ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថាលោកស្រី Aung San Suu Kyi អតីតមេដឹកនាំដែលជាប់ឃុំឃាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បានសុំឲ្យចៅក្រមកាត់បន្ថយការធ្វើសវនាការនៅតុលាការរបស់លោកស្រីដោយមូលហេតុសុខភាព។ នេះបើតាមមេធាវីរបស់លោកស្រី ក៏ប៉ុន្តែមេធាវីរូបនេះបញ្ជាក់ថាលោកស្រីពុំមានបញ្ហាសុខភាពទេ។
លោកស្រី Suu Kyi ដែលកំពុងត្រូវតុលាការវិនិច្ឆ័យទោសនិងចូលរួមសវនាការតុលាក្នុងរឿងក្តីជាច្រើនចាប់តាំងពីលោកស្រីត្រូវបានទម្លាក់ចេញពីតំណែងនៅក្នុងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈមកបានស្នើសុំថា សវនាការនៅក្នុងរឿងក្តីនីមួយៗត្រូវតែធ្វើឡើងជារៀងរាល់២សប្តាហ៍ម្តង មិនមែនជារៀងរាល់សប្តាហ៍ទេ។ នេះបើតាមសម្តីលោក Khin Maug Zaw ដែលជាមេធាវីរបស់លោកស្រីប្រាប់បណ្តាញព័ត៌មាន។
នៅពេលដែលទីភ្នាក់ងារព័ត៌មាន Reuters សួរអំពីសុខភាពរបស់លោកស្រី លោកបាននិយាយថា លោកស្រីSuu Kyi ដែលមានអាយុ៧៦ឆ្នាំ មានការនឿយហត់ ដោយសារការរវល់ហើយមិនមានរោគសញ្ញានៃជំងឺអ្វីទេ។
លោក Khin Maung Zaw បាននិយាយតាមទូរស័ព្ទថា «លោកស្រីនឿយហត់។ ដោយសារអាយុរបស់លោកស្រី លោកស្រីមិនងាយអង្គុយស្តាប់សវនាការរាល់ថ្ងៃ ពេញមួយសប្តាហ៍ទេ»។
សុខភាពរបស់ជ័យលាភីណូបែលសន្តិភាព ត្រូវបានគេតាមដានយ៉ាងដិតដល់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនៅទីនោះលោកស្រីបានជាប់ឃុំឃាំងអស់ជាច្រើនឆ្នាំដោយសារការប្រឆាំងនឹងពួកមេដឹកនាំយោធា។
លោកស្រីបានរងការចោទប្រកាន់ពីបទល្មើសដដែលៗ រួមមានការរំលោភច្បាប់វីរុសកូរ៉ូណា ការនាំចូលវិទ្យុទាក់ទង Walkie Talkie ២គ្រឿងខុសច្បាប់ ការញុះញង់បណ្តាញឲ្យសាធារណជនភ្ញាក់ផ្អើលនិងការរំលោភច្បាប់សម្ងាត់ផ្លូវការ។
លោកស្រី Suu Kyi បានរងការចោទប្រកាន់នៅក្នុងតុលាការដោយអតីតអ្នកនយោបាយម្នាក់ពីការទទួលសំណូកដ៏ធំមួយនិងមាសជាការចោទប្រកាន់ដែលលោកស្រីកាលពីថ្ងៃចន្ទ បានប្រាប់តុលាការថា ជា«ការមិនសមហេតុផលទាល់តែសោះ»។ នេះបើតាមមេធាវីរបស់លោក ស្រី។
លោកស្រី Suu Kyi កាលពីខែមុនមិនអាចបង្ហាញខ្លួននៅក្នុងសវនាការតុលាការ ដោយបានត្អូញត្អែរថាវិលមុខនិងមានសុខភាពមិនល្អ ដែលក្រុមមេធាវីរបស់លោកស្រី បាននិយាយថាមិនមែនជារោគសញ្ញានៃជំងឺទេ៕