទ្វារនៅក្នុងទីក្រុងរ៉ង់ហ្គូនដែលជាទីក្រុងដ៏សំខាន់ជាងគេរបស់មីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះ ដែលជាផ្នែកមួយនៃការងើបតវ៉ាអំពាវនាវដោយក្រុមសហជីពឲ្យប្រឆាំងមេដឹកនាំយោធា។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ហ្វូងមនុស្សដែលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងរ៉ង់ហ្គូននិងទីក្រុងម៉ាន់ដាឡេដែលជាទីក្រុងធំទី២ និងទីក្រុងជាច្រើនទៀត។ នេះតាមវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Facebook។ ក្រុមបាតុករនៅក្នុងទីក្រុង Dawei ដែលជាទីក្រុងជាប់មាត់សមុទ្រនៅក្នុងតំបន់ខាងត្បូង បានត្រូវការពារដោយសហភាពជាតិការ៉ែនជាក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលបានធ្វើសង្គ្រាមជាយូរណាស់មកហើយជាមួយក្រុមយោធា។
ក្រុមបាតុករបានគ្រវីទង់ដែលធ្វើពីសារ៉ុងនៅក្នុងទីកន្លែងខ្លះ ឬបានដាក់ព្យួរទង់សារ៉ុងនេះ នៅពីលើដងផ្លូវដើម្បីកត់សម្គាល់ទិវានារីអន្តរជាតិ ខណៈដែលប្រកាសប្រឆាំងនឹងយោធា។ ការដើរនៅក្រោមសារ៉ុងរបស់ស្ត្រី ត្រូវបានគេចាត់ទុកតាមប្រពៃណីថា សំណាងអាក្រក់សម្រាប់បុរស ហើយនេះ បានជួយដើម្បីបន្ថយល្បឿនប៉ូលិសនិងទាហាន។
បណ្តាញផ្សាយព័ត៌មានរដ្ឋបានរាយការណ៍ថា កងកម្លាំងសន្តិសុខត្រូវបានពង្រាយនៅតាមមន្ទីរពេទ្យនិងសាកលវិទ្យាល័យ ជាផ្នែកមួយនៃការប្រឹងប្រែងពង្រឹងច្បាប់។
សហជីពយ៉ាងតិចណាស់ក៏៩ ដែរ ដែលគ្របដណ្តប់វិស័យនានារួមទាំងសំណង់ កសិកម្មនិងផលិតកម្ម បានអំពាវនាវឲ្យ«ពលរដ្ឋមីយ៉ាន់ម៉ាទាំងអស់»ឈប់ធ្វើការងារដើម្បីប្រែក្រឡាស់រដ្ឋប្រហារ ហើយនឹងធ្វើឲ្យមានឡើងវិញរដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Aung San Suu Kyi។
សេចក្តីថ្លែងការណ៍របស់សហជីពបានបញ្ជាក់ថា ការអនុញ្ញាតឲ្យបន្តសកម្មភាពពាណិជ្ជកម្មនិងសេដ្ឋកិច្ច នឹងជួយក្រុមយោធា «ខណៈពួកគេបង្ក្រាបកម្លាំងរបស់ពលរដ្ឋមីយ៉ាន់ម៉ា»។
អង្គការសហប្រជាជាតិ បានបញ្ជាក់កាលពីសប្តាហ៍មុនថា ប៉ូលិសនិងយោធាមីយ៉ាន់ម៉ាបានសម្លាប់មនុស្សជាង៥០នាក់ហើយ ដើម្បីបង្ក្រាបបាតុកម្មនិងកូដកម្មជារៀងរាល់ថ្ងៃប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។
Reuters បានរាយការណ៍ថា បាតុករពីរនាក់ត្រូវគេបាញ់ស្លាប់នៅថ្ងៃចន្ទនេះ។ រូបថតនៅតាមបណ្តាញសង្គម Facebook បានបង្ហាញសាកសពបុរស២នាក់ដែលដេកសន្ធឹងនៅតាមផ្លូវនៅក្នុងទីក្រុង Myitkyina ភាគខាងជើងប្រទេស។ អ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែក បាននិយាយប្រាប់ Reuters ថា ពួកគេបានចូលរួមនៅក្នុងការតវ៉ាប្រឆាំងនៅពេលដែលប៉ូលិស បានបាញ់គ្រាប់បែកធ្វើឲ្យងងីងងើនិងឧស្ម័នបង្ហូរទឹកភ្នែក។ បន្ទាប់មកមនុស្សជាច្រើនបានត្រូវគ្រាប់ដែលបាញ់ចេញពីអគារនៅក្បែរនោះ៕